គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ រៀបចំផែនការ បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០១៦

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្ដរជាតិ បានត្រៀម លក្ខណៈប្រារព្ធ បុណ្យចូលឆ្នាំ ខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ ២០១៦ ក្នុងនោះនៅ តាមវត្តអារាម និងមណ្ឌលកម្សាន្ដ នឹងចាត់តាំងលេងល្បែង ប្រជាប្រិយខ្មែរ របស់ជាតិដែលមាន ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ដ ផ្សេងៗទៀត។

យោងតាមសេចក្ដី ផែនការណែនាំ របស់គណៈកម្មាធិការជាតិ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា “រោងចក្រ សហគ្រាស សាលារៀនរដ្ឋនិងឯកជន មណ្ឌលកម្សាន្ដ តាមរមណីយដ្ឋាននានា និងគ្រប់គេហដ្ឋាន ប្រជារាស្ដ្រ ឲ្យចង់ទង់ជាតិ ទង់សាសនា ទង់ក្អែប ទង់រំយោល ដាក់ពាក្យស្លោកឲ្យបាន សមរម្យ ដុតគោម អុជប្រទីបជ្វាលា បំភ្លឺ ឲ្យបានភ្លឺព្រោង ព្រាត ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង គ្រប់វត្តអារាមសម្អាត និងតុបតែងលម្អ”។

ប្រភពខាងលើបន្តថា អាជ្ញាធរ ត្រូវសហការជាមួយប្រជាពលរដ្ឋ ដើម្បីការពារនិងរក្សា សន្ដិសុខ ឲ្យមានរបៀប រៀបរយសណ្ដាប់ធ្នាប់សង្គម ធានាបានសុវត្ថិភាព មុននិងក្រោយ និងក្នុងប្រារព្ធ ពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្នុងនោះ គ្រប់ខេត្ត ក្រុង ត្រូវយកចិត្តទុកដាក់ជួយសម្រួលចរាចរណ៍ ជូនប្រជាជន នៅគ្រប់ទីកន្លែង ដើម្បីបង្ក ការសប្បាយ រីករាយជូនប្រជារាស្រ្ដចូលរួមកម្សាន្ដ ។អាជ្ញាធរ រាជធានី និងខេត្ត មានវិធានការទប់ស្កាត់ និងលុបបំបាត់ នូវសកម្មភាពណា ដែលជាបទល្មើស ខុសច្បាប់ ប្រាចាក់នឹងប្រពៃណីទំនៀមទម្លាប់ជាតិ៕

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ រៀបចំផែនការ បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០១៦