អាមេរិក​៖ ការអញ្ជើញ​មេដឹកនាំ​អាស៊ាន​រំលោភ​សិទ្ធិមនុស្ស មិនមែនជា​ការផ្តល់​ភាពស្របច្បាប់​ឡើយ​

Rancho Mirage -​សហរដ្ឋអាមេរិក​៖ មន្ត្រីជាន់ខ្ពស់​អាមេរិក​បាន​បកស្រាយ ថា ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ដែល​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ដែលមាន​បញ្ហា​ចម្រូងចម្រាស​រឿង​សិទ្ធិមនុស្ស​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​មិនមែន​មានន័យថា​អាមេរិក​លែង​ខ្វល់​ពី​ប្រជាធិបតេយ្យ និង​មិនមែនជា​ការផ្តល់​ភាពស្របច្បាប់​ដល់​សកម្ម​ភាព​ឬ​ទង្វើ​ពួកគេ​ឡើយ​។

 ការអញ្ជើញ​មេដឹកនាំ​អាស៊ាន​មួយចំនួន​ដែលមាន​រឿងអាស្រូវ​រឿង​រំលោភសិទ្ធិ​មនុស្ស​មកកាន់​កិច្ចប្រជុំ កំពូល​អាស៊ាន អាមេរិក នៅ​ទីក្រុង Rancho Mirage  រដ្ឋកា​លី​ហ្វ​រ​នីញ៉ា នៅតែ​ជា​រឿងចម្រូងចម្រាស​ខ្លាំង​។ ចលនា​បាតុកម្ម​កើតឡើង​ប្រឆាំង​វត្តមាន​មេដឹកនាំ​នេះ ហើយ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​មួយចំនួន​រិះគន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ហៅ​មេដឹកនាំ​អាស៊ាន​ដែលមាន​វត្ត​មាននៅ​ទីក្រុង Rancho Mirage ថា​ជា​ក្រុម​ជន​ផ្តាច់ការ​ផង​។​

 ហើយ​ខ្លះ​ថា នយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​របស់ លោក អូ​បា​ម៉ា កំពុងផ្តល់​ភាពស្របច្បាប់​ដល់​រដ្ឋាភិបាល​និង​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិមនុស្ស មិនមែន​ជួយ​សង្គម​ស៊ីវិល​និង​ប្រជាជន​ឡើ​យ៊​
​ឆ្លើយតប​ការរិះគន់​នេះ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Rancho Mirage  ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោកស្រី​ឯកអគ្គរដ្ឋទូត Susan Rice បាន​បកស្រាយ​ថា ការ​លើកឡើងថា អាមេរិក​កំពុងផ្តល់​ភាពស្របច្បាប់​ដល់​មេដឹកនាំ​រំលោភសិទ្ធិ​មនុស្ស​ដោយ​មិន​ខ្វល់​ពី​បញ្ហា​ប្រជាធិបតេយ្យ​នោះ មិន​ត្រឹមត្រូវ​ឡើយ ហើយ​អ្វី​អាមេរិក​កំពុង​ធ្វើ​គឺ​ដើម្បី​ដោះស្រាយ​និង​ជំរុញ​ការលើកកម្ពស់​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​។

​លោកស្រី​ថា ៖«​យើង​មាន​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​នានា​លើ​ពិភពលោក  រួមទាំង​ប្រទេស​ដែលមាន​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផង​។ វា​មិនមែន​មានន័យថា យើង​កំពុងផ្តល់​ភាពស្របច្បាប់​ដល់​ពួកគេ​ឬ​ដល់​ទង្វើរ​ដែល​ពួកគេ​ធ្វើ​ទេ​។ អ្វីដែល​យើង​ធ្វើ​ក៏​មិន​ប៉ះពាល់​ដល់​ការប្រឹងប្រែង​ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ​និង​សង្គម​ស៊ីវិល​ដែរ​»​។​

​ក្រៅពី​បដិសេធ​ការរិះគន់​នេះ និង​បញ្ជាក់ថា​អាមេរិក​មិនមែន​ផ្តល់​ភាពស្រប់ច្បាប់​ដល់​មេដឹកនាំ​អាស៊ាន​ដែលមាន​រឿងអាស្រូវ​សិទ្ធិមនុស្ស លោកស្រី​ក៏បាន​ពន្យល់​ផងដែរ​ថា សហរដ្ឋអាមេរិក​តែ​តែមាន​ការភ្ជាប់​ទំនាក់ទំនង​និង​ជជែក​ជា​សាធារណៈ​ក្តី ឯកជន​ក្តី ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ឬ​ប្រជាជន​ជាដើម​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស ។​

​ហើយ​មុន​កិច្ចប្រជុំ​រៀបចំឡើង លោកស្រី ផ្ទាល់​ក៏បាន​ឆ្លៀតឱកាស​ប្រមែរ​ប្រមូល​សកម្មជន​សិទ្ធិមនុស្ស​និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​មក​ពិភាក្សាគ្នា​នៅ​ក្រុង​វ៉ាស៊ីនតោន​ផងដែរ ។ នេះ​ក៏​ដើម្បី​ស្តាប់​ពី​កង្វល់​សង្គម​ស៊ីវិល និង​អ្វីដែល​ពួកគេ​ចង់បាន និង​ចង់​ឲ្យ​មេដឹកនាំ​គេ​ដោះស្រាយ  ហើយ​កង្វល់​ទាំងនេះ​អាច​នឹងត្រូវ​យកទៅ​ជជែក​ក្នុង​កិច្ចប្រជុំ​អាមេរិក​អាស៊ាន​រវាង​លោក អូ​បា​ម៉ា និង​មេដឹកនាំ​អាស៊ាន​នីមួយៗ​ផង​។​

​សូមបញ្ជាក់ថា ក្រៅពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រធាន​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​លោក Brad Adam ក៏​ធ្លាប់​ចេញមុខ​រិះគន់​លោក អូ​បា​ម៉ា ដែល​អញ្ជើញសម្តេច ហ៊ុន សែន លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា និង​បណ្តា​មេដឹកនាំ អាស៊ាន​ដូចជា​វៀតណាម ប្រ៊ុយណេ និង​ឡាវ​ជាដើម​។ លោក​ថា លោក អូ​បា​ម៉ា​កំពុង​យក​ប្រយោជន៍​សេដ្ឋកិច្ច​ធំ​ជាង​តម្លៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម​ដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​