ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​បារម្ភ​ខ្លាច​ទាហាន​វៀតណាម​ធ្វើ​បាប

ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ដែល​រស់​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ចន្លោះ​បង្គោល​លេខ​១៤៩ និង​លេខ​១៥០ ស្ថិត​នៅ​ភូមិ​ព្រែកពក ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ព្រួយ​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​ទាហាន​វៀតណាម លើស​ពី ១០​នាក់ បាន​លួច​ឈូស​ឆាយ​រំលាយ​ផ្លូវ​ចូល​លំនៅឋាន​ពួក​គាត់ កាល​ពី​រាត្រី​ម៉ោង​២ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។ ទាក់ទិន​បញ្ហា​នេះ អាជ្ញាធរ​ខ្មែរ​ប្ដេជ្ញា​ជួយ​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ដែល​ចោទ​ទាហាន​វៀតណាម ឈូស​រំលាយ​ផ្លូវ​នៅ​មុខ​ផ្ទះ​របស់​គាត់​ដែល​មាន​ទទឹង​ទំហំ ៤​ម៉ែត្រ និង​បណ្តោយ ២៨​ម៉ែត្រ ត​ភ្ជាប់​ពី​មុខ​ផ្ទះ​រហូត​ដល់​ផ្លូវ​ធំ​ខ្សែ​ក្រវាត់​ព្រំដែន​នោះ អះអាង​ថា ពួក​គាត់​កំពុង​រស់នៅ​ក្នុង​ហានិភ័យ​រាល់​ថ្ងៃ។

លោកស្រី ឯក សាវុធ មាន​ទំនាស់​ជាមួយ​ទាហាន​វៀតណាម នេះ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ និង​ជួយ​ការពារ​សុវត្ថិភាព ដើម្បី​ឲ្យ​ពួក​គាត់​រស់នៅ​តាម​ព្រំដែន​ដោយ​គ្មាន​ហានិភ័យ។ លោកស្រី​បន្ថែម​ថា ផ្លូវ​មួយ​ខ្សែ​ដែល​រង​ការ​ខូចខាត​នោះ ឥឡូវ​អាជ្ញាធរ​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើង​វិញ​ហើយ​ក្នុង​ទំហំ​តែ​ជាង ១​ម៉ែត្រ​ប៉ុណ្ណោះ៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​គេ​គុំកួន​អី​អ៊ីចឹង​ណា ហើយ​រាល់​យប់​មិន​ដែល​ដេក​ទេ ខ្លាច។ សូម​ជួយ​ប្រកូក​ប្រកាស​ឲ្យ​គេ​ជួយ​ការពារ​ផង​ក្មួយ»

លោកស្រី ឯក សាវុធ អះអាង​ថា ដី​មួយ​ដុំ​នៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ចន្លោះ​បង្គោល​លេខ​១៤៩ និង​លេខ​១៥០ ស្ថិត​នៅ​ភូមិ​ព្រែកពក ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នោះ គឺ​ជា​កម្មសិទ្ធិ​របស់​គាត់ ដែល​បាន​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ មក និង​បាន​ចូល​ទៅ​រស់នៅ​ក្នុង​ឆ្នាំ​២០១២ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​វៀតណាម ទេ។ លុះ​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ លោកស្រី​បាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន ចូល​មក​ផ្ទះ​ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ទាហាន​វៀតណាម មាន​គ្នា​លើស​ពី ១០​នាក់ ប្រដាប់​ដោយ​កាំភ្លើង ប៉ែល និង​ចប​កាប់ បាន​លួច​ឈូស​ឆាយ​រំលាយ​ផ្លូវ​នោះ​នៅ​ម៉ោង​ប្រមាណ​ពីរ​យប់៖ «នៅ​ពេល​ល្ងាច​ឃើញ​ទាហាន​វៀតណាម មក​ថត​ឈរ​ឆ្ការ​ដៃ​ឆ្ការ​ជើង ដូច្នេះ​ហើយ​គ្មាន​អ្នក​ណា​ទេ មាន​តែ​ខាង​ហ្នឹង (វៀតណាម

ទាក់ទិន​បញ្ហា​នេះ មេ​ឃុំ​ថ្នាធ្នង់ លោក គឹម ញ៉ាញ ទទួល​ស្គាល់​ថា ដី​នោះ​គឺ​ជា​របស់​កម្ពុជា។ លោក​អះអាង​ថា អាជ្ញាធរ​កម្ពុជា បាន​សួរ​នាំ​ទៅ​ភាគី​វៀតណាម ហើយ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម បាន​បដិសេធ​ថា មិន​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ដោយ​អះអាង​ថា ទាហាន​វៀតណាម ទាំងអស់ បាន​ឈប់​សម្រាក​ចូលរួម​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម។

ទន្ទឹម​នេះ លោក​មេ​ឃុំ​ថ្នាធ្នង់ អះអាង​ថា ទោះ​បី​មិន​បាន​ជូន​ដំណឹង​ក៏ដោយ​ចុះ ប៉ុន្តែ​ការ​ពង្រឹង​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ គឺ​វា​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ៖ «ខ្ញុំ​មាន​ផែនការ​វិធានការ​ដើម្បី​សហការ​គ្នា​ជាមួយ​ប៉ុស្តិ៍ រដ្ឋបាល​ភូមិ ក៏ដូចជា​បញ្ហា​ព្រំដែន ដើម្បី​ការពារ​ជូន​ឃុំ-ភូមិ​ឲ្យ​មាន​សុវត្ថិភាព»

លោក​ក៏​បាន​បដិសេធ​ថា មិន​បាន​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ផ្លូវ​ធំ​នោះ​ដែរ។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​ព្រែកពក លោក វ៉ាន់ ហល រៀបរាប់​ថា សព្វថ្ងៃ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ហាក់​ពុំ​សូវ​ទទួល​បាន​ភាព​កក់ក្តៅ​ពី​អាជ្ញាធរ​ឡើយ ដោយ​ថា​នៅ​ពេល​ពលរដ្ឋ​ខ្មែរ​មាន​រឿង​អ្វី​មួយ​ជាមួយ​វៀតណាម នោះ គឺ​អាជ្ញាធរ​ហាក់​ដូចជា​ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​វៀតណាម ស្ទើរ​គ្រប់​រឿង។ លោក​ថា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ គឺ​ខាង​ភាគី​វៀតណាម បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ព្រោងព្រាត​មាន​ទាំង​ផ្លូវ​តូច​ផ្លូវ​ធំ និង​ប្រឡាយ ព្រម​ទាំង​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​ជាដើម មិន​ដែល​ឃើញ​ភាគី​កម្ពុជា ទៅ​រំខាន​ម្តង​ណា​ឡើយ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម តែង​តែ​យាយី​មក​ពលរដ្ឋ​កម្ពុជា នៅ​ពេល​ឃើញ​អភិវឌ្ឍ​អ្វី​មួយ៖ «សំណូមពរ​ឲ្យ​អាជ្ញាធរ​កំណត់​បង្គោល​ព្រំដែន​ដែល​បាន​បោះ​ហើយ​នោះ ឲ្យ​បាន​ច្បាស់ កុំ​វៀតណាម មក​បំពាន​លើ​ទៀត ដូចជា​ករណី​ថ្មីៗ​នេះ។ សូម​ឲ្យ​មាន​វិធានការ​ច្បាស់លាស់​ជាមួយ​វៀតណាម»

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​ទទួល​សម្ពាធ​ពី​ខាង​វៀតណាម ហើយ​ហាមប្រាម​ពលរដ្ឋ​ខ្លួន​ឯង​មិន​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​មួយ​នោះ​ឡើយ។ លោក​សង្កេត​ឃើញ​ថា ជាទូទៅ វៀតណាម តែង​តែ​ធ្វើ​ផ្លូវ​រហូត​ដល់​ខ្សែ​ព្រំដែន​ស្ទើរ​គ្រប់​កន្លែង ប៉ុន្តែ​ភាគី​កម្ពុជា វិញ ពុំ​សូវ​មាន​ឡើយ ដោយ​តែង​តែ​ថា​តំបន់​នេះ ឬ​តំបន់​នោះ​ជា​តំបន់​ស។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន ដោយ​ផ្តល់​ការ​អភិវឌ្ឍ​គ្រប់​បែប​យ៉ាង​ទាំង​ប្រព័ន្ធ​ធារាសាស្ត្រ និង​ផ្លូវ​ថ្នល់​ជាដើម នៅ​ភូមិ-ស្រុក​ទាំងអស់​នៅ​តាម​ព្រំដែន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​គ្មាន​ហានិភ័យ និង​អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​បាន។ លោក​ថា ពលរដ្ឋ គឺ​ជា​បង្គោល​ព្រំដែន​ដ៏​រឹងមាំ​ក្នុង​ការ​ការពារ​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។