អ.ស.ប.៖ មនុស្ស​ជិត​៥០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​មីស៊ីល​លើ​មន្ទីរពេទ្យ សាលារៀន

អ.ស.ប.៖ មនុស្ស​ជិត​៥០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​មីស៊ីល​លើ​មន្ទីរពេទ្យ សាលារៀន

រូបភាព​នៃ​មន្ទីរពេទ្យ​ដែល​រង​ការខូតខាត​នៅ​ខេត្ត​ Idlib ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ ត្រូវ​​បាន​ផ្តល់​ដោយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ នៅ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

អ.ស.ប. ​បាន​និយាយ​ថា​ជន​ស៊ីវិល​ជិត​៥០​នាក់ ​ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​ផង​ដែរ​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​លើ​អាគារ​ពេទ្យ​និង​សាលា​រៀន​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ី​រី​កាល​ពី​ថ្ងៃ​ច័ន្ទ។​

បើ​តាម​អ្នក​នាំ​ពាក្យ​របស់​លោក​អគ្គលេខាធិការ​អ.ស.ប.​ បាន​គី​មូន​ (Ban Ki-moon) ថា​លោក​បាន​មាន​ប្រសាសន៍​ថា​ «ការវាយ​ប្រហារ​បែប​នេះ​ជា​ការ​រំលោភ​ឥត​លាក់លៀម​លើ​ច្បាប់អន្តរជាតិ»។​

មន្ទីរ​ពេទ្យ​មួយ​មាន​គ្រែ​៣០ ​ចាត់​ចែង​កិច្ច​ការ​ដោយ​អង្គការ​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន ​ត្រូវ​បាន​បំផ្លាញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ចំណែក​ឯ​អគារ​ពេទ្យ​បី​ទៀត​បាន​រង​ការ​ខូចខាត​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។​ ក្រុម​ឧទ្ទាម​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ Assad និយាយ​អះអាង​ថា​ ​ទី​តាំង​ទាំង​នោះ​ត្រូវ​បាន​យក​ធ្វើ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​របបគ្រប់គ្រង​ Assad។

អង្គការ​សប្បុរសធម៌​នេះ​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​លើ​មន្ទីរ​ពេទ្យ​ខ្លួន​ក្នុង​ក្រុង​ Maarat al-Numan នៅ​ក្នុង​ខេត្ត​ Idlib បាន​បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ស្លាប់។​ក្រុម​នេះ​ដែល​មាន​ឈ្មោះ​តាម​អក្សរ​កាត់​ជា​ភាសា​បារាំង​ថា​ MSF បាន​ថ្លែង​ថា​មន្ទីរ​ពេទ្យ​នេះ​បាន​រង​គ្រោះបួន​ដង​នៅ​ក្នុង​ការ​វាយ​ប្រហារ​ពីរ​លើក​ នាំ​ឱ្យ​បុគ្គលិក​យ៉ាង​តិច​ណាស់៨​នាក់​បាត់​ខ្លួន។

លោក Massimiliano Rebaudengo ប្រធាន​បេសកកម្ម​របស់​អង្គការ​ MSF បាន​មាន​ប្រសាសន៍​ថា​ «នេះ​ហាក់​ដូចជា​ការ​វាយ​ប្រហារ​មាន​ការគិត​ទុក​ជា​មុន​លើ​អគារ​សុខាភិបាល​មួយ​ ហើយ​យើង​ថ្កោល​ទោស​ខ្លាំង​បំផុត​ដល់​ការ​វាយ​ប្រហារនេះ»។​

លោក​បាន​ថ្លែង​ទៀត​ថា​ «ការ​បំផ្លាញ​មន្ទីរពេទ្យ​នេះ​បាន​នាំ​ឱ្យ​ប្រជារាស្ត្រ​ក្នុង​មូលដ្ឋាន​ប្រមាណ​៤ម៉ឺន​នាក់​គ្មាន​សេវាសុខភាព​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​សង្គ្រាម»។

ក្រុម​បុគ្គលិក​ពេទ្យ​និង​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១០នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​មណ្ឌល​សម្រាល​កូននិង​ព្យាបាល​កុមារ​ ដែល​បាន​រងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​និង​រ៉ុក្កែត​នៅ​ក្នុង​ក្រុង​ព្រំដែន Azaz៕