របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លាតត្រដាង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​

ថ្ងៃទី​១៥-១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ មេដឹកនាំ​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ទាំង​១០​ប្រទេស បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន នៅ​សហរដ្ឋអាមេរិក​។ នៅក្នុង​ឱកាស​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch=HRW) បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា ដាក់​សម្ពាធ​លើ​មេដឹកនាំ​អាស៊ាន​ឲ្យ​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​ក្នុងប្រទេស​របស់ខ្លួន​។ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លើកឡើងថា លោក​យល់​អំពី​ភាពចាំបាច់​នៃ​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក​និង​អាស៊ាន ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​មកលើ​តំបន់​នេះ​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បានចេញ​របាយការណ៍រ​បស់​ខ្លួន​៦៣​ទំព័រ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ពី​ទីក្រុង​ញូយ៉ក ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា លើក​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ មក​ធ្វើជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​។ របាយការណ៍​នោះបាន​លើកឡើងថា ករណី​រំលោភ​សិទ្ធិមនុស្ស​ក្នុងប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​មានដូចជា កង្វះ​ការបោះឆោ្នត​ដោយ​សេរី​និង​យុត្តិធម៌ ការ​រឹតត្បិត​សិទ្ធិសេរីភាព​ហួសហេតុ​ក្នុងការ​បញ្ចេញមតិ ការ​រឹតត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល ការរំលោភបំពាន​សក​ម្ម​ជន​សិទ្ធិមនុស្ស ការរំលោភបំពាន​អំណាចតុលាការ ស្ថានភាព​អំពើពុករលួយ​ដែលមាន​កម្រិត​ខ្ពស់ និង​បញ្ហា​ជាច្រើន​ទៀត​។

ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ក៏បាន​លើកឡើង​ផងដែរ អំពី​ការឃុំ​ឃាំង​អ្នកទោសនយោបាយ​នៅ​ប្រទេស​យួន ការកាត់ទោស​ក្រោម​ហេតុផល​នយោបាយ​នៅ​ប្រទេស​ម៉ាឡេស៊ី ការបង្ក្រាប​សកម្មភាព​សម្ដែង​មតិ​ពី​សំណាក់​រដ្ឋាភិបាល​សៀម និង​គាបសង្កត់​អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​បញ្ជាក់ថា វា​មិនទាន់​យឺត​ពេល​ទេ​សម្រាប់ លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា ក្នុងការ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល ដែល​ប្រព្រឹត្ត​នៅ​មជ្ឈមណ្ឌល​ឧទ្យាន​សាន់​នី​ឡែ​ន ទីក្រុង​រេ​ន​ឆូ​ម៉ា​រ៉ា​ហ្ស រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។

​ក្រុម​អ្នកសង្កេតការណ៍​មួយចំនួន​បានលើកឡើង​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​កម្រាស់​៦៣​ទំព័រ បាន​លាតត្រដាង​យ៉ាងច្បាស់​ជុំវិញ​អំពើ​រំលោភសិទ្ធិ​មនុស្ស​និង​ស្ថានភាព​នយោបាយ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​តែម្តង​។ ដូច្នេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មិនអាច​បិទបាំង​ការពិត​បានទេ ជាពិសេស​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ ហេតុនេះហើយ​ទើប​ជនរួមជាតិ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​និង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​នៅ​កម្ពុជា​៕

BAdamsHRWលោក ប្រេដ អាដាម  0a