ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល​ ៖​ ​ជន​សង្ស័យ​ម្នាក់​​​​​​​ត្រូវ​បាននគរបាល​ស្រុក​កោះធំ​ឃាត់​ខ្លួន​​ពី​​​បទ​ចាប់​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​​រំលោភ​សេពសន្ថវៈ ​កាលពី​ម៉ោង​១២ថ្ងៃត្រង់ថ្ងៃ​ទី​១៥ កុ​ម្ភៈ ​​ស្ថិត​នៅ​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ​ ។​

​​លោក​ ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា​​ ជនសង្ស័យ​​​ឈ្មោះ កង ណូ ​អាយុ​២៤​ឆ្នាំ ​ជា​​កសិករ​មាន​ទីលំនៅ​​ភូមិ​កើតហេតុ​ខាងលើ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ អាយុ​៨​ឆ្នាំ​​ ជាសិស្ស​ ​មាន​ទី​លំនៅ​ស្រុក​កោះ​ធំ ។

លោក​អធិការ​បាន​បន្ត​​ថា​ ​​មុន​ពេល​​កើតហេតុ ​ជនសង្ស័យ​បាន​យក​គោ​ទៅ​ឃ្វាល​នៅ​​​ចំណុច​កើតហេតុ​ខាងលើ ពេល​ចង​គោ​​​បាន​ដើរ​​​ទៅ​​ផ្ទះ មួយសន្ទុះក្រោយ​មក​ក៏វិល​ត្រឡប់​ទៅ​កន្លែង​ចង​គោ​វិញ ​ស្រប​ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដើរ​តែ​ម្នាក់ឯង​ទៅ​ហៅ​មិត្តភក្ដិ​ទៅ​សាលារៀន​ ​ដោយ​នៅ​តាមផ្លូវ​ស្ងាត់​​ ជនសង្ស័យឃើញ​​ក៏ធ្វើ​សកម្ម​ភាព​ចាប់​ក្មេង​ស្រី​​ផ្តួល​ទៅ​​លើ​ដី​​ហើយ​ស្រាត​ខោ​ក្មេង​ស្រី និង​ស្រាត​ខោខ្លួន​ឯង​ រួច​ឡើង​ពោប​ពីលើ​​ដោយ​យក​​ដៃ​ខ្ទប់​មាត់​ក្មេងស្រី​​កុំឱ្យ​ស្រែក​បំណង​ចាប់រំលោភ ​។​ ប៉ុន្តែ​​ត្រូវ​ក្មេង​​ស្រី​​​​​រើបំរះ និង​​ស្រែក​​ឱ្យ​គេ​ជួយ​យ៉ាង​ខ្លាំង ​ខណៈនោះ​មាន​ស្ត្រី​ម្នាក់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​​​ឮ​សំឡេង​ក្មេង​ស្រី​ស្រែក​ឱ្យ​ជួយ ក៏​ប្រញាប់​រត់​​ទៅមើល​ ឃើញជន​សង្ស័យ​ធ្វើ​សកម្មភាព​​ទៅ​លើ​ក្មេង​ស្រី​​រង​គ្រោះ​​ក៏​ស្រែក​​ឆោឡោ ធ្វើ​ឱ្យ​​ជនសង្ស័យ​​ភ័យ​ស្លន់​ស្លោ​​លើក​ខោ​រត់គេច​ ។

​ក្រោយ​កើតហេតុ ​ក្មេង​ស្រី​រង​គ្រោះបានរ​ត់ទៅ​ប្រាប់​ឪពុក​ម្ដាយ ​ហើយ​ឪពុក​ម្តាយ​​ក៏​​ទៅ​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួនជន​ស​ង្យ័​យ​តែ​ម្តង​ ។ ​

ជនសង្ស័យត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​​ក​សាង​​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕