ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ម្ចាស់​អាជីវកម្ម​គ្រប់​រូប​តែង​ចង់ឱ្យ​អាជីវកម្ម​របស់​ខ្លួន​ដំណើរការ​ទៅ​បាន​ល្អ ប៉ុន្តែ​ហេតុ​អ្វី​បានជា​ការ​ធ្វើ​ល្អ​បែប​ណា ក៏​អាជីវកម្ម​នោះ​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន ហើយ​តែងតែ​ទ​ទទួល​បរាជ័យ ។ យើង​ក្រឡេក​មក​មើល​ហេតុផល​១១​យ៉ាង​ខាងក្រោម​នេះ អាច​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ជួបនឹង​ការ​បរាជ័យ ៖

១-​គោលដៅ​មិន​ច្បាស់លាស់ ៖
មិន​បាន​កំណត់​បេសកកម្ម និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ត្រូវការ​អ្វី ហើយ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ដល់​ចំណុច​នោះ ។

២-​កង្វះ​នៃ​ការ​ធ្វើ​ផែនការ ៖
ការ​ធ្វើ​ផែនការ និង​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ គឺជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន មិន​ថា​អាជីវកម្ម​នោះ​តូច​កម្រិត​ណា ចូរ​កំណត់​ផែនការ​យ៉ាងតិច​១​ឆ្នាំ​ម្តង​, ត្រូវ​រំលឹក​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ និង​គោលដៅ​របស់​ក្រុមហ៊ុន ដើម្បី​ឱ្យ​មាន​ទំនុកចិត្ត​ថា ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​នោះ គឺ​ត្រឹមត្រូវ​ហើយ ។

៣-​មិន​បាន​សរសេរ​គោលដៅ ៖
គោលដៅ គឺជា​គន្លឹះ​សំខាន់​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ ។ អ្នក​ត្រូវ​សរសេរ​វា​ចេញ​មក និង​កំណត់​មនុស្ស​សម្រាប់​ទទួលខុសត្រូវ​ក្នុង​គោលដៅ​គោលដៅ​នីមួយ​ៗ ជាមួយនឹង​ពេលវេលា​ដែល​ច្បាស់លាស់ ។ ប្រសិនបើ​មិន​សរសេរ​នៅ​ពេល​នេះ​ទេ ឱកាស​ដើម្បី​ទៅ​ដល់​គោលដៅ​នោះ គឺ​នឹង​ជួប​ការ​លំបាក ។

៤-​កង្វះខាត​ថវិកា ៖
ដើម្បី​ឱ្យ​មាន​ទំនុកចិត្ត​ក្នុង​រឿង​សាច់ប្រាក់ គួរតែ​កំណត់​ថវិកា​ទុក​រយៈពេល​១​ឆ្នាំ ។ អ្នក​អាច​វា​ជា​ទុន​សម្រាប់​ដំណើរការ​នូវ​យុទ្ធសាស្ត្រ​ផ្សេង​ៗ ដែល​បាន​កំណត់​ក្នុង​ផែនការ​យ៉ាង​រលូន ។

៥-​បុគ្គលិក​មិន​មាន​សក្តានុពល​គ្រប់គ្រាន់ ៖
ប្រសិនបើ​ក្នុង​ក្រុមហ៊ុន​គ្មាន​បុគ្គលិក​ដែល​អាច​ទទួលខុសត្រូវ​លើ​ការងារ​ដែល​បាន​កំណត់​ក្នុង​ផែនការ ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ​តាម​គោលដៅ​បាន​ទេ គួរតែ​ប្រញាប់​អភិវឌ្ឍន៍​ប្រសិទ្ធភាព​ការងារ​របស់​ពួក​គេ ឬ​ក៏​ជ្រើសរើស​អ្នក​ថ្មី​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​អាច​ដឹកនាំ​អាជីវកម្ម​ទៅ​ដល់​គោលដៅ​បាន ។

៦-​មិន​បាន​តាមដាន​ការ​ប្រែប្រួល​នៃ​ទីផ្សារ ៖
ទីផ្សារ​របស់​អាជីវកម្ម​មានការ​ផ្លាស់​ប្តូរ​ឆាប់រហ័ស ដូច្នេះ អ្នក​ត្រូវ​ឃ្លាំមើល​ព្រឹត្តិការណ៍​ផ្សេង​ៗ​ឱ្យ​បាន​ដិត​ដល់​បំផុត ។

៧-​មិន​ស្វែង​យល់​ពី​តម្រូវការ​របស់​អតិថិជន ៖
ត្រូវ​មាន​ពេលវេលា​ដើម្បី​សិក្សា​ពី​តម្រូវការ​អតិថិជន​ថា តើ​ពួក​គេ​ពេញចិត្ត​នឹង​ផលិតផល ព្រមទាំង​សេវាកម្ម​របស់​អ្នក​តិច ឬ​ច្រើន​កម្រិត​ណា ។ ប្រសិនបើ​អ្នក​មិន​ស្វែង​យល់​ពី​អតិថិជន​ទេ​នោះ នៅ​ថ្ងៃ​អនាគត អាជីវកម្ម​នឹង​មិន​អាច​សម្រេច​ជោគជ័យ​បាន​ឡើយ ។

៨-​មិន​ចាត់​ទុក​អតិថិជន​ជា​មនុស្ស​សំខាន់​បំផុត ៖
បុគ្គលិក​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​អតិថិជន គឺ​ជំនួស​មុខ​ឱ្យ​ក្រុមហ៊ុន ។ ពួក​គេ​ត្រូវ​យល់​ពី​អ្វី​ដែល​ក្រុមហ៊ុន​រំពឹង​ទៅ​លើ​ការងារ​របស់​ពួក​គេ និង​ត្រូវ​ផ្តល់​រង្វាន់​ពេល​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ ។ ការ​ជំរុញ​ទឹកចិត្ត​បុគ្គលិក នឹង​ធ្វើ​ឱ្យ​ពួក​គេ​អាច​បំពេញការងារ​ជាមួយ​អតិថិជន​រឹតតែ​កាន់តែ​ល្អ​ថែម​ទៀត ។

៩-​កង្វះខាត​ក្នុង​ការ​ទំនាក់ទំនង ៖
ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន ត្រូវ​មានការ​ទំនាក់ទំនង​ជាមួយ​បុគ្គលិក និង​អតិថិជន​ជា​ប្រចាំ​។ ការ​បង្កើត​ភាព​រីករាយ​ដល់​បុគ្គលិក គឺ​ធ្វើ​ឱ្យ​ពួក​គេ​មាន​កម្លាំងចិត្ត​ក្នុង​ការ​លក់​ផលិតផល និង​បម្រើសេវា​ទៅ​ដល់​អតិថិជន ។

១០-​មិន​បាន​អភិវឌ្ឍន៍​ជាប់លាប់ ៖
អ្នកគ្រប់គ្រង​ដែល​ល្អ ត្រូវ​តាមដាន​ទៅ​លើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន និង​ត្រូវ​អភិវឌ្ឍន៍​ឱ្យ​បាន​ជាប់លាប់​នូវ​ផលិតផល ការ​ដឹក​ជញ្ជូន​ទំនិញ និង​ការ​ផ្តល់​សេវា​ផ្សេង​ៗ ចៀសវាង​គ្មាន​ការ​ផ្លាស់​ប្តូរ​អ្វី​សោះ ។

១១-​មិន​អបអរ​នឹង​ភាព​ជោគជ័យ ៖
នៅ​ពេល​ដែល​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ គួរតែ​ប្រកាស​ដល់​បុគ្គលិក​ឱ្យ​បានដឹង​ពី​លទ្ធផល​ការងារ​របស់​ពួក​គេ​ផង ។ អ្នក​ត្រូវ​អបអរ​ជោគជ័យ​ដែល​ទទួល​បាន​នោះ សម្រាប់​ជា​ការ​អរគុណ​ដល់​ការ​សហការ​គ្នា​របស់​បុគ្គលិក​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​បង្ហាញ​ឱ្យ​បុគ្គលិក​ដឹង​អំពី​គុណ​តម្លៃ​របស់​ពួក​គេ​ទេ អ្នក​អាច​នឹង​បាត់បង់​បុគ្គលិក​ល្អ​ៗ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ៕