​ប៊ិះ​ផ្ទុះ​អំពើហិង្សា ពេល​កសិករ​កាយ​ទំនប់ នាំ​ទឹក​ពី​អូរ​ព្រំដែនទៅ​ស្រោច​ស្រូវ​

បន្ទាយមានជ័យ: មានការ​គំរាមកំហែង ប្រមាថ​គ្នា ប៊ិះ​ផ្ទុះ​អំពើហិង្សា ពេល​កសិករ​ខ្មែរ ដែល​ធ្វើស្រែ​ប្រាំង និង​បុគ្គលិក​ជនជាតិ​ចិន នាំ​ឧទ្យាន​កសិកម្ម​គំរូ បាននាំគ្នា​កាប់​កាយ​ទំនប់​មួយ ដើម្បី​នាំ​ទឹក​ពី​អូរ​ព្រំដែនកម្ពុជា​-​ថៃ យកទៅ​ស្រោចស្រពសង្គ្រោះ​ស្រូវប្រាំង និង​ដំណាំ​រាប់សិប​ហិកតា ព្រោះ​ប្រឈម​ស្វិត​ស្រពោន​។​
    
​លោក​ហុន​, លោក​ភោគ តំណាង​កសិករ នៅ​ភូមិ​សន្តិភាព និង​លោក​យ៉ាង វ៉ី​ហ្គោ​, លោក​ស្សាង ហ្គូ​យ៉ាង ជនជាតិ​ចិន ជា​អ្នកបច្ចេកទេស និង​គ្រប់គ្រង​នៃ​ឧទ្យាន​កសិកម្ម​គំរូ មិត្តភាព​យូ​ណាន (​ចិន​) - បន្ទាយមានជ័យ (​កម្ពុជា​) នៅ​ចំណុច​អូរ​ល្ហុង និង​ចំណុច​បឹង​ក្របៅ ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បានអោយដឹង កាលពី​ថ្ងៃទី​១៤​កុម្ភ​:​ថា​: ដោយសារ​វាលស្រែ​ប្រាំង ស្រូវ​អ៊ី​អ៊ែរ ចុងក្រោយ​របស់​ពួកខ្លួន ទំហំ​ជាង ៥០ ហិកតា និង​ដីស្រែ​បង្ហាញ ទំហំ ៨ ហិកតា​, ដំណាំ ២​ហិកតា ក្នុង​ឧទ្យាន​ប្រឈម អស់​ទឹក ទើប​ពួកខ្លួន​សុំ​អន្តរាគមន៍ ពី​លោក​អភិបាល អភិបាលរង​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​បើក​កាប់​កាយ ទំនប់​មួយ បង្ហូរ​នាំ​ទឹក មាន​ក្លិនស្អុយ នៅ​អូរ​ព្រំដែន កម្ពុជា​-​ថៃ ទៅ​ស្រោចស្រព សង្គ្រោះ​ស្រូវប្រាំង និង​ដំណាំ​ចុងក្រោយ​របស់​ពួកខ្លួន​។​
    
​ពួកគេ​និយាយ​បន្តថា​: ពេល​ពួកខ្លួន ទៅ​កាយ​ផ្តាច់​ទំនប់ នៅ​ចំណុច​អូរ​ល្ហុង ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​នោះ ក៏​កើតជា​ទំនាស់​ចម្រូងចម្រាស ប្រទូស្ត​រាយ​នឹង​លោក​ឌឹ​ក (​ជនជាតិ​វៀតណាម និយាយ​ខ្មែរ​ប៉ៃឡាំៗ​) ជា​តំណាង​ក្រុមហ៊ុន អាន​កូ របស់លោក​ឧកញ៉ា កុក អាន និង​កម្លាំង​សន្តិសុខ កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​, កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​, កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​និមិត្ត ដែល​មករា​រាំង ហាមឃាត់ គំរាមកំហែង ព្រមាន និង​ប្រមាថ​វាយខ្នោះ វាយ​ញាត់​ឡាន​ដាក់គុក លើ​លោក​ហុន​, លោក​ភោគ​, លោក​ភុំ ជិន​រ៉ា មេធាវី នៃ​ក្រុមហ៊ុន លី អ៊ុត​នី អ៊ី​ម​ផត​អិ​ច​ផត​។​

​ករណីនេះ លោក​ឌឹ​ក តំណាង​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធឺ​ស័​ប​ប្លាយ​, លោក​ឆៃ យ៉ា មេ​សន្តិសុខ​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន បាន​និយាយថា​: ពួកខ្លួន​ស្ទើរ​អត់ទ្រាំ​មិនបាន ព្រោះ​អ្នក​ទាំងនោះ  ពុំបាន​ស្នើ​សហការ​សុំ​ក្រុមហ៊ុន ដើម្បី​កាយ​ទំនប់​បើកទឹក​អូរ​ព្រំដែន​នោះឡើយ​។ ត្បិត​ទំនប់​និង​ផ្លូវ​នោះ ក្រុមហ៊ុន​ជា​អ្នក​ទប់ ដើម្បី​បញ្ចាល់ទឹក​រដូវវស្សា បញ្ចូល​អាងទឹក​អូ​ខៃ​ដន​ផង និង​រក្សា​ទឹក​បម្រុង​ទុក​បម្រុង​បន្ថែម ដើម្បី​ផលិត​ទឺ​ក​ស្អាត​ផ្គត់​ផ្គង​ពលរដ្ឋ ជាង ៧ ម៉ឺន​នាក់ នៅ​ក្រុង​ប៉ោយប៉ែត​ផង​។  ខ្លួន​ព្រមាន​វាយខ្នោះ​ដាក់គុក លើ​មេគំនិត​នៃ​កសិករ​នោះ​មែន ព្រោះតែ​ពួកគេ​បាន​នាំ​មនុស្ស​មក​កាយ​ទំនប់ទឹក ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខំ​ទប់​រក្សា​ទឹក​បម្រុង និង​មួយទៀត មកពី​បាន​ដៀល​ត្មិះ​ជេរប្រមាថ​។​
​    ​
​លោក​ខាត់ ធា មន្ត្រី​សាខា​ក្រុង​ប៉ោយប៉ែត ត្រូវ​លោក​អភិបាលក្រុង ចុះទៅ​សម្របសម្រួល​រឿង​ប្រទូស្ត​រាយ​នេះ​។ តែ​លោក​និយាយ​ការពារ​ខ្លួន​ថា លោក​មកជា​លក្ខណ​:​គ្រួសារ ពុំមែន​មកជា​មន្ត្រី​អាជ្ញាធរ​ទេ ព្រោះ​ចំណុច​កើត​ទំនាស់ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​សន្តិភាព ស្រុក​ម៉ាឡៃ តែ​ពលរដ្ឋ​ត្រូវ​គ្រប់គ្រង ដោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​។​
​    ​
​ភាគី​ទាំងសងខាង បាន​និយាយ​តឹង​ស​សៃ​-​ក ហើយ​គំរាម​គ្នា​ទៅវិញទៅមក​។ ខាង​ភាគី​កសិករ បាន​រិះគន់​ម្តងទៀត​ដល់​ក្រុមហ៊ុន​អាន​កូ​ថា មានបំណង​ធ្វើអោយ​កសិករ ជួប​បញ្ហា​រឿង​ទឹក រៀងរហូត ដូចជា​រដូវវស្សា ត្រូវ​ទឹក​ជន់​លិច ឯ​រដូវប្រាំង​ធ្វើអោយ​អត់​ទឹក​។ បច្ច័យ​អាក្រក់​ដូច្នេះ នាំអោយ​កសិករ អស់​សង្ឃឹមលើ​ការធ្វើ​ស្រែ ហើយ​បង្ខំចិត្ត​លក់​ដីស្រែ​តម្លៃថោកៗ ទៅ​អ្នករត់​ការអោយ​ក្រុមហ៊ុន​។​
​    ​
​តែ​តំណាង​ក្រុមហ៊ុន​អាន​កូ បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​
​    ​
​តម​ក ភាគី​ទាំងពីរ បាន​ចុះ​ពិនិត្យ ពោះ​អូរ​ពី​ចំណុច​កាយ​ទំនប់ បើកទឹក​ដល់​ចំណុច​វាលស្រែ និង​ឧទ្យាន​កសិកម្ម ដើម្បី​ប៉ាន់ប្រមាណ​ថា ត្រូវ​បើក​បង្ហូរទឹក​រយ​:​ពេល​ប៉ុន្មាន ដើម្បី​ស្រោចស្រព​អោយ​ស្រូវ អាច​ចេញ​ផ្លែ​និង​ទុំ មិន​ស្កក​ស្វិត​។​
​    ​
​ភាគី​ទាំង​២ ទំនងជា​ឯកភាពគ្នា ដោយ​បង្ហូរទឹក​អោយ​ល្មម​គ្រប់គ្រាន់ ដើម្បី​សង្គ្រោះ​ស្រូវ និង​ដំណាំ តែ​ត្រូវ​កំណត់​រយ​:​ពេល​ថា ២​ឬ​៣​ថ្ងៃ យប់​ដែរ ដើម្បី​កុំ​អោយប្រើ​ទឹក​ខ្ជះខ្ជាយ និង​អស់​ទឹក​ពី​អូរ​ព្រំដែន ដែលជា​ទឹក​បម្រុង​ទុក​នោះដែរ​។​
​    ​
​សូម​រំលឹកថា បើ​យោង​បទសម្ភាសន៍ លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត និង​ការអះអាង​របស់​តំណាង​ក្រុមហ៊ុន​អាន​កូ វ៉​ត​ធឺ​ស័​ប​ប្លាយ​កន្លងមក គឺ​ទឹក​អាង​អូរ​ខៃ​ដន នៅ​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ដែល​ស្តុក​ទុក​សម្រាប់​ផលិត​ទឹកស្អាត គឺ​ឆ្នាំ​២០១៦​នេះ មាន​បរិមាណ​គ្រប់គ្រាន់ សម្រាប់​ធានា​ផ្គត់ផ្គង់​អ្នកប្រើប្រាស់​ក្នុង​ក្រុង​ប៉ោយប៉ែត ។ នេះ​ក៏​រាប់​ប​ញ្ជូ​ល​ទាំង​អតិថិជន​ថ្មី ទើប​ត​ភ្ជាប់​បណ្ដាញទឹក​ថ្មី រាប់រយ​ពាន់​គ្រួសារ​ផងដែរ​។ ដូច្នេះ​ទោះ មិនបាច់​ប្រើ​ទឹកអូរ​បម្រុង​ទុក ក៏​គ្រប់គ្រាន់​ដែរ​៕V/S

​ប៊ិះ​ផ្ទុះ​អំពើហិង្សា ពេល​កសិករ​កាយ​ទំនប់ នាំ​ទឹក​ពី​អូរ​ព្រំដែនទៅ​ស្រោច​ស្រូវ​

​ប៊ិះ​ផ្ទុះ​អំពើហិង្សា ពេល​កសិករ​កាយ​ទំនប់ នាំ​ទឹក​ពី​អូរ​ព្រំដែនទៅ​ស្រោច​ស្រូវ​

​ប៊ិះ​ផ្ទុះ​អំពើហិង្សា ពេល​កសិករ​កាយ​ទំនប់ នាំ​ទឹក​ពី​អូរ​ព្រំដែនទៅ​ស្រោច​ស្រូវ​

​ប៊ិះ​ផ្ទុះ​អំពើហិង្សា ពេល​កសិករ​កាយ​ទំនប់ នាំ​ទឹក​ពី​អូរ​ព្រំដែនទៅ​ស្រោច​ស្រូវ​

​ប៊ិះ​ផ្ទុះ​អំពើហិង្សា ពេល​កសិករ​កាយ​ទំនប់ នាំ​ទឹក​ពី​អូរ​ព្រំដែនទៅ​ស្រោច​ស្រូវ​