លោក​អូ​បា​ម៉ា សរសើរ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា ទោះជា​លោក ថេ​ន​សេន​អវត្តមាន​

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​មេដឹកនាំ​អាមេរិក​-​អាស៊ាន ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀត​លើកឡើង​ពី​ការបោះឆ្នោត​ដោយ​រលូន​នៅ​មី​យ៉ាន់​ម៉ា និង​ដំណើរការ​ផ្ទេរអំណាច​ដោ​យ​សន្តិវិធី នៅ​ចំពោះមុខ​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក ញ៉ា​ន់ ធុន និង​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​។​

​ក្រៅពី​ប្រធានបទ​សំខាន់ៗ​មួយចំនួន ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ឆ្លៀត​កោតសរសើរ​ពី​ការផ្លាស់ប្តូរ​នយោបាយ​ទៅរក​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​មី​យ៉ាន់​ម៉ា​ក្រោយ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៥​។ ប៉ុន្តែ​ប្រធានាធិបតី ថេ​ន សេន មិនមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ទេ ដោយសារតែ​លោក​ត្រូវ​នៅក្នុង​ប្រទេស​ដើម្បី​មើល​ការខុសត្រូវ​ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​នៃ​ការផ្ទេរអំណាច​។​

​កិច្ចប្រជុំ​មេដឹកនាំ​អាមេរិក​-​អាស៊ាន​បានចាប់ផ្តើម​ដោយ​ការ​ថ្លែង​សុន្ទរកថា​របស់លោក អូ​បា​ម៉ា ដោយ​សុន្ទរកថា​នេះ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​និង​អាស៊ាន​។ លោក អូ​បា​ម៉ា ក៏បាន​លើកឡើង​ពី​ការបន្ត​ការគាំទ្រ​បំណងប្រាថ្នា​និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាជន​អាស៊ាន​។ ជាពិសេស​នោះ​លោក​បាន​សាទរ​ចំពោះ​ដំណើរការ​ផ្លាស់ប្ដូរ​ទៅរក​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៥ បើទោះជា​គ្មាន​វត្តមាន​លោក ថេ​ន សេន ក៏ដោយ​។

​លោក អូ​បា​ម៉ា បញ្ជាក់ថា​៖«​ការបោះឆ្នោត​ឆ្នាំមុន និង​ការផ្ទេរអំណាច​ដែល​កំពុង​ប្រព្រឹត្តទៅ បានផ្ដល់​ក្ដីសង្ឃឹម​ដល់​ប្រទេស​ដែល​មានការ​រួបរួមគ្នា មាន​សន្តិភាព​និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​»​។​

​លទ្ធផល​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​បង្ហាញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ជោគជ័យ​លើ​គណបក្ស​របស់លោក ថេ​ន សេន​។ ជ័យជម្នះ​នៅពេលនេះ គឺជា​ចំណុច​របត់​ថ្មីស្រឡាង​ក្នុង​នយោបាយ​មី​យ៉ាន់​ដែល​ធ្លាប់តែ​ស្ថិត​ក្រោយ​ការគ្រប់គ្រង​របស់​យោធា​អស់​ពេល​ជាង​៥​ទសវត្សរ៍​ទៅហើយនោះ​។ ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវគេ​ជឿថា កំពុងតែ​ចរចា​ក្រៅ​ឆាក​ជាមួយ​ក្រុម​យោធា ដើម្បី​បើកផ្លូវ​ដល់​ការកែ​រដ្ឋធម្មនុញ្ញ​ដែល​រារាំង​លោកស្រី​ធ្វើជា​ប្រធានាធិបតី​។  

​មកដល់​ដំណាក់កាល​នេះ លោក ថេ​ន​សេន ត្រូវមាន​តួនាទី​សំខាន់​ក្នុងការ​សម្រប​សម្រួលកា​រ​ផ្ទេរអំណាច​ទៅ​ឲ្យ​គណបក្ស​លោកស្រី ស៊ូ​ជី ដើម្បី​ធានាថា​ការកែទម្រង់​របស់លោក​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហើយ​នេះ​អាចជា​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​លុបចោល​ដំណើរ​ទៅ​ប្រជុំ​នៅ​អាមេរិក ដោយ​បញ្ជូន​អនុ​ប្រធានាធិបតី ញ៉ា​ន់ ធុន ទៅ​ចូលរួម​ជំនួស​វិញ​៕