តារាជើងចាស់ និងពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស មានមោទនភាព ចំពោះសម្តេចតេជោ ដែលដឹកនាំកម្ពុជា ឲ្យមានសន្តិភាព និងរីកចម្រើនទៅមុខ

ភ្នំពេញ៖ ក្រុមតារាជើងចាស់កម្ពុជា និងបងប្អូនប្រជាលពរដ្ឋ ខ្មែរជាច្រើន ដែលកំពុងរស់នៅប្រទេសអាមេរិក និងកាណាដាជាដើម បានបង្ហាញនូវ មោទនភាពចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងរីកចម្រើនទៅមុខជាបណ្តើរៗ ដូចសព្វថ្ងៃនេះ។

យោងតាមវីឌីអូដែលបង្ហោះបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលបង្ហាញការគោរពស្វាគមន៍ ពីសំណាក់តារាចាស់ និងប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងអញ្ជើញទៅ ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលចាប់ផ្តើមពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក យស បូវណ្ណៈ អ្នកសិល្បៈជើងចាស់កម្ពុជា ដែលបានបាត់មុខ បាត់មាត់អស់ជាច្រើនឆ្នាំ បានលើកឡើងថា នេះជាលើកទីមួយ និងធំបំផុត ដែលសម្តេចនាយករដ្ឋមន្ត្រី បានចូលរួម កិច្ចប្រជុំអាស៊ាន នៅសហរដ្ឋអាមេរិកនេះ និងចំណុចមួយទៀត ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានមានឱកាសចូលរួមកិច្ចប្រជុំនេះជាមួយសម្តេចផងដែរ ព្រោះថា ពួកយើងចង់ដឹងថា ការរីកចម្រើនកម្ពុជាបានប៉ុណ្ណា។

លោកបានបន្តថា “កាលខ្ញុំនៅ (កម្ពុជា) កន្លែងខ្លះខ្វះខាតមែន តែដោយសារ ការកសាងជាតិ នៅដំណាក់នោះ យើងនៅខ្វះខាត ឥឡូវឃើញថា លឿនមែនទែន ដោយសារថា តាំងពីផ្លូវថ្នល់ឡាន ការងារផ្សេងៗ ដូចជាប្រព័ន្ធនយោបាយក្តី គឺថាសម្បូរបែប។ ខ្ញុំសែនត្រេកអរ និងសូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកឲ្យខ្ញុំ និងប្រជាពលរដ្ឋខ្មែរបានស្គាល់”។

តារាជើងចាស់រូបនេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្រៅ និងក្នុងប្រទេសទាំងអស់ បន្តរួមគ្នាធ្វើយ៉ាងណា រក្សានូវសេចក្តីសុខ សន្តិភាពពិតប្រាកដ ជូនដល់ប្រទេសជាតិ គឺមិនមានការប្រឆាំងវាយតប បង្កហិង្សា ដល់ប្រជាពលរដ្ឋខ្មែរគ្នាឯងនោះទេ។

សូមបញ្ជាក់ថា ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាននេះ មានប្រជាពលរដ្ឋខ្មែរស់នៅក្រៅប្រទេសជាច្រើន បានទៅគោរពស្វាគមន៍ និងមានមោទភាពយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនេះ គឺផ្ទុយទាំងស្រុងទៅ នឹងពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយក្តាប់តូច មកផ្គុំគ្នាតវ៉ានឹងដំណើរទស្សនកិច្ចនេះទៅវិញ៕