វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ប្លន់​ម៉ូតូ​អ្នក​ភូមិ​ជិះ​គេចខ្លួន ឈាម​ស្រែក​ស្បែក​ហៅ ៥​ថ្ងៃក្រោយ​ចាប់​បាន​នៅ​កំពង់ចាម

វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ប្លន់​ម៉ូតូ​អ្នក​ភូមិ​ជិះ​គេចខ្លួន ឈាម​ស្រែក​ស្បែក​ហៅ ៥​ថ្ងៃក្រោយ​ចាប់​បាន​នៅ​កំពង់ចាម

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តព្រៃវែង សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តកំពង់ចាម តាម​ប្រមាញ់​រហូត​ចាប់ខ្លួន​បាន បន្ទាប់​ពី​បុរស​នេះ​វាយ​ប្រពន្ធ​ស្លាប់ ហើយ​ប្លន់​ម៉ូតូ​អ្នកស្រុក​ជិះ​រត់គេច​ខ្លួន​អស់​រយៈពេល​៥​ថ្ងៃ ។

បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ឈ្មោះ ស៊ឹង គឹ​ម​ស័​រ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ឯក សេង សុ​ភ័ក្ត្រ ស្នងការ​រង​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ ជន​ឈ្មោះ ស៊ឹង គឹ​ម​ស័​រ បាន​ប្រើ​អង្រែ​បុក​គ្រឿង វាយ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ងួ​ន សា​ម៉ុ​ន អាយុ​៤៦​ឆ្នាំ រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុងផ្ទះ​នៅ​ភូមិ​អំពិល​ក្រៅ ដោយសារ​តែ​ទំនាស់​ពាក្យ​សំដី​ដែល​កើតឡើង​ដោយសារ​រឿង​ប្រចណ្ឌ ។

ក្រោយ​ពី​វាយ​សម្លាប់​ប្រពន្ធ​ហើយ ជន​នេះ​បាន​រត់​ចេញពីផ្ទះ​ក្នុង​បំណង​រត់គេច​ខ្លួន​កុំឱ្យ​សមត្ថកិច្ច​ចាប់ ហើយ​ពេល​មក​ដល់​ផ្លូវ​ធំ​ក៏​បាន​ហៅ​ម៉ូតូ​របស់​ឈ្មោះ ញ៉ា​ញ់ កញ្ញា (​ម៉ូតូឌុប​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជិះ ដោយ​ប្រាប់​ឲ្យ​ជូន​ទៅ​ផ្ទះ​មិត្តភក្តិ ។ ប៉ុន្តែ​ជិះ​បាន​តែ​ប៉ុន្មាន​ម៉ែត្រ ជនសង្ស័យ​ក៏​ប្រើ​អង្រែ​បុក​គ្រឿង​វាយ​ឈ្មោះ ញ៉ា​ញ់ កញ្ញា ទៀត​បណ្តាល​ឱ្យ​រង​របួស រួច​ប្លន់​យក​ម៉ូតូ​គុប​ជ្រុង​សេ​៧០ ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

លោក សេង សុ​ភ័ក្ត្រ បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​អំពើ​ឃាតកម្ម​កើតឡើង សមត្ថកិច្ច​បាន​ចុះ​ទៅ​អង្កេត​ស្រាវជ្រាវ​ដល់​ផ្ទះ​កើតហេតុ ហើយ​គួប​ផ្សំ​នឹង​ការ​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ញ៉ា​ញ់ កញ្ញា ផង​នោះ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​កាន់តែ​ច្បាស់ ។ បន្ទាប់​មក ក៏​បាន​ដាក់​កម្លាំង​ដេញ​តាម​ប្រមាញ់​រហូត​ទទួល​បាន​ព័ត៌មាន​ថា ជនសង្ស័យ​បាន​ឆ្លង​ចូល​ដល់​ទឹកដី​ខេត្តកំពង់ចាម​ហើយ ។ ពេល​នោះ​លោកស្នងការ​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តកំពង់ចាម តាម​ប្រម​មា​ញ់​ជនសង្ស័យ​អស់​រយៈពេល​៥​ថ្ងៃ គឺ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ទើប​កម្លាំង​នគរបាល​ស្រុក​ព្រៃឈើ​ចាប់ខ្លួន​ជនសង្ស័យ​បាន រួម​ជាមួយនឹង​ម៉ូតូ​១​គ្រឿង ហើយ​ក៏​បាន​ប្រគល់​ជនសង្ស័យ មក​ឲ្យ​សមត្ថកិច្ច​ខេត្តព្រៃវែង ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​នៅ​ថ្ងៃ​ដដែល​នោះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ស៊ឹង គឹ​ម​ស័​រ ត្រូវ​ប្រឈម​ជាមួយនឹង​បទចោទប្រកាន់​ចំនួន​២​ករណី គឺ​ករណី​ឃាតកម្ម​វាយ​សម្លាប់​ប្រពន្ធ និង​ករណី​ប្លន់​ម៉ូតូ ដូច្នេះ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​ណាស់ ៕