Hazard ទទួលស្គាល់ថា Chelsea ញញើត PSG

Eden Hazard បានសារភាពថា ក្លឹបរបស់ខ្លួន Chelsea ខកចិត្តពេលដឹងថា ចាប់ឆ្នោតប៉ះក្រុម ខ្លាំងរបស់បារាំង Paris Saint-Germain នៅវគ្គ១៦ ក្រុមចុងក្រោយ UEFA Champions League។

Hazard ទទួលស្គាល់ថា Chelsea ញញើត PSG

បើតាមការបញ្ជាក់របស់ ខ្សែបម្រើប្រយុទ្ធសញ្ជាតិបែលហ្សិក Chelsea ញញើត PSG ក្រោយចាប់ឆ្នោតជួបគ្នាជាលើកទី៣ផ្ទួនៗ នៅ Champions League នាប៉ុន្មានរដូវកាលចុងក្រោយនេះ។ ក្រុមជើងឯកក្របខ័ណ្ឌកំពូលបារាំងបានទម្លាក់ Chelsea នៅវគ្គនេះដូចគ្នាកាលពីរដូវកាល ២០១៣-១៤ ដែលពេលនោះ ត្រូវ Hazard ហៅថាជារឿងរ៉ាវឈឺចាប់មិនអាចបំភ្លេចបាន។

Hazard ថ្លែងក្នុងកិច្ចសម្ភាសន៍ថា៖ “អ្នករាល់គ្នានៅក្លឹបគិតថាប្រហែលជាមិនប៉ះPSG ទៀតទេ តែចុងក្រោយគឺនៅតែជាពួកគេដដែល។ ពួកយើងនៅមានអនុស្សាវរីយ ជូរចត់រដូវកាលមុន ពេលដែលយើងចំណេញគ្រប់យ៉ាងតាំងពីការលេងនៅទឹកដី Stamford Bridge ហើយ PSG ត្រូវបណ្ដេញកាតក្រហមអស់ម្នាក់ តែចុងក្រោយយើងត្រូវរបូត២គ្រាប់ ដោយសារតែការការពារបាល់ជ្រុងមិនបានល្អ”។

“Paris Saint-Germain គឺជាក្រុមដែលគ្រប់គ្នាខ្លាចរអានៅរដូវកាលនេះ ពួកគេឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយក្នុងក្រុមពោរពេញដោយកីឡាករខ្លាំងៗ។ PSG ជាក្រុមដែលខ្លាំងប្រហាក់ប្រហែល Barcelona និង Real Madrid នាពេលបច្ចុប្បន្ន”។ អតីតជយលាភីកីឡាករឆ្នើមនៅ Premier League ឆ្នាំ ២០១៤-១៥ បន្ថែមដូច្នេះ៕

ប្រភព៖ សប្បាយ