អាជីវករ​លក់ដូរ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ជំទាស់​ការ​រុះរើ

អាជីវករ​លក់ដូរ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ជំទាស់​ការ​រុះរើ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​តំបន់ឆ្នេរ​អូរ​ឈើទាល ចំណុច​មុខ​ដី​អតីត​ក្រុមហ៊ុន​អា​រី​ស្តុ​ន ឆ្នេរ​មុខ​ព្រះរាជ​ដំណាក់​ចាស់ និង​ឆ្នេរ​អូរ​ត្រេះ ចំនួន​ប្រមាណ​ជិត​១០០​នាក់ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​ជនបរទេស​ជា​ច្រើន​នាក់​ផង​ដែរ បាន​នាំ​គ្នា​ទៅ​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាខេត្ត​ព្រះ​សីហ​នុ ប្រឆាំង​នឹង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ដែល​តម្រូវ​ឲ្យ​ធ្វើការ​រុះរើ​តូប​លក់ដូរ របស់​ពួក​គាត់​ចេញ​ក្នុង​រយៈពេល​៣០​ថ្ងៃជា​កំណត់ ។

ក្រុម​អ្នក​តវ៉ា​កាន់​បដា​មាន​រូបថត​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឈរ​ត្រៀបត្រា ។

ក្នុង​ខ្លឹមសារ ស​ជ​ណ លេខ​០៦៤​ចុះ​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា គណៈ​កម្មាធិកា​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ នឹង​រៀបចំ​កែ​លម្អ អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​គ្រប់គ្រង និង​រក្សា​បរិស្ថាន​ប្រកបដោយ​និរន្ត​ភាព ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​លេខ​០១(​សរណ​ន​)​ចុះ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ស្តី​ពី​ការ​អនុវត្តន៍​តំបន់​សមុទ្រ​កម្ពុជា ។ ដូច្នេះ​រាល់​សំណង់​ទាំងអស់​ដែល​សាងសង់​នៅ​លើ​ដី​ឆ្នេរ​តំបន់​ខាងលើ​ត្រូវ​តែ​ធ្វើការ​រុះរើ​ដោយ​ខ្លូ​ន​ឯង ចាកចេញ​ឲ្យ​អស់​ក្នុង​រយៈពេល​៣០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ ជា​កំណត់​ដោយ​គ្មាន​ការ​តវ៉ា ។

ការ​ប្រកាស​នោះ​បាន​ព្រមាន​ថា ផុតកំណត់​នៃ​ការ​បរិច្ឆេទ​នេះ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​នឹង​ចាត់វិធានការ​ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​នោះ​ឡើយ ។

ស្រី្ត​ឈ្មោះ ងឹ​ម គាថា ជា​អាជីវករ​ម្នាក់​ក្នុង​ចំណោម​អាជីវករ​ជា​ច្រើន​ដែល​មក​ធ្វើការ​តវ៉ា​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​មក​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​នា​ពេល​នេះ គឺ​មាន​សំណូមពរ ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ដល់​ពួក​គាត់​កុំ​ឲ្យ​ពួក​គាត់​រុះរើ​តូប​លក់ដូរ ពីព្រោះ​បើ​ពួក​គាត់​រុះរើ​ចេញពី​ដី​នេះ​ពួក​គាត់​គ្មាន​កន្លែង​ណា​ដែល​អាច​រកស៊ី​លក់ដូរ​បាន​តទៅ​ទៀត​ទេ ហើយ​ជីវភាព​ក្រុម​គ្រួសារ​ពួក​គាត់​ទាំងអស់​ដែល​សព្វថ្ងៃ​ពឹងផ្អែក លើ​ការ​រកស៊ី​លក់ដូរ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​នេះ នឹង​រង​ការ​លំបាក​វេទនា​ជាក់​ជា​មិន​ខាន​ឡើយ​។ ប៉ុន្តែ​ការ​តវ៉ា​នោះ​ដូច​ជា​មិន​ទទួលលទ្ធផល​អ្វី​នោះ​ទេ ពីព្រោះ​ជំហរ​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហាញ​នូវ​ចំណាត់ការ​របស់​ខ្លូ​ន​យ៉ាង​ច្បាស់លាស់ និង​ដាច់ខាត ទោះ​ស្ថិត​នៅ​ក្នុង​ហេតុផល​បែប​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​ធ្វើការ​បោសសម្អាត​សំណង់​នៅ​តាម​ឆ្នេរសមុទ្រ ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ គឺ​អនុវត្តន៍​តាម​ខ្លឹមសារ​សារាចរ​ណែនាំ​លេខ​០១ (​សរណ​ន​) ចុះ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២​ស្តី​ពី​ការ​អនុវត្តន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ។ គណៈកម្មាធិការ​ដែល​ត្រូវ​ចុះ​អនុវត្តន៍​កិច្ចការ​រៀបចំ​ឆ្នេរ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​ដែល​មាន​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម​ជា​ប្រធាន រដ្ឋមន្ត្រី​ក្រ​សូ​ង​ទេសចរណ៍​ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​រដ្ឋមន្ត្រីក្រសួង​បរិ​សា្ថ​ន​ជា​អនុប្រធាន​រួម​និង​មន្ត្រីជាន់ខ្ពស់​ដែល​ជា​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​ជា​សមាជិក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​ឆ្នេរ​នានា ឆ្នេរ​តំបន់​អូរ​ត្រេះ បច្ចុប្បន្ន​នៅ​លើ​ដី​ឆ្នេរ​ទាំងមូល ពោរពេញ​ទៅ​ដោយ​សំណង់​រឹង​មាំ​គ្រប់​ប្រភេទ​និង​ខ្លះ​ម្ចាស់​សំណង់​ជា​ជនបរទេស ខ្លះ​ជា​ជនជាតិ​ខ្មែរ សាងសង់​ជា​ភោជនីយដ្ឋាន ផ្ទះសំណាក់​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​យ៉ាង​អនាធិបតេយ្យ ។ ដូចនេះ​ការ​អនុវត្តន៍​ឱ្យ​រុះរើ​អាជ្ញាធរ​ខេត្ត​អាច​ជួប​បញ្ហា​ច្រើន ។ ចំណែកឯ​ដី​ឆ្នេរសមុទ្រ​តំបន់​អូរ​ឈើទាល​មុខ​អតីត​ក្រុមហ៊ុន​អា​រី​ស្តុ​ន និង​ដី​ឆ្នេរ​នៅ​ខាង​មុខ​ដី​ព្រះរាជ​ដំណាក់​ចាស់ ដូច​ជា​មិន​ពិបាក​ក្នុង​ការ​រុះរើ​អ្វី​នោះ​ទេ ពីព្រោះ​នៅ​លើ​ដី​ឆ្នេរ​ចំណុច​នោះ​មិន​មាន​សំណង់​រឹង​មាំ​ដូច​ជា​ឆ្នេរ​អូរ​ត្រេះ​នោះ​ឡើយ​គឺ​មាន​តែ​សំណង់​ប្រក់​ស្បូវ និង​ប្រក់​តង់​តែ​ប៉ុណ្ណោះ ៕