ក្រសួងវប្បធម៌ នឹងបើក មហោស្រពសិល្បៈ យុវជនទូទាំងប្រទេស នៅថ្ងៃ១៨ ខែកុម្ភៈ

ភ្នំពេញ៖ ដើម្បីបញ្ជ្រាបចំណេះដឹង អំពីសិល្បៈវប្បធម៌ ទៅក្នុងគ្រឹះស្ថានអប់រំ ឲ្យកូនខ្មែរបានស្គាល់ ពីអត្តសញ្ញាណវប្បធម៌ និងបង្កើនស្មារតី ស្រឡាញ់វប្បធម៌ជាតិនោះ  ក្រសួងវប្បធម៌និវិចិត្រសិល្បៈ នឹងបើកមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសឆ្នាំទីពីរ ដើម្បីអបអរទិវា វប្បធម៌ជាតិ៣មីនាលើកទី១៨ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ការបើកមហោស្រពយុវជនទូទាំងប្រទេស” នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះ លោក សំរាំង កំសាន្ត ដែលនឹងជាគណៈកម្មការ រៀបចំមហោស្រពអនុអចិន្ត្រៃយ៍បានថ្លែងថា ការបើក មហោស្រពសិល្បៈយុវជន ទូទាំងប្រទេសឆ្នាំទីពីរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកុម្ភៈ នឹងប្រែក្លាយទិវា វប្បធម៌ជាតិ ឲ្យទៅជាយុទ្ធនាការ លើកស្ទួយការយល់ដឹង និងការចូលរួមរបស់ យុវជនខ្មែរទូទាំងប្រទេស ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ។

លោកបន្ថែមថា“ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទីពីរនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៨-២៨ ខែកុម្ភៈ នាសាលមហោស្រពចតុមុខ ក្នុងគោលបំណងជ្រើសរើសស្នាដៃឆ្នើម និងស្នាដៃឯកក្នុងចំណោម សិល្បៈយុវជន កម្ពុជាទូទាំងប្រទេស និងលើកស្ទួយបំផុសស្មារតី យុវជនកម្ពុជាឲ្យចេះស្រឡាញ់ និងអភិរក្សវប្បធម៌ជាតិ ព្រមទាំងបង្កើតស្នាដៃសិល្បៈ យុវជនទូទាំងប្រទេសឲ្យបានកាន់តែច្រើន ប្រយោជន៍ជៀសវាងបាតុភាព អសកម្មផ្សេងៗក្នុងស្រទាប់យុវវ័យ” ។

មហោស្រពសិល្បៈយុវជនទូទាំងប្រទេស នឹងមានការចូលរួមពីក្រុមសិល្បៈយុវជន ប្រមាណ៩០០នាក់ មកពី២៥ រាជធានីខេត្ត និង១១សកលវិទ្យាល័យ មានស្នាដៃសរុបចំនួន៥៩ស្នាដៃ ចូលរួមប្រកួតប្រជែងទទួលពានរង្វាន់ ។ ការប្រគល់ជូនរង្វាន់ជ័យលាភី និងពិធីបិទមហោស្រពនេះ ក្រោមអធិបតីភាដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕

ក្រសួងវប្បធម៌ នឹងបើក មហោស្រពសិល្បៈ យុវជនទូទាំងប្រទេស នៅថ្ងៃ១៨ ខែកុម្ភៈ

ក្រសួងវប្បធម៌ នឹងបើក មហោស្រពសិល្បៈ យុវជនទូទាំងប្រទេស នៅថ្ងៃ១៨ ខែកុម្ភៈ