Chelsea ជឿ​ជាក់​ខ្ពស់​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប PSG នៅ​រាត្រីនេះ​

រយៈ​ពេល​ពីរ​ខែ​បាន​កន្លង​ផុត​ទៅ​បើ​គិត​ចាប់​តាំង​ពី​ការ​ចាប់​ឆ្នោត​សម្រាប់​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​​ត្រូវ​បាន​រៀប​ចំ​ឡើង ហើយ​រឿង​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​​ក្នុង​ចន្លោះពេល​នោះ ខណៈ​ដែលក្រុម Paris Saint-Germain ត្រៀម​ជួប​ជា​មួយ​នឹង​ក្រុម Chelsea ក្នុង​ការ​ប្រកួតមួយក្នុង​ចំណោម​ការ​ប្រកួត​ដ៏​សំខាន់​នៅ​រាត្រីនេះ​។

chelseaនៅ​ពេល​ដែលក្រុម​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ឲ្យ​ជួប​គ្នា​​សម្រាប់​រដូវ​កាល​ជា​លើក​ទី​៣​ជាប់​ៗ​គ្នា​ក្នុង​ការ​ចាប់​ឆ្នោត​កាលពី​ខែ​ធ្នូ​​នៅ​ឯ​ទី​ស្នាក់​ការ​របស់ UEFA ​ក្នុង​ប្រទេស​ស្វ៊ីស ក្រុម PSG ហាក់​​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុម​មាន​ប្រៀប​ដាច់​។ ការមានប្រៀប​នោះ​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ក្រុម Chelsea ខណៈ​ដែល​ទម្រង់​លេង​របស់ក្រុម PSG ស្ថិតក្នុងកម្រិត​ដ៏​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ ត្រឹម​តែ​រយៈ​ពេល​បី​ថ្ងៃ​ក្រោយមក លោក Jose Mourinho ត្រូវ​បាន​បណ្តេញ​ចេញ ហើយ​ចាប់​តាំង​ពី​ពេលនោះ​មក​​ក្រុម​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ បាន​ចាប់​ផ្តើម​​វិល​ទៅ​រកភាព​ខ្លាំង​វិញក្រោម​ការ​ដឹកនាំ​របស់​លោក Guus Hiddink​។

ពួកគេ​​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ពាក់​កណ្តាល​តារាង​ផ្នែក​ខាង​ក្រោម​នៃក្រប​ខ័ណ្ឌ Premier League ប៉ុន្តែ ពួក​គេ​មិនស្គាល់​ចាញ់​​សោះ​ចំនួន​១២​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​​រាប់​បញ្ចូល​ទាំង​ការ​ទទួល​ជ័យ​ជម្នះ ៥-១ លើ​ក្រុម Newcastle United កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Diego Costa បាន​រក​គ្រាប់​បាល់​ទី​៨​​របស់​គេក្នុង​ការ​ប្រកួត​នោះ​។ ខ្សែ​បម្រើ Willian បាន​ប្រាប់​​ទូរ​ទស្សន៍ Chelsea ថា៖ «នៅពេល​នេះ​យើង​មាន​ការ​ជឿ​ជាក់​ជាង​មុន​ដើម្បី​ទៅ​កាន់​​ទីនោះ និង​លេង​។ Paris មានក្រុម​ដ៏អស្ចារ្យមួយ កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន ប៉ុន្តែ យើង​នឹង​ទៅ​ទី​នោះ​ដើម្បី​ព្យា​យាម​ឈ្នះ​ការ​ប្រកួតនោះ​»​។ PSG មិន​មែន​ស្ថិតក្នុង​កម្រិត​​លេង​ដ៏​អន់​ឡើយ ខណៈ​ដែលការ​រង​បរា​ជ័យ ១-០ នៅ​លើ​ទឹក​ដីក្រុម Real Madrid ក្នុង​វគ្គ​ចែក​ពូល​គឺ​ជា​ការ​រង​បរា​ជ័យ​តែ​​មួយ​របស់​ពួក​គេ​​ក្នុង​ចំណោម​ការ​ប្រកួត​៣៩​លើកនៅ​រដូវកាលនេះ​​។ ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​​ម៉ោង2:45 ទៀបភ្លឺ​៕

ការ​ជួប​គ្នា​បីលើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

26.07.15 Paris SG 1-1 Chelsea
12.03.15 Chelsea 1-1 Paris SG
18.02.15 Paris SG 1-1 Chelsea