តុលាការ​ចោទ​ប្រកាន់​បុរស​ពីរ​នាក់​ពី​បទ​កាប់​ឈើ​ក្នុង​ជម្រក​សត្វ​ព្រៃ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា កាលពី​ថ្ងៃ​អាទិត្យ តុលាការ​ខេត្ត​ពោធិ៍សាត់​បាន​ចោទប្រកាន់​បុរស​ពីរ​នាក់​ពី​បទ​កាប់​ឆ្ការ​ព្រៃ​ដោយ​ខុស​ច្បាប់​នៅ​ក្នុងដែន​​ជម្រក​សត្វ​ព្រៃ ហើយ​អាជ្ញាធរ​នៅ​កំពុង​ស្វែងរក​បុរស​ម្នាក់ ដែល​ពួកគេ​ធ្វើការ​ឲ្យ។

លោក តន់ សីហៈ​តេជៈ ព្រះរាជអាជ្ញា​​អមសាលា​ដំបូង​ខេត្ត បាន​និយាយ​ថា នាក់​ ហឿន អាយុ​៣៥​ឆ្នាំ និង មុំ ឌី អាយុ​៤៤​ឆ្នាំ ទាំង​ពី​នាក់​ជា​អ្នក​ស្រុក​នៅ​ឃុំ​អង្លង់​រាប​ស្រុក​វាលវង់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុះ​កាលពី​ថ្ងៃ​សុក្រ និង​ត្រូវ​ចោទ​ប្រកាន់​នៅ​តុលាការ​កាលពី​ថ្ងៃ​អាទិត្យ។

លោក សីហៈ តេជៈ បាន​និយាយ​ថា “តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ពួកគេ​កាលពី​ម្សិលមិញ​ពី​បទ​កាប់​ឆ្ការ​ព្រៃ​របស់​រដ្ឋ។ ឥឡូវ​នេះ ពួកគេ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត”។ បទ​ល្មើស​នេះ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ​ដល់​១០​ឆ្នាំ។

លោក ពុធ ប៊ុនធឿន មេបញ្ជាការ​អាវុធហត្ថ​ស្រុក បាន​និយាយ​ថា អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​ដើរ​ល្បាត​ដែន​ជម្រក​សត្វ​ព្រៃ​ដោយ​កង​កម្លាំង​អាវុធហត្ថ​ស្រុក​និង​ក្រុម​មន្ត្រី​មកពី​ក្រសួង​បរិស្ថាន។

លោក​បាន​និយាយ​ថា “កម្លាំង​របស់​យើង​ចូលរួម​ជាមួយ​មន្ត្រី​បរិស្ថាន​ល្បាត​តំបន់​នោះ”។ លោក​បាន​បន្ថែម​ថា យើង​ក៏​បាន​រឹប​អូស​រណារ​យន្ត​និង​ម៉ូតូ​មួយ​គ្រឿង​នៅ​នឹង​កន្លែង​ផង​ដែរ។

លោក តេជៈ បាន​និយាយ​ថា បុរស​ទាំង​ពីរ​នាក់​បាន​ប្រាប់​តុលាការ​ថា ពួកគេ​ត្រូវ​គេ​ជួល​ឲ្យ​កាប់​ឆ្ការ​ព្រៃ​ក្នុង​ជម្រក​សត្វ​ព្រៃ​នេះ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។

លោក​បាន​និយាយ​ថា “យើង​កំពុង​ស៊ើបអង្កេត​រក​មនុស្ស​ដែល​នៅ​ពី​ក្រោយ​ពួកគេ” តែ​លោក​មិន​បាន​ប្រាប់​ឈ្មោះ​បុគ្គល ឬ​ឲ្យ​ដឹង​ចំនួន​ឈើ ដែល​បុរស​ទាំង​ពីរ​នាក់​នេះ​បាន​កាប់​នោះ​ទេ។

កាលពី​ដើម​ខែ​មករា បុរស​បី​នាក់​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​បាន​នៅ​ពេល​កំពុង​កាប់​ឈើ​ក្នុង​ដែន​ជម្រក​នោះ បាន​ប្រាប់​នគរបាល​ថា ពួកគេ​ធ្វើការ​ឲ្យ​ឈ្មួញ​ក្នុង​ស្រុក​ម្នាក់​ឈ្មោះ ញិន ឌឹម ដែល​បាន​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ពួកគេ​២០០​ដុល្លារ​ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​មួយ​ហិកតា។

លោក អេង ឈុនហាន មន្ត្រី​សម្រប​សម្រួល​អង្គការ លីកាដូ ប្រចាំ​ខេត្ត បាន​និយាយ​ថា អាជ្ញាធរ​គួរ​ផ្ដោត​លើ​ការ​ចាប់​មនុស្ស​ធំដំុ​ជាង​នេះ ដែល​បាន​ចំណេញ​ពី​ការ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់

លោក ឈុនហាន បាន​និយាយ​ថា “យើង​ស្វាគមន៍​អាជ្ញាធរ​ដាក់​ទោស​ទណ្ឌ​អ្នក​ដែល​បំផ្លាញ​ព្រៃ ប៉ុន្តែ​សុំ​ធ្វើ​ឲ្យ​មាន​តម្លាភាព”។

លោក​បាន​និយាយ​អំពី​អ្នក​កាប់​ឈើ​ជាប់​ពន្ធនាគារ​ថា “ជា​ការ​ពិត កម្មករ​ក្រីក្រ ហើយ​ពួកគេ​ទទួល​បាន​ប្រាក់​ប្រហែល​២០.០០០​ដល់​២៥.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ការ​ឆ្ការ​ព្រៃ”៕និត

 

The post តុលាការ​ចោទ​ប្រកាន់​បុរស​ពីរ​នាក់​ពី​បទ​កាប់​ឈើ​ក្នុង​ជម្រក​សត្វ​ព្រៃ appeared first on ខេមបូឌា ដេលី.