វិចារណកថាៈ ការបង្រួបបង្រួមជាតិ និងប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យ មានតម្លៃណាស់ សម្រាប់កម្ពុជា

 ពេលទៅចូលរួម ក្នុងកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យជនរួមជាតិខ្មែរ នៅសហរដ្ឋអាមេរិក ត្រូវចេះរួបរួមសាមគ្គីគ្នា បើ ទោះបីពួកគាត់កាន់គណបក្សនយោបាយផ្សេងគ្នាក៏ដោយ ។ សេចក្តីអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវមជ្ឈដ្ឋាននានា វាយតម្លៃថាស្របទៅ តាមស្ថានភាពជាក់ស្តែង នៃស្ថានការនយោបាយ នៅកម្ពុជា ។ ដោយ ហេតុថា ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ គឺជាប្រការសំខាន់ បំផុតសម្រាប់ ស្ថានភាពនយោបាយនៅកម្ពុជា ដើម្បីស្ថិរភាពនយោបាយ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាពលរដ្ឋ ហើយខ្មែរត្រូវរួមគ្នាជាធ្លុងមួយ ការពារបូរណភាពទឹកដីរបស់ខ្លួន កុំឲ្យបាត់បង់តទៅទៀត។

 សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “បញ្ហាសំខាន់នៅទីនេះធ្វើយ៉ាងណាប្រជាពលរដ្ឋទាំងអស់ ត្រូវចេះ គោរពស្រឡាញ់រាប់អានគ្នា ដូចជាបងប្អូនបង្កើត ធ្វើយ៉ាងណាកុំឲ្យបរទេសគេជេរ ដៀលត្មិះតទៅទៀត ដោយ សារការបង្កជម្លោះបែកបាក់ដ៏យូរលងណាស់មកហើយនោះ។ កម្ពុជាធ្លាប់តែជាប្រទេសមហាអំណាច ឥឡូវបាន ក្លាយទៅជាប្រទេសមួយ ដែលមានផ្ទៃដីស្ទើរតែប៉ុណ្ណបាតដៃ ដោយសារតែការបែកបាក់គ្នា ដោយសារតែខ្មែរ គ្នាឯង ដូចនេះចាប់ពីពេលនេះតទៅ ខ្មែរត្រូវរួមសាមគ្គីគ្នាជាកម្លាំង ដើម្បីខ្មែរគង់វង្សរីកចម្រើន ពោលគឺមិនត្រូវ បង្កជម្លោះជាមួយគ្នា បើទោះបីជានរណាមួយ កាន់បក្សណាក៏ដោយ”។ សម្តេចតេជោ បានបញ្ជាក់ថា បើមាន បាតុកម្មប្រឆាំងនឹងសម្តេចមែន សម្តេចនឹងចុះទៅចាប់ដៃពួកគាត់ ប៉ុន្តែមិនទាន់ឃើញមានបាតុករណាម្នាក់ ចេញមកបិទផ្លូវនៅឡើយ។

 ក្នុងខណៈដែលសម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ គឺគម្រោងបាតុកម្មប្រឆាំង សម្តេចហាក់ដូចជាមិនសូវធំដុំ ដែលលាយឡំជាមួយក្រុមបាតុករមកពី ប្រទេសឡាវ វៀតណាម និងប្រទេសថៃ ដោយក្នុងនោះក្រុមបាតុករ ជនជាតិខ្មែរចន្លោះពី ៥០ ទៅ៦០នាក់។ ចំណែកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បានរក្សាភាពស្ងៀមស្ងាត់គួរឲ្យកត់សម្គាល់ដែរ ដោយមេដឹកនាំគណបក្សប្រឆាំងរូបនេះ ងាកទៅនិយាយរឿងការពារបូរណភាពទឹកដី ដែលជាអាយុជីវិតជាតិខ្មែរ ។  បញ្ហានេះ បានបង្ហាញថា អ្នកនយោបាយខ្មែរកាន់តែមានភាពចាស់ទុំជាងមុន ហើយយល់កាន់តែច្បាស់ អំពីតម្លៃ នៃការបង្រួបបង្រួមជាតិ និងការប្រកួតប្រជែងតាម បែបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ការបង្រួប បង្រួមជាតិ ដើម្បីឲ្យខ្មែរមានកម្លាំងរឹងមាំ សម្រាប់កសាងជាតិឲ្យមានការរីកចម្រើនឆាប់រហ័ស និងការពារ បូរណភាពទឹកដី ឲ្យបានគង់វង្សយូរអង្វែង គឺជាប្រការសំខាន់បំផុត សម្រាប់នយោបាយកម្ពុជា។

 ក្រុមអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា បានលើកឡើងថា ការដែលមានក្រុមបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិក បន្តិចបន្តួច មានន័យថា ជនរួមជាតិខ្មែរយល់កាន់តែច្បាស់អំពីតម្លៃ នៃការបង្រួបបង្រួមជាតិ។ មានន័យថា អ្នកនយោបាយគួរប្រកួតប្រជែងនៅពេលបោះឆ្នោត តាមបែបប្រជាធិប តេយ្យ និងសន្តិវិធី ដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ការដោះស្រាយ ជម្លោះទាំងឡាយដោយសន្តិវិធី រវាងខ្មែរ និងខ្មែរ គឺជាប្រការសំខាន់ណាស់ ដើម្បីស្ថិរភាពនយោបាយ និង សន្តិភាពពិតប្រាកដនៅកម្ពុជា ។ ប្រជាពលរដ្ឋកាន់តែឲ្យតម្លៃខ្ពស់ទៅលើមេដឹកនាំ និងអ្នកនយោបាយ ដែលប្រកាន់យកការបង្រួបបង្រួមជាតិ និងការប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យពិតប្រាកដ។

 មជ្ឈដ្ឋានមួយចំនួន បានវាយតម្លៃថា កម្តៅនយោបាយនៅកម្ពុជា បានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៥ កន្លង ទៅនោះ អាចដោះស្រាយដោយសន្តិវិធី ក្នុងពេលឆាប់ៗខាងមុខជាមិនខាន។ ដោយហេតុថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យជនរួមជាតិខ្មែរ នៅសហរដ្ឋអាមេរិក ត្រូវចេះរួបរួមសាមគ្គីគ្នា ទោះបីអ្នកណាគាំទ្រគណបក្សនយោបាយណាក៏ដោយ ។ ជាងនេះទៅទៀត ការដែលមានក្រុម បាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន តិចតួច គឺជាសក្ខីភាពបង្ហាញថា ទាំងគណបក្សប្រឆាំង និងជនរួមជាតិទូទៅយល់កាន់ តែច្បាស់អំពីតម្លៃ នៃការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ និងការកសាងជាតិឲ្យរីកចម្រើន ប្រកបដោយ ស្ថិរភាពនយោបាយ និងសន្តិភាពពិតប្រាកដ។

ដោយឡែកឥឡូវនេះ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសទៅ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងវិស័យសុខាភិបាល និងវិស័យអប់រំជាដើម។ កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានបង្ហាញកាន់តែច្បាស់អំពីចំណងមិត្តភាពកាន់តែប្រសើរ រវាងអាមេរិក និងកម្ពុជា ហើយសង្ឃឹមថា នៅពេលឆាប់ៗខាងមុខ អាមេរិកទទួលយកផលិតផលពីកម្ពុជាកាន់តែច្រើន ហើយអ្នកវិនិយោគ ទុនអាមេរិក ក៏ចូលមកដាក់ទុននៅកម្ពុជាកាន់តែច្រើនដែរ ។ ជាពិសេសដោយសារកម្ពុជា មានស្ថិរភាពនយោបាយ និងសន្តិភាពពិតប្រាកដ មានលទ្ធិប្រជាធិបតេយ្យរឹងមាំ គឺជាកត្តាសំខាន់បំផុត ដើម្បីទាក់ទាញអ្នកវិនិយោគទុន បរទេស រួមទាំងអ្នកវិនិយោគទុនអាមេរិក ឲ្យមករកស៊ីនៅកម្ពុជាប្រកបដោយទំនុកចិត្ត ។ អ្វីដែលបរទេសកំពុង កត់សម្គាល់នោះ គឺអ្នកនយោបាយកម្ពុជាឲ្យតម្លៃខ្ពស់ ទៅលើការបង្រួបបង្រួមជាតិ និងការប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យ ហើយចេះដោះស្រាយបញ្ហាទាំងឡាយដោយសន្តិវិធី ដើម្បីប្រយោជន៍ជាតិ៕