អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​អ្នកវិនិយោគទុន​អាមេរិក​ដឹង​យ៉ាងច្បាស់​

​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​អង្គការ​តម្លាភាព​អន្តរជាតិ​រកឃើញថា មាន​សភាព​ធ្ងន់ធ្ងរ ហើយ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ជាក់ស្តែង​ថ្មីៗ​នេះ​លោក ខាត់ តុង (Kurt Tong) ឧបការី​រង​ជាន់ខ្ពស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​ជំនួយ​និង​សេដ្ឋកិច្ច បាន​លើកឡើងថា អំពើពុករលួយ​នៅ​កម្ពុជា​បាន​បង្ក​ជា​ឧបសគ្គ​ក្នុង​ការនាំយក​វិនិយោគទុន​ពី​សហរដ្ឋអាមេរិក​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​។ តាមរយៈ​ការលើកឡើង​របស់លោក Kurt Tong មានន័យថា អ្នកវិនិយោគទុន​អាមេរិក​បានដឹង​យ៉ាងច្បាស់​ពី​ស្ថានភាព​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា​។

​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ស្ថានទូត​អាមេរិក កាលពីពេល​ថ្មីៗ​នេះ លោក Kurt Tong បាន​បញ្ជាក់ថា «​បញ្ហា​កើតចេញពី​អំពើពុករលួយ ខ្ញុំ​បានឮ​ត្រួសៗ​ថា​មាន​ក្រុមហ៊ុន​មួយចំនួន​ដែល​បានលើកឡើង​យ៉ាងច្បាស់​ពី​បញ្ហា​អំពើពុករលួយ​នេះ ហើយ​ខ្ញុំ​គិតថា​ការតាំង​ចិត្ត​ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគ​បរទេស ពិសេស​ក្រុមហ៊ុន​មកពី​សហរដ្ឋអាមេរិក​មាន​តួនាទី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​»​។ ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ក៏បាន​លើកឡើង​ដែរ​ថា អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ ហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏បាន​ដឹង​ពី​អំពើពុករលួយ​នៅ​កម្ពុជា​ដែរ និង​ថា​រដ្ឋាភិបាល​កំពុង​កែទម្រង់​ស៊ីជម្រៅ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា អ្នកវិនិយោគទុន​ពី​បស្ចិមប្រទេស​និង​សហរដ្ឋអាមេរិក បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​ដោយសារ​នៅក្នុង​ប្រទេស​ពួកគេ​គ្មាន​អំពើពុករលួយ​នោះទេ​។ សម្រាប់​ប្រទេស​កម្ពុជា​អំពើពុករលួយ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន មិនអាច​ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​អ្នកវិនិយោគ​ពី​អាមេរិក​មក​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ល្អៗ​មក​កម្ពុជា​។ ក្នុងនោះ​ការលុបបំបាត់​អំពើពុករលួយ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺជា​បញ្ហា​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគទុន​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​៕

5F2C4FA3-1D0B-4A17-8690-8C3DD60AD421_w640_r1_s_cx10_cy14_cw74លោក Kurt Tong 13លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ