ស្ត្រី​ម្នាក់ ធ្លាក់​ពីលើ​ដើម​ជម្ពូ​ស្លាប់ នៅ​ស្រុក​ល្វាឯម​

កណ្តាល: ​ស្ត្រី​ម្នាក់​ឡើង​បេះ​ផ្លែ​ជម្ពូ បាក់មែក​ជម្ពូ​ធ្លាក់​មក​ដី រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​មុនពេលបញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភ: ឆ្នាំ​២០១៦ នៅ​ចំណុចដើម​ជម្ពូ ជាប់​ផ្ទះ​ជន​រងគ្រោះ នៅ​ភូមិ​កោះ​រៈ​ក្រោម ឃុំកោះ​រៈ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ យឹម សេង ភេទ​ស្រី អាយុ​៦៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករទីលំនៅ ភូមិ​កោះ​រៈ​ក្រោម ឃុំ​កោះ​រៈ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​មុនពេល​កើរ​ហេតុ គឺ​ស្ត្រី​រងគ្រោះ​បាន​ឡើង​ដើម​ជម្ពូ ដើម្បី​បេះយក​ផ្លែ​ដោយ​គាត់​បានឡើង​តាម​រានហាល​ផ្ទះ​របស់គាត់​ឆ្លង​ទៅលើ​មែក​​ជម្ពូ​មួយ​មែក​ទំ​ហ៊ំ​ប៉ុន​កំភួនដៃដែល​ទោ​ជាប់​ផ្ទះ ហើយ​ជនរងគ្រោះ​បាន​ឈរលើ​មែក​ជម្ពូ មាន​កម្ពស់​ពី​ដីប្រវែង​៥ ម៉ែត្រ​លុះ​បេះ​បាន​ផ្លែ​​ជម្ពូ​ចំនួន​២​ថង់ ក៏​ស្រាប់តែ​បាក់មែក​ជម្ពូ​ធ្លាក់​មកលើ​ដីបណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវបាន​អ្នកជិតខាង​ជួយ​លើកដាក់​លើ​គ្រែ​និង​ហៅ​ឡានពេទ្យ​មកជួយ​សង្គ្រោះ​ពេល​ឡានពេទ្យ​មកដល់​ជនរងគ្រោះ​បាន​ស្លាប់បាត់​។​

​ករណីនេះ​សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បានពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​បាន​ធ្លាក់​ពីលើ​ដើម​ជម្ពូ​បណ្តាល​​អោយស្លាប់ពិត ប្រាកដ​មែន ហើយ​បានប្រគល់​សាកសព​អោយ​ប្តី ជនរងគ្រោះ​ឈ្មោះចាន់ ផាន់ យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕R​