Liverpool ព្រមព្រៀង​ទិញ​យក​ខ្សែ​ការពារ Joel Matip ពី Schalke


Liverpool ព្រមព្រៀង​ទិញ​យក​ខ្សែ​ការពារ Joel Matip ពី Schalke

ក្លឹប Liverpool បាន​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ Joel Matip របស់ Schalke នៅ​ចុង​បញ្ចប់​រដូវកាល​នេះ។

 

Liverpool ព្រមព្រៀង​ទិញ​យក​ខ្សែ​ការពារ Joel Matip ពី SchalkeLiverpool ព្រមព្រៀង​ទិញ​យក​ខ្សែ​ការពារ Joel Matip ពី Schalke

 

Matip នឹង​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Merseyside ចាប់​ពី​រដូវកាល​ថ្មី​ ដោយ​មិនមាន​តម្លៃ​ខ្លួន (Free Transfer) បន្ទាប់​ពី​កុងត្រា​ជាមួយ​ក្លឹប​អាល្លឺម៉ង់​ត្រូវ​អស់​សុពលភាព។ បើ​យោង​តាមប្រភពព័ត៌មាន​ កីឡាករ​វ័យ​២៤​ឆ្នាំ នឹង​ចុះ​កុងត្រា​ជាមួយ Liverpool រយៈ​ពេល​៤ឆ្នាំ។

 

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ Schalke កាល​ពី​យប់មិញ​បាន​បញ្ជាក់​ថា​ក្លឹប​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Matip ឲ្យ​បន្ត​កុងត្រា​ថ្មី។ កីឡាករ​សញ្ជាតិ​ដើម​កាមេរ៉ូន កើត​នៅ​អាល្លឺម៉ង់​បាន​ប្រាប់​គេហទំព័រ​របស់​ក្លឹប​ថា៖ “ការ​ចាក​ចេញ​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​មូលហេតុ​តែ​មួយ​គត់​គឺខ្ញុំចង់​ទទួល​បទ​ពិសោធន៍​ថ្មី។ការ​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ក្របខ័ណ្ឌ​តែ​មួយ​ជាមួយ Schalke ( Bundesliga) មិន​ស្ថិត​នៅ​ក្នុង​ការ​ពិចារណារបស់​ខ្ញុំ​នោះ​ទេ ហើយ​ទោះ​ជា​ការ​សម្រេច​ចិត្ត​លើក​នេះ​វា​ពិបាក តែ​ខ្ញុំ​ជឿ​ថា​វា​គឺជា​ជំហាន​មួយ​ដ៏​ត្រឹមត្រូវ​ក្នុងអាជីព។”

 

ក្រៅពី Liverpool ក៏​មាន Newcastle មួយ​ទៀត​ដែរ​ធ្លាប់​តាម​ទិញ​ខ្សែ​ការពារ​ស្បែក​ខ្មៅ​រូប​នេះ ​តែ​យ៉ាងណា​មិញ Matip រើស​យក Anfield ជា​ទី​ស្នាក់​អាស្រ័យ​បន្ទាប់​របស់​ខ្លួន។ Matip គឺជា​កីឡាករ​ទី២ ហើយ ដែល​លោក Jurgen Klopp ទិញ​បាន​ក្នុង​នាម​ជា​អ្នកចាត់ការ Liverpool បន្ទាប់​ពី​ទិញ​ខ្សែ​បម្រើ Marko Grujic ក្នុង​តម្លៃ​ជាង​៧​លាន​ដុល្លារ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Daily Mail