ដើម​គគីរ​អាយុ​ជាង​១០០​ឆ្នាំ​ត្រូវ​គេ​កាប់​រំលំ​ថា​ធ្វើ​ស្ពាន ទីបំផុត​អារ​ជា​សន្លឹក​លក់​ខ្ទេច

ដើម​គគីរ​អាយុ​ជាង​១០០​ឆ្នាំ​ត្រូវ​គេ​កាប់​រំលំ​ថា​ធ្វើ​ស្ពាន ទីបំផុត​អារ​ជា​សន្លឹក​លក់​ខ្ទេច

ខេត្តស្ទឹងត្រែង ៖ គគីរ​យក្ស​មួយ​ដើម​មាន​អាយុកាល​ជាង​១០០​ឆ្នាំទៅ​ហើយ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត ត្រូវ​មន្ត្រី​ខិលខូច​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់​បំផ្លាញ​យក​ធ្វើ​ជា​ផលប្រយោជន៍​ផ្ទាល់​ខ្លួន បន្ទាប់​ពី​គេ​ប្រាប់​ថា​ឈើ​មួយ​ដើម​នេះ​ត្រូវកា​ប់យក​ទៅ​ធ្វើ​ស្ពាន ។

តាម​ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ដើម​គគីរ​មួយ​ដើម​នេះ​ដុះ​នៅ​ក្នុងភូមិ​ជាប់​នឹង​ដងផ្លូវ កាលពី​ថ្ងៃ​ទី​១៨ មក​រា គាត់​បានឃើញ​កូនក្មួយ​របស់​លោក​មេឃុំ​អន្លង់​ជ្រៃ​ពី​បួន​ទៅ​ប្រាំ​នាក់​មក​កាត់​ផ្តួលរំលំ​ពេល​ម្ចាស់​ដី​ទៅ​សួរនាំ​និង​ហាមឃាត់​មិន​ឱ្យ​កាប់​ដើមឈើ​ដែល​ដុះ​នៅ​លើ​ដី​របស់​គាត់​ក៏​ទទួល​ការ​សម្លុត​គំរាម​ថា ឈើ​នេះ​ដុះ​លើ​ចំណី​ផ្លូវ​វា​ជា​ឈើ​របស់​រដ្ឋ អ្នកឯង​កុំមក​ចេះ​មេឃុំ​ឱ្យមក​អារកាត់​ដើម្បី​យក​ទៅ​ធ្វើ​ស្ពាន​។ តាំងពី​ថ្ងៃ​កាត់​ផ្តួល​នោះ​មករ​ហូត​មក​ដល់​ពេល​នេះ​ដែល​មាន​រយៈពេល​ជិត​មួយ​ខែ​ហើយ ស្រាប់តែ​ដើម​គគីរ​ដ៏​ធំ​នោះ​ត្រូវ​បាន​គេ​លួច​អារច្រៀក​ចេញ​ជា​សន្លឹក​បន្ទះ ធំ​ៗ​ដឹក​ចេញ​ទៅ​តែ​មិនដឹង​ថា​យក​ទៅ​ណា​នោះ​ទេ ។

តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក​មេឃុំ​ព្រំ​យ៉ា​បាន​ប្រាប់​ថា បញ្ហា​ឈើ​គគីរ​នោះ​គាត់​បាន​ប្រជុំ​មន្ត្រី​ក្នុង​ឃុំ​ថា កាប់​យក​មក​ធ្វើ​ស្ពាន​តែ​មិន​ទាន់​ឱ្យ​កាត់ ឬ​អារ​ផ្តួល​ទេ តែ​កូនក្មួយ​គាត់​ក៏​ទៅ​លួច​កាត់​ក្នុង​ពេល​គាត់​មិន​នៅផ្ទះ ហើយ​រហូត​មក​ដល់​ពេល​នេះ​គាត់​ក៏​មិន​បានដឹង​ថា នរណា​ថ្លើមធំ​ហ៊ាន​មក​លួច​អារ​ជា​ក្តារបន្ទះ គាត់​មិន​បានដឹង​សោះ បើ​គាត់​ដឹង​ក៏​មិន​ឱ្យ​ឈ្មួញ​ទាំងនោះ​រួចខ្លួន​ដែរ ។

លោក​ថោ​ង ស្រា​ន់ អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បានឱ្យ​ដឹង​ថា បញ្ហា​ដើម​គគីរ​ធំ​១​ដើម​នោះ​គាត់​បានដឹង​ម្តង​ដែរ​កាលពី​ត្រូវ​គេ​អារ​ផ្តួល​គឺ​ដឹង​តាម​រយៈ​អ្នក​សារព័ត៌មាន រីឯ​លោក​មេឃុំ​នោះ​មិន​បាន​រាយការណ៍​ជូន​គាត់​ទេ​បាន​ត្រឹមតែ​ដឹង​ថា​អារ​ធ្វើ​ស្ពាន​តែ​ប៉ុណ្ណោះ ។ ទោះ​ជាយ៉ា​ង​ណា​ករណី​បាត់​ដើម​គគីរ​ធំ​មួយ​ដើម​នេះ​បានដឹង​ដល់​គណៈ​អភិបាលខេត្ត​ហើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឈើ​គគីរ​ធំ​មួយ​ដើម​នោះ​ដុះ​មិន​ឆ្ងាយ​ពី​ផ្ទះ​លោក​មេឃុំ​ប៉ុន្មាន​ទេ​អាច​លាន់ឮ​សំឡេង​ម៉ា​សី​ន​រោទ៍​ដល់​ត្រចៀក សូ​ម្បី​តែ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​បានឃើញ រីឯ​អាជីវករ​លក់​ម្ហូបអាហារ​និង​គ្រឿងទេស​តាម​ម៉ូតូ​ទៅ​មក​ក៏​បានដឹង​បានឃើញ​គ្រប់​គ្នា តែ​បែរជា​លោក​មេឃុំ​ថា មិន​បានដឹង​មិន​បានឃើញ​ទៅ​វិញ​គួរ​ឱ្យ​សង្ស័យ​ណាស់ ។ តាម​ការ​ប៉ាន់​ឈើ​ដែល​ធំ​សម្បើម​បែប​នេះ​មួយ​បន្ទះ​អាច​មាន​តម្លៃ​ពី​៨០០​ទៅ​១០០០​ដុល្លារ ឯណោះ ។

បន្ទាប់​ពី​ដើម​គគីរ​យក្ស​មួយ​ដើម​ដែល​ត្រូវ​គេ​អារកាត់​ច្រៀក​ដឹក​ទៅ​បាត់​នោះ កំពុង​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់​ដើមឈើ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ដើមឈើ​ធំ​ៗ​ជា​ច្រើន​ទៀត​ដែល​ដុះ​នៅ​លើ​ដី​ពួក​គាត់់ ខ្លាច​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លួច​កាត់​យក​ទៅ​បាត់​ទៀត ៕