ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់ ត្រូវ​ជនសង្ស័យ​៣​នាក់​ស្លៀកពាក់​កងកម្លាំង​សមត្ថកិច្ច​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាត់​ដោយ​​សុវត្ថិភាព កាលពី​ម៉ោងជាង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​ក្រោម​ស្ពាន​អាកាស​៥​មក​រា ក្នុង​សង្កាត់​ផ្សារ​ដេរ​ប៉ូ​៣ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ តែ​ជា​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ​ហេង ស្រី​ស្រស់ អាយុ​២០​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ម៉ូតូ​ដែល​ចោរ​យក​ទៅ​នោះ​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម​លាយ​.​ស មិន​ចាំ​ស្លាក​លេខ​ច្បាស់ ។ រីឯ​អ្នក​ឌុ​ប​ឈ្មោះ​ស្រស់ អាយុ​២៥​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ម្តុំ​ផ្សារ​អូ​ប្ញ​ស្សី ខណ្ឌ​៧​មក​រា  ។ ចំណែកឯ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ បន្លំ​ធ្វើ​ជា​សមត្ថកិច្ច​តែ​មិន​ច្បាស់​ថា ជា​នគរបាល ទាហាន ឬ​អាវុធហត្ថ​ទេ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។

ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ចេញពីផ្ទះ​នៅ​ម្ដុំ​ផ្សារ​អូ​រប្ញ​ស្សី បម្រុង​ទៅ​មាត់ទន្លេ ហើយ​ក្រោយមក ពួក​គាត់​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ពី​ម្ដុំ​មាត់ទន្លេ​ជិះ​ដើរ​លេង​រហូត​ដល់​ខុន​ដូ​មួយ​កន្លែង តាម​ផ្លូវ​៦០៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ពេល​នោះ​គាត់​ទាំង​២​នាក់​បាន​ទាស់​ពាក្យ​សម្តី​គ្នា​បន្តិច ហើយ​ក៏​បាន​ឈប់​ម៉ូតូ​ប្រកែក​គ្នា ស្រាប់តែ​មាន​ម៉ូតូ​ជនសង្ស័យ​ខាងលើ មាន​វិទ្យុទាក់ទង​ខ្នោះដៃ និង​មាន​កាំភ្លើង​នៅ​នឹង​ចង្កេះ​ទៀត​ផង បាន​ជិះ​ទៅ​វិញ​ទៅ​មក​ចុះឡើង​នៅ​ជិត​កន្លែង​​ពួក​គេ​ឈប់​ម៉ូតូ​ប្រកែក​គ្នា ។

ក្រោយមក ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​នោះ​រហូត​ដល់​ចំណុច​រង្វង់​មួល​ទួល​គោក ស្រាប់តែ​ឃើញ​ម៉ូតូ​ខាងលើ​ជិះ​ដេញ​មក​ពីក្រោយ តែ​ជន​រង​គ្រោះ​ទាំង​២​ស្មានថា ជា​កងកម្លាំង​សមត្ថកិច្ច​ណាមួយ ទើប​មិន​ខ្វល់​ពេល​ជិះ​ចូល​ដល់​ផ្លូវ​ក្រោម​ដី​ស្រាប់​តែ​ម៉ូតូ​ជនសង្ស័យ​ខាងលើ បាន​ជិះ​មក​ជិត​ហើយ​កៀរ​ជន​រង​គ្រោះ​ទាំង​២​ឱ្យ​ឈប់​ម៉ូតូ​ពេល​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម ហើយ​ភ្ជង់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់ ហើយ​ខ្លាច​ជនសង្ស័យ​បាញ់​សម្លាប់​ជន​រង​គ្រោះ​បាន​ប្រគល់​​ម៉ូតូ​ឱ្យទៅ​ជនសង្ស័យ​ជិះ​ចេញ​ទៅ​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ អ្នក​ទាំង​២​បាន​រត់ឡើង​មក​លើ​ផ្លូវ​ធំ​ហើយ​ស្រែ​កថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ។ បន្ទាប់​មក ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​ដេប៉ូ​៣ ដើម្បី​ស្វែងរក​ជនសង្ស័យ​មក​ដាក់ទោស​ទៅ​តាម​នីតិវិធី ។