ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ តាំងពី​ណា​ពី​ណី​មក​គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា​ស្ថានីយទូរទស្សន៍​CNC ផ្ដោត​តែ​លើ​ព័ត៌មាន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​ប៉ុស្ដិ៍​ព័ត៌មាន​ឈានមុខ​គេ ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ស្ថានីយទូរទស្សន៍​មួយ​នេះ​បាន​កែទម្រង់​ដោយ​មាន​បង្កើត​កម្មវិធី​តន្ត្រី​កម្សាន្ត និង​បាន​ទាំង​ប្រកាស​បើក​ការ​ប្រដាល់​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​ទៅ​ទៀត ដែល​គ្រោង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ទី​២១ កុម្ភៈ ស​ប្ដា​ហ៍​នេះ ដោយ​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ហាក់​មានការ​រំពឹង​ខ្លាំង​បំផុត​ពី​ទំហំ​ជោគជ័យ បើ​ទោះជា​ការ​ប្រដាល់​អន្តរជាតិ​បែប​នេះ​មាន​ច្រើន​មក​ហើយ​ស្ទើរ​គ្រប់​សង្វៀន​ក្ដី​។

ការ​ប្រដាល់​ដែល​គ្រោង​ដំណើរការ​មិន​ធ្លាប់​មាន​នេះ ត្រូវ​កំណត់​ឈ្មោះ​ថា «​សមរភូមិ​គុន​ខ្មែរ​អន្តរជាតិ​ស្រា​សាច់ដុំ​» ដែល​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុនស្រា​សាច់ដុំ និង​ស្រា​បៀរ Black Cat ។ ព្រឹត្តិការណ៍​នេះ នឹង​កំណត់​រៀបចំ​ឲ្យ​មានការ​ប្រដាល់​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ដោយ​ក្នុង​ស​ប្ដា​ហ៍​ដំបូង​ដែល​នឹង​បើក​ឆាក​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ គឺ​នឹង​មាន​កីឡាករ​កម្ពុជា​២​រូប​និង​ថៃ​២​រូប​ប្រកួត​គ្នា​ស្វាគមន៍​អ្នក​ទស្សនា​។ នៅ​ក្នុង​វេទិកា​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ​ម្សិលម្ង៉ៃ មន្ត្រី​អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ពីក្រោយ​ការ​ប្រកួត​អន្តរជាតិ​ដែល​នឹង​រៀបចំ​ឡើង​មួ​យស​ប្ដា​ហ៍​ម្នាក់​ជាមួយនឹង​ការ​ប្រកួត​កម្រិត​ជាតិ សង្វៀន​ប្រដាល់​របស់​CNC ក៏​នឹង​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ឬ​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​«​សមរភូមិ​គុន​ខ្មែរ​អន្តរជាតិ​ស្រា​សាច់ដុំ​» នេះ​ផង​ដែរ ។

លោក ម៉ា សេរី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​អន្តរជាតិ​ដែល​ចាប់ផ្ដើម​នេះ មិន​មានការ​កំណត់​ថា​អាទិត្យ​ណាមួយ​ក្នុង​ខែ​នីមួយ​ៗ​ទើប​សម្រេច​ឲ្យ​មានការ​ប្រកួត​អន្តរជាតិ​នោះ​ទេ ដោយ​ត្រូវ​ឆ្លាស់គ្នា​ចុះឡើង​ៗ រាប់​ចាប់តាំងពី​ថ្ងៃអាទិត្យ​ទី​២១ កុម្ភៈ ខាង​មុខ​នេះ​តទៅ ។ លោក​ថា ការ​បើក​ឆាក​នៅ​ថ្ងៃ​ដំបូង​នឹង​មានការ​ប្រកួត​២​គូរ​វាង​កីឡាករ​កម្ពុជា​និង​ថៃ ។ ដូច្នេះ​រាប់​ចាប់ពី​ការ​ប្រកួត​នេះ​ទៅ គឺ​នឹង​មានការ​ប្រកួត​អន្តរជាតិ​បន្តបន្ទាប់​ទៀត ដោយ​ផ្លាស់​ប្ដូរ​គ្នា​ជាមួយ​ការ​ប្រកួត​ក្នុងស្រុក ដោយ​មិន​កំណត់​ថា​ការ​ប្រកួត​អន្តរជាតិ​គឺ​ទាល់តែ​ជាស​ប្ដា​ហ៍​ទី​១ ឬ​ទី​២​ក្នុង​ខែ​នីមួយ​ៗ​ទើប​កំណត់​ឲ្យ​មាន​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ទេ ។

អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​នឹង​ត្រូវ​ប្រែប្រួល​មិន​ទៀង​អាទិត្យ​ទី​ប៉ុន្មាន​ឲ្យ​ច្បាស់​នោះ​ទេ ជា​ពិសេស​ចំពោះ​ខែ​ទាំងឡាយ​ណា​ដែល​មាន​ថ្ងៃអាទិត្យ​រហូត​ដល់​៥​ដង ។ លោក​និយាយ​ថា​៖«​ជា​គោលការណ៍​គឺ​ថ្ងៃ​បើក​ឆាក​យើង​ដាក់​គូ​អន្តរជាតិ អ​ញ្ចឹ​ង​រាប់​ពី​ហ្នឹង​ទៅ​រំលង​មួយ​អាទិត្យ គឺ​ដល់​ប្រដាល់​អន្តរជាតិ​ទៀត​ហើយ អត់​មាន​កំណត់​ថា​អាទិត្យ​ទី​៣ ឬ​ទី​៤ ទើប​ដាក់​អន្តរជាតិ​នោះ​ទេ​!»​។ លោក​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​មានការ​តាមដាន​ជា​ប្រចាំ​ទៅ​លើ​ការ​ប្រដាល់​«​សមរភូមិ​គុន​ខ្មែរ​អន្តរជាតិ​ស្រា​សាច់ដុំ​»​ពី​សំណាក់​អ្នក​ស្នេហា​ការ​ប្រដាល់​នៅ​ពេល​កម្មវិធី​ទាំងមូល​ដំណើរការ ។ លោក​ថា ការ​ប្រដាល់​នឹង​ចាប់ផ្ដើម​ឡើង​រៀងរាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​រហូត​ដល់​ម៉ោង​៥​ល្ងាច ដោយ​មានការ​រំពឹង​ថា ចំនួន​អ្នក​មក​ទស្សនា​គឺ​មិន​អន់​ជាង​ការ​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ផ្សេង​ៗ​នោះ​ឡើយ ។ ក្នុង​នោះ​លោក​ក៏​គ្មាន​យុទ្ធសាស្ត្រ​ទាក់ទង​កីឡាករ​បរទេស​ឲ្យ​មក​ប្រកួត​ខុស​ពី​កីឡាករ​ថៃ​នោះ​ដែរ ដោយសារ​ទី​មួយ​បញ្ហា​តម្លៃ​ខ្លួន​ផ្លូវ​ឆ្ងាយ និង​ទី​២ គឺ​បញ្ហា​កីឡាករ​ប្រដាល់​ផ្សេង​ៗ​ដែល​ខុស​ពី​ជនជាតិ​ថៃ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការយ​កមក​ប្រកួត​នោះ​ផង ។

លោក ទេព សុ​ឃាង ប្រធាន​ផ្នែក​លក់​ស្រា​បៀរ Black Cat និង​ស្រា​សាច់ដុំ បាន​អះអាង​ថា ការ​សម្រេច​រៀបចំ​ឲ្យ​មានកម្ម​វិធី​ប្រដាល់​ជាមួយ​ទូរទស្សន៍ CNC ឡើង គឺ​ដោយសារ​តែ​មាន​បំណង​លើកកម្ពស់​វិស័យ​ប្រដាល់​ឲ្យ​កាន់តែ​មាន​សន្ទុះ​ឆ្ពោះទៅ​មុខ​នា​ពេល​ចុង​ក្រោយ ។ លោក​ថា បើ​ទោះជា​ការ​ប្រដាល់​មាន​ច្រើន​ស្ទើរ​គ្រប់​ស្ថានីយ​ទូរទស្សន៍ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ចិត្ត​អ្នក​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស​នោះ​ឡើយ ទើប​សម្រេច​បើក​ឲ្យ​មានការ​ប្រដាល់​មួយ​នេះ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ទស្សនា​កាន់តែ​មានឱកាស​កម្សាន្ត​ជាមួយ​កីឡាប្រដាល់ និង​បើកឱកាស​ឲ្យ​កីឡាករ​នៅ​ទូ​ទាំង​ប្រទេស​បាន​ពង្រឹង​ទីផ្សារ​របស់​ខ្លួន​ដើម្បី​បង្កើន​សមត្ថភាព និង​ប្រាក់​ចំណូល ។ លោក​ថា នា​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុនស្រា​បៀរ Black Cat និង​ស្រា​សាច់ដុំ បាន​ដុតដៃដុតជើង​យ៉ាង​ខ្លាំង​រៀបចំ​ការ​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាយ័ន CTN និង​ចុង​ក្រោយ​នេះ​គឺជា​មួយ CNC ដោយ​រំពឹង​ថា​នឹង​បាន​ជួយ​ច្រើន​ដល់​វិស័យ​កីឡាប្រដាល់​នៅ​កម្ពុជា ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ប្រកាស​ដដែល​ជា​ដដែល​សុំ​ឲ្យ​កីឡាករ និង​គ្រូបង្វឹក​បង្កើន​សមត្ថភាព​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ការ​ប្រដាល់​កាន់តែ​មាន​ច្រើន​សង្វៀន​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ។ លោក​ក៏​ទទូច​សុំ​ឲ្យ​មន្ត្រី​បច្ចេកទេស​ទាំងអស់​សហការ​ផ្ដល់​សម្ភាសន៍​ដល់​អ្នកកាសែត ចៀសវាង​គេចវេះ​មិន​ព្រម​សម្ភាសន៍​ហើយ​បណ្ដាល​ឲ្យ​អ្នកកាសែត​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​ក្នុង​ពេល​មាន​ច​ម្ង​ល់​នោះ​ផង​ដែរ ។ លោក​ប្រកាស​ដាក់​កំហិត​ដល់​មន្ត្រី​ទាំងនោះ​បើ​មានការ​ស្នើ​សុំ​សម្ភាសន៍​ពី​អ្នក​សារព័ត៌មាន​ហើយ​ត្រូវ​តែ​យល់ព្រម​មិន​ត្រូវ​រក​លេស​ផ្សេង​ៗ​ដើម្បី​គេច​ចេញ​នោះ​ទេ ៕