​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា យុវជន​សកម្ម ជាតិ​ខ្លាំង​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ នៅថ្ងៃនេះ​បានបញ្ជាក់​ថា ពលរដ្ឋ​ម្នាក់ៗ​ជា​សមាជិក​នៃ​សង្គម ពេលដែល​ពលរដ្ឋ​សកម្ម ជាពិសេស​យុវជន​សកម្ម ដែលជា​កម្លាំង​ពលកម្ម កម្លាំងចលករ កម្លាំង​បញ្ញា​ស្មារតី កម្លាំង​ចូលរួម​គ្រប់​វិស័យ ទាំង​នយោបាយ ទាំង​សង្គម ទាំង​សេដ្ឋកិច្ច ហើយ​ការអភិវឌ្ឍ​សង្គម​នោះ ឲ្យ​ទៅជា​សង្គម​ជឿនលឿន រដ្ឋ​ទំនើប បែប​ប្រជាធិបតេយ្យ​ចូលរួមបាន​។ ការអភិវឌ្ឍន៍​សង្គម​ជាតិ​មួយ​ឲ្យ​មាន​អ្វីៗ ដែលជា​ក្ដី​ប្រាថ្នា​របស់​រាស្ត្រប្រជា គេ​តែងតែ​រៀបចំ​ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​សុខាភិបាល ដើម្បី​កសាង​ធនធានមនុស្ស​ឲ្យ​ខ្លាំង ពោល​គឺជា​ធនធានមនុស្ស​ដែលមាន​ការអប់រំ​ខ្ពស់ សុខ​ភាពល្អ​រឹងប៉ឹង​មាំមួន មាន​ការគិត​ស៊ីជម្រៅ​ថ្លឹងថ្លែង មានគំនិត​ច្នៃប្រឌិត​ខ្ពស់ មាន​ភាពជា​ពលរដ្ឋ​ថ្លៃថ្នូរ​ល្អ​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ដែលជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរនោះ បាន​ពន្យល់ថា​តាមរយៈ​គ្រួសារ សាលា សាសនា សង្គម ត្រូវ​បណ្តុះ​ផ្នត់គំនិត​ដល់​សិស្ស​និស្សិត យុវជន និង​ពលរដ្ឋ​ទាំងអស់​ឲ្យ​មាន​សីលធម៌ មាន​មនសិការ​ស្នេហា​សង្គមជាតិ មាន​ឧត្ដមគតិ​ជាតិ មាន​មោទនភាព​ជាតិ មាន​ភាពអាម៉ាស់​នឹង​ការប្រព្រឹត្ត​នូវ​អំពើពុករលួយ ស្រឡាញ់​យុត្តិធម៌ ជាមុនសិន​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា ជា​ចំណុច​ចាប់ផ្ដើម គឺ​ការអភិវឌ្ឍ​ខ្លួន​រួច​ឈានទៅ​ចូលរួម​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ​។ លើសពីនេះទៅទៀត គឺ​ការអភិវឌ្ឍ​ខ្លួន​ជាប្រចាំ​ដោយ​ចូលរួម​យ៉ាងសកម្ម​ជួយ​ដោះស្រាយ​បញ្ហា​សង្គមជាតិ​។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​ភាពជា​ពលរដ្ឋ​ថ្លៃថ្នូរ​ល្អ គឺ​គោរព​ច្បាប់ មាន​សីលធម៌​ល្អ មាន​សុចរិត​ភាព ចូលរួម​ដោះស្រាយ​បញ្ហា​សង្គមជាតិ មិន​ប្រព្រឹត្ត​អំពើពុករលួយ មិន​រំលោភ​ទ្រព្យសម្បត្តិ​អ្នកដទៃ មិន​រំលោភសិទ្ធិ​អ្នកដទៃ មិន​បង្ក​ហិង្សា មិន​គាំទ្រ​សកម្មភាព​ដែល​បំផ្លាញ​ជាតិ និង​មិន​ធ្វើ​សកម្មភាព​ណា​ដែល​ប៉ះពាល់​ដល់​សង្គម​ឡើយ​។ គួរ​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​គោលនយោបាយ​ផ្តល់ឱកាស​ដល់​យុវជន​គ្រប់រូប​អាច​ចូលរួម​សកម្មភាព​នយោបាយ​ដោយ​ស្មើភាព​ផងដែរ​៕

12744554_1068569089873222_3725883218693520984_n 12717385_1068569183206546_8361186574876020333_n​    ​