ឆ្នាំ២០១៦ កម្ពុជានឹងមាន ផ្ទៃដីដាំដំណាំ កើនឡើងជាងឆ្នាំមុន

ភ្នំពេញ៖ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៦ នឹងមានផ្ទៃដីដាំដំណាំរួមផ្សំ កើនឡើងជាងឆ្នាំមុន ដល់ទៅ៦៨០៤ហិកតា ខណៈបច្ចុប្បន្ននេះ ការអនុវត្តន៍ចំនួន ៧៦,៤១៤ហិកតា ស្មើនឹង១៧៨,៩៦ភាគរយ នៃផែនការដែលបាន កំណត់៤២,៦៩៨ហិកតា ។

បើតាមទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP) ស្រង់របាយការណ៍របស់ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ថា “ល្បឿននៃការងារបង្កបង្កើន ផលស្រូវរដូវប្រាំងឆ្នាំ២០១៥-២០១៦ ដែលគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ សប្តាហ៍មុន លើការងារដាំដុះ បានទទួលលទ្ធផលជាបន្តបន្ទាប់”។
ចំពោះលទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន៥៣០.៦៤២ហិកតា តិចជាងឆ្នាំមុនចំនួន៣៨.៩៧៩ហិកតា ក្នុងនោះភ្ជួររាស់ដោយគោក្របីចំនួន១៧.៣១៣ហិកតា ស្មើនិង ៣,២៦ភាគរយ និងដោយគ្រឿងយន្ត ចំនួន ៥១៣.៣២៩ហិកតា ស្មើនឹង៩៦,៧៤ភាគរយ និងសាបបានសរុបចំនួន១.១៦៣ហិកតា តិចជាងឆ្នាំមុនចំនួន ២.៨៥២ហិតា។

ដោយឡែក ការងារស្ទូងនិងព្រោះ សម្រេចបានចំនួន៤៨៣.៩៣៣ហិកតា ស្មើនឹង១១៥,៩៦ ភាគរយ នៃផែនការ ៤១៧,៣២៥ហិកតា តិចជាងឆ្នាំមុន ១.៥៤០ហិកតា។
រីឯល្បឿនការងារ ប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៦ ក្នុងសប្តាហ៍កន្លងទៅនេះ សម្រេចបានចំនួន ១៩៦,៧៨៨ហិកតា នៃផ្ទៃដីអនុវត្តន៍បាន ចំនួន៤៨៣,៩៣៣ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន៤៥៣,១៤៦តោន និងទិន្នផលគិតជាមធ្យមទទួលបាន៤,៣៣៥តោនក្នុង១ហិកតា តិចជាងឆ្នាំមុន ៤០គីឡូក្រោមក្នុង១ហិកតា។

ផ្អែកតាមលទ្ធផលខាងលើនេះ ក្រសួងកសិកម្មបានពិនិត្យឃើញថា ល្បឿននៃការងារបង្កបង្កើនផលស្រូវរដូវប្រាំងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសដំណាំស្រូវ សម្រេចបាន១១៥,៩៦ភាគរយ ហើយឈាននិងបញ្ចប់ការដាំដុះដែរ។
ទន្ទឹមនឹងនេះប្រជាកសិករបាន និងកំពុងមមាញឹកដំណើរការច្រូតកាត់ និងឱ្យទាន់ពេល វេលា ប្រមូលផល ដើម្បីជៀសវាងការបាត់បង់ ផលក្នុងពេលច្រូតកាត់។ ជាមួយគ្នាក្រសួងកសិកម្មមានវិធាន ការបន្តជំរុញការអប់រំណែនាំដល់ប្រជាកសិករ ឱ្យខិតខំបង្កើនបន្ថែមទៀតលើការថែទាំដំណាំស្រូវប្រាំង ៕

ឆ្នាំ២០១៦ កម្ពុជានឹងមាន ផ្ទៃដីដាំដំណាំ កើនឡើងជាងឆ្នាំមុន