ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្ដរ​សភា​

​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ  ក្នុង​ដើម​សប្តាហ៍​នេះ កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​សមាជិកសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្ដរ​សភា​។ ក្នុងជំនួប​ខាងលើនេះ​គេ​កត់សម្គាល់​ឃើញថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក កឹម សុខា បាន​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ស្តីពី​ការប្រើ​ហិង្សា​មកលើ​អ្នកតំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការចាប់​ឃុំខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​។​

គណៈប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្ដរ​សភា​មក​ប្រទេស​កម្ពុជា គឺ​ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​អ្នកតំណាងរាស្ដ្រ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការវាយដំ ការចាប់​ដាក់គុក និង​ការរំលោភបំពាន​ផ្សេងៗ​ទៀត ក្នុង​រយៈពេល​ថ្មីៗ​នេះ​។ គណៈប្រតិភូ​នេះ​នឹងធ្វើ​ការជួប​ទាំងសងខាង ទាំង​ខាង​រដ្ឋាភិបាល ទាំង​ខាង​គណបក្សប្រឆាំង ហើយ​គេ​នឹងធ្វើ​ការវាយតម្លៃ​តាម​ក្រោយ​។​

​ក្នុងជំនួប​នេះ ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានផ្ដល់​ព័ត៌មាន​ជាក់ស្ដែង​គ្រប់​ករណី​រំលោភបំពាន​ខាងលើនេះ ទៅ​គណៈប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្ដរ​សភា​រួចរាល់​ហើយ​។ ក៏ប៉ុន្ដែ​គណៈប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្ដរ​សភា​នឹង​ជួប​បន្ដទៀត​ជាមួយ​សមាជិកសភា​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​លោក កឹម សុខា មុនពេល​បញ្ចប់​បេសកកម្ម​របស់​ពួកគាត់​។​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំណូមពរ​ឲ្យ​អន្ដរជាតិ ជាពិសេស​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្ដរ​សភា​ជួយ​ជំរុញ​ផ្ដល់​យុត្ដិធម៌​ដល់​សមាជិកសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ គួរ​កត់សម្គាល់ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​បាតុកម្មហិង្សា​យ៉ាង​ព្រៃផ្សៃ​មកលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីពេល​កន្លងមក​៕

12729334_1287023377981625_1446299861058002119_n 12687874_1287023384648291_7053654608007829657_n