ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នកនាំពាក្យ​ក្រសួងការបរទេស​អីុ​រ៉​ង់ លោក HOSSEIN JABER ANSARI ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ថា ប្រទេស​រុ​ស្ស៊ី​កំពុង​តែ​ផ្តល់​ឱ្យ​អីុ​រ៉​ង់​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-300 ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​រូប​នេះ​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល S-300 ត្រូវ​បាន​បង្ហើយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រួច​ឥឡូវ​ប្រព័ន្ធ​នេះ​កំពុង​បញ្ជូន​មក​ឱ្យ​អីុ​រ៉​ង់ ។ លោក​បន្ត​ថា អីុ​រ៉​ង់ និង​រុ​ស្ស៊ី​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​អនុវត្ត​រួច​ហើយ​ក្នុង​លក្ខណៈ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​នយោបាយ និង​ការពារ ។

ក្រុង​មូ​ស្គូ និង​ក្រុង​តេ​ហេ​រ៉​ង់​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​មាន​ទឹកប្រាក់​៨០០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០០៧ ដើម្បី​ផ្តល់​ឱ្យ​អីុរ៉​ង់​នូវ​ប្រព័ន្ធ​មី​ស៊ី​ល S-300 ចំនួន​៥ ។

កាលពី​ខែកញ្ញា ឆ្នាំ​២០១០ ប្រធានាធិបតី​រុ​ស្ស៊ី​ពេល​នោះ​លោក​ឌី​មី​ឌ្រី​ម៉េ​ដ វេ​ដេ​វ បាន​លុប​ចោល​កុងត្រា​នេះ ដោយ​អនុវត្ត​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​ហាមឃាត់​ការ​ផ្តល់​អាវុធ​ឱ្យ​អីុ​រ៉​ង់ ។ អីុ​រ៉​ង់​បាន​ឆ្លើយ​តប​វិញ ចំពោះ​ការ​លុប​ចោល​នេះ ដោយ​ទាមទារ​ប្រាក់​ប៉ះប៉ូវ​ដល់​៤​ពាន់​លាន​ដុល្លារ​ពី​រុ​ស្ស៊ី​តាម​រយៈ​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការអន្តរជាតិ​ក្រុង​ហ្សឺ​ណែវ​មួយ ។

រួច​នា​ខែ​មេ​សា ឆ្នាំ​២០១៥ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ដែល​លុប​ចោលការ​ហាមឃាត់​លក់​ប្រព័ន្ធ​មី​ស៊ី​ល S-300 ឱ្យ​ដល់​អីុរ៉​ង់ បន្ទាប់​ពី​អីុ​រ៉​ង់ និង​ប្រទេស​មហាអំណាច​៦ ក្នុង​នោះ​មាន​រុ​ស្ស៊ី​ដែរ​សម្រេច​បាន​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​មួយ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អីុរ៉​ង់ ។ អីុ​រ៉​ង់​ក៏​បាន​ដក​ពាក្យបណ្តឹង​ប្រឆាំង​រុស្ស៊ី​ក្រោយ​រុ​ស្ស៊ី ព្រម​ផ្តល់​ប្រព័ន្ធ S-300 នេះ ៕