ពលរដ្ឋ​ដែល​បិទ​អាជីវកម្ម​ អំឡុង​ពេល​ថត ​ភាពយន្ត​ហូ​លី​វូ​ដ​ នៅ​ក្រុង​បាត់ដំបង ទាមទារ​សំណង​ តាម​ការ​សន្យា

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ រាប់រយ​គ្រួសារ​ នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​រង​ផល​ប៉ះពាល់ ​ដោយសារ​ការ​ថត​ខ្សែភាពយន្ត​ខ្នាត​យក្ស​ របស់​ផលិតករហូ​លី​វូ​ដ ​រយៈពេល​មួ​យស​ប្ដា​ហ៍ ដែល​ទើបតែ​បញ្ចប់​ នា​ប៉ុន្មាន​ថ្ងៃនេះ កំពុង​រង់ចាំ​សំណង​ មិន​ច្បាស់លាស់​ យ៉ាង​អន្ទះ​សារ​ ពី​សាលាក្រុង​បាត់ដំបង ដែល​បាន​សន្យា​ កាលពី​អំឡុង​ មុន​ពេល​ថត​ខ្សែភាពយន្ត​ថា នឹង​បង់​សំណង​ ផល​ប៉ះពាល់ ​នៃ​ប្រាក់​ចំណូល​​ប្រចាំ​ថ្ងៃ ។

ប្រជាពលរដ្ឋ​និយាយ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ​ថា ការ​ថត​ខ្សែភាពយន្ត​ បាន​បញ្ចប់​ តាំងពី​ថ្ងៃ​ទី​១៣ កុម្ភៈ ម្ល៉េះ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន មន្ត្រី​ណា​ចេញ​មក​ ទទួលខុសត្រូវ និង​ពន្យល់​ពលរដ្ឋ​ អំពី​សំណង​ផល​ប៉ះពាល់​ នេះ​នៅឡើយ​ទេ ដែល​ជា​ហេតុ នាំ​ឱ្យ​ពលរដ្ឋ​ ជ្រួលច្របល់ ​យ៉ាង​អន្ទះសារ ។

ប្រភព​ដដែល​ថា ប្រជាពលរដ្ឋ​ បាន​ព្យាយាម​ទូរស័ព្ទ​ ទៅ​សួរនាំ​ពី​ បញ្ហា​សំណង​នេះ​ ពី​លោក​អភិបាលក្រុង តែ​គ្មាន​ចម្លើយ​ឆ្លើយ​តប​ទេ រីឯ​អាជ្ញាធរ​ភូមិ​-​សង្កាត់ ដែល​បាន​ចុះ​ ទៅ​សម្របសម្រួល​ អំពី​សំណង​ នៃ​ផល​ប៉ះពាល់ តែ​នៅ​ពេល​នេះ ក៏​មិន​ឆ្លើយ​ ទ​ទូល​ខុស​ត្រូវដែរ គ្រាន់តែ​ប្រាប់​ថា នៅ​លើ​សាលាក្រុង​ ជា​អ្នក​ដោះស្រាយ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា កាល​មុន​ពេល​ ថត​ខ្សែភាពយន្ត អាជ្ញាធរ​បាន​ដើរ​សម្របសម្រួល​ ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​ ជួរ​ផ្លូវ​លេខ​១ លេខ​២​ ជុំវិញ​រោងកុនបាត់ដំបង និង​រោងកុន​ប្រាសាទ​មាស ឱ្យ​បិទទ្វារ​ផ្អាក​ធ្វើ​អាជីវកម្ម​ មួយ​រយៈ​ ជា​បណ្ដោះ​អាសន្ន ដើ​ម្ប​ផ្ដល់​ឱកាស​ ឱ្យ​ក្រុមហ៊ុន​ហូ​លី​វូ​ដ រៀបចំ​កន្លែង​ថត​ ខ្សែរ​ភាពយន្ត​ខ្នាត​យក្ស ។

ការ​សម្របសម្រួល​នេះ អាជ្ញាធរ​បាន​អះអាង​ថា ក្រុមហ៊ុន​នឹង​ផ្ដល់​សំណង ​ផល​ប៉ះពាល់​ នៃ​ការ​ផ្អាក​អាជីវកម្ម​នេះ តែ​ការ​សន្យា​នេះ ​ហាក់​មិន​បង្ហាញ​គោលការណ៍​ ជាក់លាក់​ទេ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​អ្នក​ចេញ​មុខ​ ទទួលខុសត្រូវ​ដដែល ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ខ្លះ​និយាយ​ថា ក្រុមហ៊ុន​បាន​តម្កល់​ប្រាក់​សំណង នៃ​ផល​ប៉ះពាល់​ទាំងនេះ តាំងពី​មុន​ថ្ងៃ​ថតកុន​ម្ល៉េះ តែ​អាជ្ញាធរ​ក្រុង ហាក់​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ចុះ​សម្រប​ស​ម្រូ​ល ​ជាមួយ​ប្រជាពលរដ្ឋ​ អំពី​ប្រាក់​សំណង​នេះ រហូត​បែកធ្លាយ​ ពាក្យ​ចចាម​អារ៉ាម អាជ្ញាធរ​ក្រុង​ កំពុង​រៀបចំ​បែងក្រឡា ដើម្បី​គេច​ចំណេញ​ប្រាក់​សំណង​ទាំងនោះ ។

បើ​តាម​មន្ត្រី​ដដែល​ថា ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ដែល​ចូលរួម​សម្ដែង ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​យក្ស​នេះ បាន​ទ​ទូល​ប្រាក់​តម្លៃ​ខ្លួន​ អស់​ហើយ នៅឡើយ​តែ​ប្រាក់​សំណង ​ដល់​ពលរដ្ឋ ដែល​ជា​ម្ចាស់ផ្ទះ​ នៅ​កន្លែង​ថតកុន ​តែ​ប៉ុណ្ណោះ ។ អាជ្ញាធរ​ក្រុង គួរតែ​ព​ន្លឿ​ន​ការ​ដោះ​ស្រាយ ​សំណង​នេះ ចៀសវាង​ការ​បែកធ្លាយ​ នូវ​រឿង​អ​ាស្រូវ​នានា និង​ចៀសវាង ​កុំឱ្យ​ពលរដ្ឋ​លើកគ្នា ទៅ​សួរនាំ​ លោក​អភិបាលក្រុង នាំ​ឱ្យ​ខ្មាសគេ ជា​ពិសេស ​ខ្មាស​ម្ចាស់​ជំនួយ ៕

ពលរដ្ឋ​ដែល​បិទ​អាជីវកម្ម​ អំឡុង​ពេល​ថត ​ភាពយន្ត​ហូ​លី​វូ​ដ​ នៅ​ក្រុង​បាត់ដំបង ទាមទារ​សំណង​ តាម​ការ​សន្យា
ពលរដ្ឋ​ដែល​បិទ​អាជីវកម្ម​ អំឡុង​ពេល​ថត ​ភាពយន្ត​ហូ​លី​វូ​ដ​ នៅ​ក្រុង​បាត់ដំបង ទាមទារ​សំណង​ តាម​ការ​សន្យា
ពលរដ្ឋ​ដែល​បិទ​អាជីវកម្ម​ អំឡុង​ពេល​ថត ​ភាពយន្ត​ហូ​លី​វូ​ដ​ នៅ​ក្រុង​បាត់ដំបង ទាមទារ​សំណង​ តាម​ការ​សន្យា
ពលរដ្ឋ​ដែល​បិទ​អាជីវកម្ម​ អំឡុង​ពេល​ថត ​ភាពយន្ត​ហូ​លី​វូ​ដ​ នៅ​ក្រុង​បាត់ដំបង ទាមទារ​សំណង​ តាម​ការ​សន្យា
ពលរដ្ឋ​ដែល​បិទ​អាជីវកម្ម​ អំឡុង​ពេល​ថត ​ភាពយន្ត​ហូ​លី​វូ​ដ​ នៅ​ក្រុង​បាត់ដំបង ទាមទារ​សំណង​ តាម​ការ​សន្យា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត