ជនសង្ស័យ​២​នាក់ ប្រើ​អំពើហិង្សា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​

បន្ទាយមានជ័យ: ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ ចាប់​ឃាត់ខ្លួន កាល​វេលា​ម៉ោង ៩ យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទ​ប្រើ​អំពើហិង្សា បង្ក​ឲ្យ​ជនរងគ្រោះ​មាន​របួសស្នាម នៅក្នុង​វង់​ផឹកស៊ី​ជាមួយគ្នា​។​

​លោក ម៉ែន ភិរម្យ មេបញ្ជាការ រង​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង កាល​ថ្ងៃទី​១៥ ខែកុម្ភៈ​ថាៈ ជនសង្ស័យ​២​នាក់ នោះ ឈ្មោះ ហោ កា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ​តុ​ប ផេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។​
            
​លោក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​និយាយថា មុនពេល​កើតហេតុ នៅវេលា​ម៉ោង ៩ យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦  ជនរងគ្រោះ និង​ជនបង្ក បាននាំគ្នា​ផឹកស៊ី   នៅក្នុង​ផ្ទះ​លក់​គ្រឿងសំណង់ គង់​គឹម​ទី ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឺ​ក​ថ្លា ក្រុង​សិរីសោភ័ណ ដោយមាន​គ្នា​ចំនួន​៥​នាក់ ក្នុងនោះ​មាន​មនុស្ស​ចាស់​ម្នាក់​ផង​។​
          
​លោក ម៉ែន ភិរម្យ បានបញ្ជាក់​ទៀតថាៈ ក្រោយពេល​បាន​ផឹកស៊ី យ៉ាង​សប្បាយ ហើយ​មនុស្ស​ចាស់​ម្នាក់ ក្នុង​វង់​ផឹកស៊ី​នោះ បាន​ឲ្យ​ជនល្មើស ចាក់​ស្រា​ឲ្យ​ផឹក​។ ពេលនោះ ជនល្មើស បាន​និយាយថា អញ មិន​ចាក់​ឲ្យ​អាឯង​ផឹក​ទេ​។ ស្របពេលនោះ ជនរងគ្រោះ បាន​និយាយ​ទៅកាន់​ជនល្មើស​ថា អាឯង​ម្តេច​ហៅ​គាត់ អា អញ្ចឹង ព្រោះ​គាត់​អាចបង្កើត​ក្បាល​អាឯង​បាន​។ ពេលនោះ ជនបង្ក​ខឹង​យ៉ាងខ្លាំង ក៏​ហក់​ទៅ​ដាល់​ជនរងគ្រោះ យ៉ាង​សាហាវ​។ ពេលនោះ ជនល្មើស​ម្នាក់ទៀត បាន​ហក់​ទៅ​ជួយ​វាយ ជនរងគ្រោះ​បន្ថែមទៀត ធ្វើ​ឲ្យ​ជនរងគ្រោះ តដៃ​មិនបាន ត្រូវរបួស​ពេញ​ខ្លួនប្រាណ ស្ទើរ​សន្លប់ នៅនឹងកន្លែង​កើតហេតុ​។ ពេលនោះ ត្រូវបាន​ម្ចាស់ផ្ទះ ដឹក​ទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​។ ពេល​ជនរងគ្រោះ​ដឹងខ្លួន ក៏​មក​ដាក់​ពាក្យបណ្តឹង នៅ​កងរាជអាវុធហត្ថ​តែម្តង​។ ក្រោយពី​កើតហេតុ​រួច ជនល្មើស បាន​គេចខ្លួនបាត់​។​
                
​លោក​ម៉ែន ភិរម្យ បាន​បន្តថាៈ ក្រុម​សមត្ថកិច្ច បាន​ចុះ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនល្មើស បាន​នៅវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួច​យកមក​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​។​
          
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ទាំង​២​នាក់ ពិតជា​បាន​វាយ​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយ​ជនរងគ្រោះ វាយ​ទៅលើ​បក្ខពួក​ខ្លួន​មុន​។​
      
​ជនសង្ស័យ​ទាំង​២​នាក់ ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស ទៅតាម​ផ្លូវច្បាប់​៕V/S

ជនសង្ស័យ​២​នាក់ ប្រើ​អំពើហិង្សា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​