ប្លន់​ផ្ទះ​វេរ​ប្រា​ក់វី​ង​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​លើ​បញ្ហា​អសន្តិសុខ​សង្គម​

កន្លែង​វេរ​ប្រាក់​វី​ង​បានក្លាយ​ទៅជា​គោលដៅ​ក្រុមចោរ​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ជាច្រើន​ករណី​មកហើយ​ដូចជា នៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្ត​ប៉ៃលិន​ជាដើម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង​។ បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម មិន​ទទួលបាន​ជោគជ័យ​នោះទេ ព្រោះ​បទល្មើស​ប្លន់​ប្រដាប់អាវុធ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​ករណី​ប្លន់​ផ្ទះ​វេរ​ប្រា​ក់វី​ង​នៅ​ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ព្រួយបារម្ភ​ថែមទៀត​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​។

ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បានដឹងថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ក្រុមចោរ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា​១​ដើម និង​កាំភ្លើងខ្លី​១​ដើម បាន​ចូលទៅ​ភ្ជង់​ប្លន់​នៅផ្ទះ​វេរ​ប្រាក់​វី​ង​យកលុយ​ខ្មែរ​និង​លុយ​ដុល្លារ​សរុប​១៣០០០​ដុល្លារ រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ អំពើ​ប្លន់​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​សាន់​គរ ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ជនរងគ្រោះ​មានឈ្មោះ ប៊ួ​យ សុខលី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ហើយ​ក្រោម​ពេលចេញ​ផុត​ទើប​សមត្ថកិច្ច​ទៅដល់​។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​សមត្ថកិច្ច​ក្នុង​ការរក្សាសន្តិសុខ​សង្គម ព្រោះ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មិន​ខ្លាច​សមត្ថកិច្ច​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា ក្រុមចោរ​មាន​គ្នា​៣​នាក់​បាន​ចូល​ពីក្រោយ​ផ្ទះ​ជនរងគ្រោះ​ដោយ​ពួកគេ​ពាក់​ម៉ាស់​បិទមុខ​រួច​គំរាម​ជនរងគ្រោះ ហើយ​ប្រមូល​យកលុយ​ដុល្លារ​និង​លុយ​ខ្មែរ​សរុប​១៣០០០​ដុល្លារ ព្រមទាំង​ខ្សែជើង​ប្លា​ទីន​១​ខ្សែ ប័ណ្ណបើកបរ​១​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​របស់​ឈ្មោះ ឈូ វិជ្ជា ភេទ​ប្រុស​១​សន្លឹក​មុនពេល​រត់គេចខ្លួន​។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​សាន់​គរ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អំពើ​ប្លន់​ប្រដាប់អាវុធ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​សមត្ថកិច្ច​មិន​អាចជួយ​ជនរងគ្រោះ​បាន​ទាន់ពេលវេលា​។ ជាក់ស្តែង​ក្រោយពេល​ក្រុមចោរ​ប្រដាប់អាវុធ​គេចខ្លួន​បាត់អស់ ទើប​សមត្ថកិច្ច​នគរ​បាល​និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅដល់​កន្លែងកើតហេតុ​៕

12742368_1558681364446229_8898499224855956233_n12687777_1558681367779562_3102005503914202665_n