កម្ពុជា​នឹង​ទទួល​ផល​វិជ្ជមាន​ច្រើន​ ក្រោយ​អាមេរិក​​ប្រកាស​ចាប់​ដៃ​អាស៊ាន


កម្ពុជា​នឹង​ទទួល​ផល​វិជ្ជមាន​ច្រើន​ ក្រោយ​អាមេរិក​​ប្រកាស​ចាប់​ដៃ​អាស៊ាន

ក្នុង​អំឡុង​ពេល​ ២ ថ្ងៃ​មក​នេះ អាមេរិក​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដោយ​បាន​រៀប​ចំ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន លើក​ដំបូង នៅ​ Sunnyland ស្ថិត​នៅ​ក្រុង​រេនឆូ ម៉ារ៉ាហ្ស នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង ទំនាក់ទំនង​អន្តរជាតិ ឌៀប សុផល ចាត់​ទុក​ថា ជា​ការ​ពង្រឹង​មិត្តភាព​​ចាស់​រវាង​អាមេរិក និង អាស៊ាន ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផល​វិជ្ជមាន​ជាច្រើន​ពី​ទំនាក់ទំនង​មួយ​នេះ។

 

តាម​ពិត​ទៅ​អាមេរិក​មាន​ទំនាក់ទំនង​ជា​យូរ​មក​ហើយ​ជាមួយ​​អាស៊ាន​តាំង​ពី​មិន​ទាន់​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា (អាស៊ាន) ប៉ុន្តែ ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ត្រជាក់​នៅ​អំឡុង​ឆ្នាំ ១៩៩១ មក ទំនាក់ទំនង​អាមេរិក​នៅ​តំបន់​អាស៊ាន​​ហាក់​ស្ងប់ស្ងាត់​មួយ​រយៈពេល ឥឡូវ​អាមេរិក​បាន​ឃើញ​ពី​សារៈសំខាន់​កាន់តែ​ខ្លាំង​របស់​អាស៊ាន​បាន​ចាប់​ផ្ដើម​ចែចូវ​សាជាថ្មី ខណៈ​ចិន​កំពុង​មាន​ឥទ្ធិពល​មក​លើ​តំបន់​មួយ​នេះ។ លោក ឌៀប សុផល និយាយ។

 

កត្តា​ដែល​អាមេរិក​ចាប់​ផ្ដើម​ប្រកាស​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ឡើង​វិញ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង ទំនាក់ទំនង​អន្តរជាតិ បាន​លើក​ឡើង​ថា អាមេរិក​បាន​សម្លឹង​ឃើញ​អាស៊ាន​​ដែល​មាន​ប្រជាជន​ប្រមាណ​ជាជាង​ ៦០០លាននាក់ កំពុង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សាកលលោក និង កត្តា​សេដ្ឋកិច្ច ហើយ​មួយ​ទៀត​ក៏​កំពុង​បន្ថយ​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់​អាស៊ាន។

 

 

កម្ពុជា​នឹង​ទទួល​ផល​វិជ្ជមាន​ច្រើន​ ក្រោយ​អាមេរិក​​ប្រកាស​ចាប់​ដៃ​អាស៊ាន

 

 

នៅ​ពេល​ចោទ​សួរ​ថា អាមេរិក​ចាប់​ផ្ដើម​ចែចូវ​អាស៊ាន​ឡើង​វិញ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ចិន​អន់​ចិត្ត​ដែរ​ទេ ខណៈ​ដែល​ចិន​ក្នុង​រយៈពេល​ ២០ ឆ្នាំ​មក​នេះ​ ចិន​បាន​ក្លាយ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​ដ៏​​ធំ​បំផុត​នៅ​អាស៊ាន? ចង់​មិន​ចង់​ គឺ​ចិន​នឹង​អន់​ចិត្ត។ ប៉ុន្តែ ការ​លូក​ដៃ​របស់​អាមេរិក ​គឺ​កាន់​តែ​ធ្វើ​ឲ្យ​អាស៊ាន​ខ្លាំង​ និង​តុល្យភាពអំណាច​ ហើយ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផល​វិជ្ជមាន​ពី​នេះ​ដែរ។ ទាំង​នេះ​ផ្ទុយ​អំពី​ការ​ប្រកួត​ប្រជែង​របស់​មហាអំណាច​​នៅ​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​រង​ការ​ខ្ទេចខ្ទាំ ព្រោះ​នៅ​ពេល​នោះ​គេ​ឈ្លោះ​គ្នា​ព្រោះ​តែ​ចង់​បាន​តំបន់ និង ចង់​ចាញ់​ឈ្នះ​រវាង​សេរី និង កុម្មុយនិស្ត​ឥណ្ឌូចិន ប៉ុន្តែ​ឥឡូវ​នេះ​មិន​ដូច​មុន​ទេ គេ​ប្រកួត​គ្នា​រឿង​សេដ្ឋកិច្ច (ផលិតផល) ប៉ុណ្ណោះ ដូច្នេះ វា​មិន​មាន​​បញ្ហា​អ្វី​នោះ​ទេ។ តែ​យើង​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា​បន្ថែម​ទៀត។ លោក ឌៀប សុផល និយាយ។

 

មេដឹកនាំ​អាស៊ាន​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ គឺជា ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ត្រឹមត្រូវ​ ព្រោះ​អាស៊ាន​បាន​ប្រាប់​ពិភព​លោក​ថា អាស៊ាន​មិនមែន​ចាប់​ដៃ​តែ​ម្ខាងៗ មានន័យ​ថា មិនមែន​តែ​ចិន ឬ អាមេរិក​សុទ្ធ​ទេ តែ​អាស៊ាន​បើក​ចំហ​ទីផ្សារ។ លោក​សាស្ត្រាចារ្យ​លើក​ឡើង។

 

ដោយ​ឃើញ​ពី​ដំណើរ​ត្រឹមត្រូវ​របស់​អាស៊ាន លោក​សាស្ត្រាចារ្យ​ ឌៀប សុផល បាន​លើកឡើង​ថា អាស៊ាន​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ក្នុង​នោះ​រួមមាន​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​មួយ​រូប។

 

តើ​កម្ពុជា​នឹង​ទទួល​បាន​ផល​វិជ្ជមាន​អ្វី​ពី​សហរដ្ឋ​អាមេរិក? ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​សាស្ត្រាចារ្យ​បាន​ពន្យល់​ថា អាមេរិក​បាន​ផ្ដល់​កូត្តា​សំលៀកបំពាក់​មក​ដល់​កម្ពុជា​រួច​មក​ហើយ ដូច្នេះ ប្រសិន​បើ​អាមេរិក​កាន់តែ​ពង្រឹង​នៅ​តំបន់​អាស៊ាន ហើយ​ប្រទេស​កម្ពុជា​នៅ​មាន​សក្ដានុពល​ច្រើន​ ជាពិសេស​ វិស័យ​ឧស្សាហកម្ម។

 

ប្រសិន​បើ​អាមេរិក​ចាប់​វិនិយោគ​ច្រើន​លើ​វិស័យ​មួយ​នេះ​នៅ​ប្រទេស​កម្ពុជា គឺ​ប្រទេស​មួយ​នេះ​នឹង​លែង​ក្លាយ​ជា​ប្រទេស​ពី​កម្មករ​ប្រើ​កម្លាំង ងាក​មក​ជា​កម្មករ ឬ បុគ្គលិក​ដែល​មាន​បច្ចេកទេស​ខ្ពស់។ មួយ​វិញ​ទៀត ក៏​ជា​ផ្នែក​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព​អាច​មាន​ការងារ​ល្អៗ​ធ្វើ។ “ខ្ញុំ​ជឿថា យុវជន​យើង​ឥឡូវ​នេះ​មាន​សមត្ថភាព​ច្រើន ពួកគេ​ចេះ​ច្រើន​ ហើយ​ពួកគេ​នឹង​មាន​ឱកាស​ល្អ​ថែម​ទៀត ប្រសិន​បើ​អាមេរិក​មក​បណ្ដាក់​ទុន​នៅ​ស្រុក​ខ្មែរ”។

 

កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​សហរដ្ឋអាមេរិក ដោយ​មាន​រយៈពេល​ពីរ​ថ្ងៃ​ គឹចាប់​ពី​ថ្ងៃ​ទី ១៥-១៦ ខែ​កុម្ភៈ ឆ្នាំ ២០១៦។ លោក អូបាម៉ា ប្រធានាធិបតី អាមេរិក ធ្លាប់​បាន​លើក​ឡើង​ថា ការ​ទទួល​មេដឹកនាំ​អាស៊ាន​​ គឹជា ការ​ទម្លាយ​ភាព​ទាល់​ច្រក​ក្នុង​ក្ដី​ប្រាថ្នា​របស់​មេដឹកនាំ​អាមេរិក​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ាន។​

 

ដើម្បី​ទទួល​ផល​ចំណេញ​ពី​ទំនាក់ទំនង​មហាអំណាច លោក​សាស្ត្រាចារ្យ​ ឌៀប សុផល បាន​បញ្ចេញ​ទស្សនៈ​ថា កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហ​កណ្ដាល​អាមេរិក​ក៏​ចាប់ ចិន​ក៏​យក គឺ​ធ្វើ​ដូច្នេះ​ ដើម្បី​បង្កើន​តុល្យភាព​អំណា​ច​ផង និង សេដ្ឋកិច្ច​ផង៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា