ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​​តាម​​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​បាន​​ឱ្យ​ដឹង​​ថា ​ខណៈ​ពេល​នេះ​បុគ្គលិក​​​ជាង​១០០នាក់ របស់​​ក្រុម​ហ៊ុន​​គូវ៉ាហារ៉ា​​​ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​​​​ការ​នាំ​ចេញ​ផលិត​ផល​​​​ទៅ​ក្រៅ​​ប្រទេស ​ដែល​មាន​ទីតាំង​នៅ​​​ក្នុង​សណ្ឋា​គារ​កាំបូឌីយ៉ាណា ​មិន​ព្រម​ចូល​ធ្វើ​ការ​​​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​​​​​កូដ​កម្ម​​តវ៉ា​​​ជា​មួយ​ថៅ​កែ​ក្រុម​ហ៊ុន​​ដើម្បី​ទាម​ទារ​​លក្ខខណ្ឌ​ការ​ងារ​​ចំនួន​៥ចំណុច​ ​​​​​​ក្នុង​​ចំណុច​ទាំង​៥​នេះ​​​ ក៏​​មាន​ការ​ទាម​ទារ​ឱ្យ​ថៅ​កែ​ក្រុមហ៊ុន​ដក​​ប្រធាន​រដ្ឋ​បាល​​ម្នាក់​ចេញ​​ផង​ដែរ ។​

​​ប្រភព​បាន​បន្ត​ថា ​​​រហូត​មក​ដល់​ម៉ោង​​ជាង​៩ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ ​ក្រុម​បុគ្គលិក​ទាំង​អស់​​ខាង​លើ​​​មិន​ព្រម​ចូល​ធ្វើ​ការ​​ដោយ​នាំ​គ្នា​អង្គុយ​​​​តវ៉ា​នៅ​​លើ​សួន​ច្បារ​មុខ​សណ្ឋា​គារ​​កាំបូឌីយ៉ាណា ​​តាម​បណ្តោយ​មហា​វិថី​​ព្រះ​ស៊ីសុវត្ថិ​​ ស្ថិត​​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ។

សូម​បញ្ជាក់​ថា ​ការ​​​ធ្វើ​កូដ​កម្ម​​តវ៉ា​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​ទាំង​៥ចំណុច​​​​ពី​ថៅ​កែ​ក្រុម​ហ៊ុន​ខាង​លើនេះ ជា​លើក​ទី​៣ហើយ ៕