ពលរដ្ឋ៣ខេត្តគាំទ្រ ច្រើនជាងគេ ទៅលើគណបក្ស យុវជនកម្ពុជា ដែលទើបតែចាប់កំណើតថ្មី

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងអះអាងថា ចាប់តាំងបង្កើត គណបក្សមក ប្រជាពលរដ្ឋ ចំនួន៣ខេត្តបាន គាំទ្រខ្លាំងជាងគេ ក្នុងចំណោមខេត្ត នៅទូទាំងប្រទេស ដែលនឹកស្មានមិនដល់។

ប្រជាពលរដ្ឋទាំង៣ខេត្តនោះ រួមមាន ៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពត។ ការប្រកាសរបស់លោកនេះ បានធ្វើឡើងស្របពេលដែល ក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការពីការចុះបញ្ជីឈ្មោះរបស់គណបក្ស កាលពីថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០១៦។

លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា "យើងកត់សម្គាល់ឃើញខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពត ដែលផុសផុលដែលចូលរួមសាទរជាមួយយុវជន ចូលរួមកិច្ចការនយោបាយ គាំទ្រទាំង កម្លាំងកាយចិត្ត និងធនធាន ហើយយើងក៏បានទទួលព័ត៌មានល្អៗពីខេត្តដទៃទៀតដែរ "។

គួរបញ្ជាក់ថា លោក ពេជ្រ ស្រស់នឹងទៅជួបសំណេះសំណាល ជាមួយប្អូនពលករខ្មែរ ដែលធ្វើការនៅក្នុង ប្រទេសថៃ និងកូរ៉េ នៅចុងខែ កុម្ភៈ ឆ្នាំ ២០១៦ខាងមុខ និងបានត្រៀមខ្លួនលើកស្លាកគណបក្ស នៅតាមបណ្ដាខេត្តនានា ក្នុងពេលឆាប់ៗនេះផងដែរ៕

ពលរដ្ឋ៣ខេត្តគាំទ្រ ច្រើនជាងគេ ទៅលើគណបក្ស យុវជនកម្ពុជា ដែលទើបតែចាប់កំណើតថ្មី