ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​ថា CCC និង​សភាពាណិជ្ជកម្ម​អឺ​រ៉ុ​ប (EuroCham)​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ កន្លង​មក ក្នុង​គោលបំណង​ធានា​នូវ​ភាព​រីក​ចម្រើន​នា​ពេល​អនាគត និង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ ជំនួយ​បច្ចេកទេស ក៏​ដូច​ជា​ការ​ចែករំលែក​បទ​ពិសោធន៍​រវាង​ស្ថាប័ន​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា ។

សេចក្ដី​ប្រកាស​បាន​ឲ្យ​ទៀត​ថា អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​លោក Emmanuel Menanteau ប្រធាន​សភាពាណិជ្ជកម្ម​អឺ​រ៉ុប បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ដោយ​ផ្តោត​សំខាន់​លើ​៤​ចំណុច​ដូច​ជា​៖

១-​ការ​ផ្តល់​សេវា​ដល់​សមាជិក​មាន​ស្រាប់ និង​វិនិយោគិន​ថ្មី ។
២-​ការ​តស៊ូ​មតិ​ដើម្បី​ពង្រឹង​កិច្ច​សន្ទនា​ជាមួយ​រាជរដ្ឋាភិបាល ។
៣-​ការ​ផ្សព្វផ្សាយ​ដើម្បី​លើកកម្ពស់​កម្ពុជា ជា​ទិស​ដៅ​វិនិយោគ ។
៤-​ការ​បង្កើត​ទំនាក់ទំនង​ធុរកិច្ច ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រវាង​ស្ថាប័ន​ទាំង​ពីរ ។

សភាពាណិជ្ជកម្ម​កម្ពុជា ត្រូវ​បាន​បង្កើត​ដោយ​ច្បាប់​ស្តី​ពី​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ​១៩៩៥ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សភា​ពាណិជ្ជ​កម្ម​​កម្ពុជា និង​បទ​ប្បញ្ញត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សភាពាណិជ្ជកម្ម​កម្ពុជា គឺជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​មានការ​ចូលរួម​ពី​សមាជិក​ដោយ​ស្ម័គ្រចិត្ត និង​ជា​ស្ថាប័ន​តំណាង​ឱ្យ​វិស័យ​ឯកជន​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម សិប្បកម្ម និង​កសិកម្ម ។ ស្ថាប័ន​នេះ​មាន​ទិស​ដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​រីក​ចម្រើន​ក្នុង​តំបន់​នីមួយ​ៗ​របស់​ខ្លួន និង​នៅ​ទូ​ទាំង​ប្រទេស​ទាំងមូល ។ សភាពាណិជ្ជកម្ម​កម្ពុជា ជា​តំណាង​នៃ​សំឡេង​សមាជិក​របស់​ខ្លួន និង​ចូលរួម​ចំណែក​ជាមួយ​រដ្ឋា​ភិបាល​ក្នុង​ការ​បង្កើត​នូវ​បរិយាកាស​សេដ្ឋកិច្ច​អំណោយផល​ប្រកបដោយ​ប្រសិទ្ធភាព ។

សភាពាណិជ្ជកម្ម​អឺ​រ៉ុ​ប​នៅ​កម្ពុជា ចាប់ផ្តើម​បង្កើត​ដំបូង​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១១ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​ធុរកិច្ច​អឺ​រ៉ុប​ជា​ស្ថាបនិក​ចំនួន​៣ ៖ សភាពាណិជ្ជកម្ម​បារាំង​-​កម្ពុជា (CCIFC) សមាគម​ធុរកិច្ច​អង់គ្លេស​នៅ​កម្ពុជា (BBAC) និង​ក្រុម​ធុរកិច្ច​អា​ល្លឺ​ម៉​ង់ (ADW)​។ សភាពាណិជ្ជកម្ម​អឺ​រ៉ុ​ប ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ផលប្រយោជន៍​ធុរកិច្ច​អឺ​រ៉ុ​ប​ដែល​មាន​ប្រតិបត្តិការ​ក្នុង​កម្ពុជា ជួយ​សម្របសម្រួល​ក្រុមហ៊ុន​អឺ​រ៉ុ​ប​ចូល​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​បង្កើត​បណ្តាញ​គាំទ្រ​ទូលំទូលាយ​រវាង​ក្រុមហ៊ុន និង​សមាជិក​នីមួយ​ៗ ៕