សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្តកំពង់ធំ ៖ បន្ទាប់​ពីមាន​​ករណី​ប្លន់​ផ្ទះ​វេរ​លុយ Wing កាលពី​យប់មិញ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​​ស្រែក​រិះគន់​យ៉ាង​​ចាស់​ដៃ​ថា «ប្លន់​អី​​ក៏​ប្លន់​យ៉ាងនេះមិនដឹង​ថា ពួក​ចោរ​​ខ្លាំង ឬ​មួយ​ក៏​សមត្ថកិច្ច​អន់​នោះ​ទេ បាន​ព្រហើន​ដល់​ថ្នាក់​ហ្នឹង» ។ ​សម្តេច​ក្រឡាហោម ស ខេ​ង ធ្លាប់​ព្រមាន​ហើយ​ថា កន្លែង​ណា​​មាន​ករណី​ប្លន់ ​ហើយ​ចាប់​ជនល្មើស​មិន​បាន គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​​តំណែងហើ ។ ​តើ​សមត្ថកិច្ច​អាចរកមុខ​សញ្ញា​ជន​សង្ស័យ​មក​ផ្តន្ទាទោស​​បាន​​ដែរ​​ទេ? ។ ជុំវិញ​រឿង យប់មិញ! ប្លន់ផ្ទះប្តូរប្រាក់​វីងទៀតហើយ ក្នុង​ស្រុកកំពង់ស្វាយ​

គួរ​រ​បញ្ជាក់​ថា ករណី​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ បាន​សម្រុកចូល​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ជិត​០៨​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៦ ដែល​សរុប​ទឹកប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លា និង​សម្ភារ​មួយ​ចំនួន​ទៀត ហើយ​រត់គេច​ខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សួរនាំ​ព័ត៌មាន​ពី​ស្ត្រី​ជា​អ្នក​ដាក់​វី​ង​ឈ្មោះ​កែ វ៉ា​ន់​ធាង អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​សាន់​គរ (​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ។

ស្ត្រី​ឈ្មោះ​កែ វ៉ា​ន់​ធាង បានឱ្យ​ដឹង​ថា ករណី​ប្លន់​នេះ គឺ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដោយ​ម្នាក់​ៗ​កាន់​កាំភ្លើង​អាការ​១​ដើម ម្នាក់​កាន់​កាំភ្លើងខ្លី​១​ដើម និង​ម្នាក់​ទៀត​កាន់​ដែក​ស្បែង​សម្រាប់​គាស់ បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ទៅ​ប្លន់​ផ្ទះ​របស់​គាត់​តាម​របង​ខាងក្រោយ​ផ្ទះ ខណៈ​ដែល​ក្រុម​គ្រួសារ​គាត់ មាន​គ្នា​ទាំងអស់​៨​នាក់​កំពុង​ហូប​បាយ​ជុំ​គ្នា ។

ចំណែក​រូប​គាត់​ទើបតែ​ងូតទឹក​រួច ដោយ​ពួក​វា​ភ្ជង់​កាំភ្លើង ហើយ​គំរាម​មិន​ឱ្យ​ស្រែក​ដោយ​ពួក​វា​ប្រាប់​ថា កុំ​មើល​មុខ វា​មកនេះ​ប្លន់​យក​តែ​លុយ​ទេ មិន​ចង់​សម្លាប់​មនុស្ស​ឡើយ ។ ពេល​នោះ ក្រុម​ចោរ​បាន​ប្រមូល​លុយកាក់ និង​ទ្រព្យសម្បត្តិ​អស់​ប្រហែលជា​១,៣០០០$ គិត​ត្រួស​ៗ​កាលពី​យប់ ដល់​ព្រឹក​ឡើង​គិត​ម្តង​ទៀង សរុប​ទៅ​អស់​ចំនួន​១៥០០០$ ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង សម្រាប់​ប្រើ​៥​គ្រឿង និង​សម្រាប់​លក់​៣​គ្រឿង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត រួច​រត់គេច​ទៅ​តាម​ផ្លូវ​ក្រោយ​ផ្ទះ​បាត់​ទៅ ។

ជុំវិញ​ករណី​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ នគរបាល និង​កំលាំង​សឹក​រង កំពុងធ្វើការ​ស្រាវជ្រាវ និង​ស៊ើប​សង្កេត​តាម​ចាប់​មុខសញ្ញា យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ។