ជនប្លន់សម្លាប់ ៣នាក់ ជាប់គុកម្នាក់ៗ ៣០ឆ្នាំ នៅបាត់ដំបូង ត្រូវឧទ្ធរណ៌ជម្រះក្តី

ភ្នំពេញ៖ សំណុំរឿងប្លន់សម្លាប់ បុរសពីរនាក់ និងវាយស្រ្តីម្នាក់ឲ្យរងរបួសធ្ងន់ នៅបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ សាលាឧទ្ធរណ៍ បានបន្តសំណុំរឿងជំនុំជម្រះ ជនជាប់៣នាក់ ដែលត្រូវសាលា ដំបូងខេត្តបាត់ដំបង ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៣០ឆ្នាំ ដែលបានប្រព្រឹត្ត កាលពីពាក់កណ្ដាលឆ្នាំ២០១៤ កន្លងទៅនេះ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ បានថ្លែងថា ជនជាប់ចោទ ភិន ភន អាយុ ៥៣ឆ្នាំ ជនជាប់ចោទ នាង ស៊ីណា ហៅ ខ្នាអាយុ ៣២ឆ្នាំ និងជនជាប់ចោទ នឹម ចិត្ត អាយុ ៣៣ឆ្នាំ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង ត្រូវបានផ្តន្ទាទោស ក្នុងម្នាក់ៗ៣០ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៤ នៅចំណុចផ្ទះលក់សាច់ពិសេស (សាច់ឆ្កែ) ភូមិ ចក ឃុំ កកោះ ស្រុក មោងឬស្សី ខេត្តបាត់ដំបង ។

ក្រោយពីសវនាការ លោកស្រីចៅក្រម ទិតសុវទ្ធី បូរ៉ាលក្ខណ៍ បានសម្រេចពន្យាពេល ប្រកាសសាលាក្រម ដោយទៅប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ ចំពោះសាលក្រមរបស់សាល ដំបូងខេត្តបាត់ដំបងនេះ ត្រូវបានក្រុមជនជាប់ចោទ ប្តឹងមកសាលាឧទ្ធរណ៍ ដើម្បីស្វែងរកការបន្ធូរ បន្ថយទោស បន្ទាប់ពីជនទាំង ៣រូបនោះ បានសារភាពនៅក្នុងសវនាការ នៃសាលាឧទ្ធរណ៍។

នៅដំណាក់កាលសមត្ថកិច្ច ជនជាប់ចោទទំាង៣នាក់ បានសារភាពថា ពួកគេ ធ្វើ សកម្មភាព ប្លន់ លួច មានគ្នា ៦នាក់ ចាប់ពី ឆ្នាំ២០១១ ដល់ ខែឧសភា ឆ្នាំ២០១៤ ហើយពួកគេ ធ្វើសកម្មភាពប្លន់ ១១លើក បាញ់សម្លាប់មនុស្ស ៣នាក់ របួសធ្ងន់ស្រាល ៩នាក់ និង យកបានសម្ភារៈមាស ប្រាក់ មួយចំនួន។ ការធ្វើសកម្មភាពប្លន់ លួច នេះ គឺនៅក្នុង ខេត្តបាត់ដំបង ៦លើក នៅខេត្តបន្ទាយមានជ័យ ១លើក នៅខេត្តពោធិ៍សាត់ ៤លើក ដោយប្រើប្រាស់ កាំភ្លើងអាកា មួយដើម កាំភ្លើងខ្លី មួយដើម ប្លន់បានម៉ូតូ ៦គ្រឿង មាស ៣តម្លឹង ៣ជី ប្លាទីន ២តម្លឹង ៦ជី ប្រាក់ដុល្លារ ៨០០ដុល្លារ ប្រាក់បាត ៧០០០បាត និងប្រាក់រៀល ៥០លាន ៨០ម៉ឺនរៀល ទូរស័ព្ទដៃ ចំនួន ១២គ្រឿង៕

ជនប្លន់សម្លាប់ ៣នាក់ ជាប់គុកម្នាក់ៗ ៣០ឆ្នាំ នៅបាត់ដំបូង ត្រូវឧទ្ធរណ៌ជម្រះក្តី