បទល្មើស​កាប់​ឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៅតែ​កើតមាន​យ៉ាង​រាលដាល​

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឡឥដ្ឋ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ជាពិសេស​នៅ​តំបន់​ច្រករបៀង​ប៉ុស្តិ៍​៦​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ពេ​ជ្រា​ដា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ ជាងនេះទៅទៀត​ប្រជា​សហគមន៍​បាន​រិះគន់ថា សមត្ថកិច្ច​យោធា និង​នគរបាល​ការពារ​ព្រំដែន គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ប៊ូ​ស្រា បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​កម្លាំង​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​រកឃើញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ដែលមាន​មុខកាត់​ធំៗ​ជិត​៧០០​កំណាត់ នៅ​តំបន់​បន្ទាត់​ព្រំដែន​កម្ពុជា​-​យួន ក្បែរ​ប៉ុស្តិ៍នគរបាល​និង​ប៉ុស្តិ៍​យោធា ហៅថា​ប៉ុស្តិ៍​ដាក់​ចូរ​ឬ​ប៉ុស្តិ៍​៦​។ បើទោះបី​គេ​រកឃើញ​វត្ថុតាង​យ៉ាងច្រើន​បែបនេះ​ក៏ដោយ ក៏​កម្លាំង​គណៈ​កម្ម​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនបាន​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​ណា​ម្នាក់​នោះទេ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា និង​នគរបាល​ការពារ​ព្រំដែន ក្នុង​ឃុំ​ប៊ូ​ស្រា គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​ចាត់វិធានការ​តាមច្បាប់​។

ឥឡូវនេះ​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​នៅតែ​យក​ត្រាក់ទ័រ​និង​រណារយន្ត​ចូលមក​អារឈើ​ក្បែរ​តំបន់​ព្រំដែន​ក្នុងភូមិ​ឡឥដ្ឋ ឃុំ​ប៊ូ​ស្រា ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​វិញ​តាម​ច្រក​ដាក់​ចូរ​ឬ​ប៉ុស្តិ៍​៦​យ៉ាង​រលូន​។ ប្រជា​សហគមន៍​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក សារិន គឹម​អាត មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា និង​លោក ខន សុខ​ឃឿន នាយ​ស៊ើបការណ៍​នៃ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ជា​អ្នកសម្របសម្រួល​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​។ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ពេ​ជ្រា​ដា និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​ប៊ូ​ស្រា បន្ត​កើតមាន​យ៉ាង​មហន្តរាយ​៕

that-0803​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី a-odak-cho-500x281 sao-dak-cho