ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​ពី​មុន​អ្នក​ណា​ក៏​ទទួលស្គាល់​ថា ជា​កន្លែង​ហ្វឹកហាត់​កីឡាប្រដាល់​ដ៏​ល្បី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គូប្រជែង​ជាមួយ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ លែង​មាន​សកម្មភាព​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទៀត​ហើយ ។

សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៨៦​មក​ម្ល៉េះ ដែល​កាល​ណោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​មើល​ការ​ខុស​ត្រូវ​លើ​ផ្នែក​បច្ចេកទេស​ហ្វឹក​ហាត់​ពី​សំណាក់​លោក​មាស សុខ​គ្រី មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ព្រមទាំង​សម្បូរ​ទៅ​ដោយ​ធនធាន​កីឡាករ​ល្អ​ៗ​គ្រប់​ប្រភេទ​អាយុ​តែ​ម្ដង ។ ប៉ុន្តែ​បន្ទាប់​ពី​លោក​មាស សុខ​គ្រី ត្រូវ​បាន​គេ​ប្ដូរ​ចេញ​ដាក់​អ្នក​ថ្មី​ឡើង​ជំនួស​វិញ​នោះ សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​ពេល​នេះ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ។

លោក មាស សុខ​គ្រី បានឱ្យ​កោះសន្តិភាព​ដឹង​ថា កាល​លោក​ធ្វើ​ជា​ប្រធាន​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ នៅ​រៀង​រាល់​ការ​ប្រកួត​ប្រដាល់​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​ម្ដង​ៗ កីឡាករ​របស់​លោក​តែង​ដណ្ដើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​មក​ជូន​អង្គភាព​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មិន​ដែល​ខាន ដោយសារ​សមាគម​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​មានឈ្មោះ​ល្បី​ដូច​ជា សេន ប៊ុ​ន​ថេ​ន​, នួន ភារ​ម្យ​, នួន ភារ​ក្ស និង​នួន សុរិយា ជាដើម ។ និយាយ​រួម សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ គឺជា​កន្លែង​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​ធំ​ជាងគេ ហើយ​តាម​រយៈ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា សមាគម​ធ្លាប់​ធ្វើ​ឱ្យ​បងប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំង​ចាប់អារម្មណ៍​ទៀត​ផង ។ កាល​សមាគម​នៅ​ដំណើរការ​ធ្លាប់​បញ្ជូន​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់​ហើយ​ក៏​ធ្លាប់​បញ្ជូន​គ្រូ​ទៅ​បង្ហាត់​នៅ​ក្រៅប្រទេស​ជា​ហូរហែ​ផង​ដែរ ។ ប៉ុន្តែ​មួយ​រយៈ​មកនេះ សកម្មភាព​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ហាក់បីដូចជា​ស្ងាត់ឈឹង​តែ​ម្ដង ទើប​លោក​សោកស្ដាយ​ខ្លាំង​ណាស់ ។

ថ្វី​ដ្បិតតែ​សមាគម​មិន​អាច​រ៉ាប់រង​វិស័យ​កីឡាប្រដាល់​បាន​ទាំងអស់​មែន ក៏​ប៉ុន្តែ​ក៏​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ និង​បាន​រួមចំណែក​ជួយ​បំផុស​វិស័យ​កីឡាប្រដាល់​ឱ្យ​គេ​ទទួលស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង ។

លោក មាស សុខ​គ្រី បញ្ជាក់​ថា សព្វថ្ងៃ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​វិស័យ​កីឡាប្រដាល់​ខ្មែរ​យើង​មានការ​រីក​ចម្រើន តាម​រយៈ​ឱ្យ​បណ្ដា​ក្លិប​ទាំងអស់​បណ្ដុះបណ្ដាល​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​ឆ្នើម​ស្នង​កីឡាករ​ចាស់​ៗ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ លោក​បាន​កោតសរសើរ​ដល់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ដែល​នៅ​ពេល​ថ្មី​ៗ​នេះ​ទើប​ចុះហត្ថលេខា​ជាមួយ​អង្គការ​អរុណរះ ក្នុង​ការ​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡាប្រដាល់​១​កន្លែង​នៅ​ក្រុង​តា​ខ្មៅ ដែល​ជា​កន្លែង​មួយ​ដ៏​មាន​សារសំខាន់​បំផុត​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​ដែល​ពួក​គេ​ភាគច្រើន​ជា​កុមារ​កំព្រា ធ្វើ​យ៉ាងណា​ប្រែក្លាយ​ពួក​គេ​ឱ្យទៅ​ជា​កីឡាករ​ប្រដាល់​ប្រកបដោយ​គុណភាព ។

មជ្ឈមណ្ឌល​មួយ​នេះ បណ្ដុះបណ្ដាល​ទាំង​ប្រដាល់​សាកល​និង​ក្បាច់​ខ្មែរ​បុរាណ ។ សហព័ន្ធ​ក៏​បាន​ត្រៀម​បញ្ជូន​គ្រូ​ល្អ​ៗ​ដែល​សុទ្ធសឹងតែ​ជា​កីឡាករ​ជើង​ចាស់​មាន​ដូច​ជា សេន ប៊ុ​ន​ថេ​ន និង​អេ ភូ​ថង ជាដើម ឱ្យទៅ​ជួយ​បង្ហាត់ ។ ចំណែក​លោក​ប្រហែលជា​ត្រូវ​ទទួល​ការ​តែងតាំង​ជាទី​ប្រឹក្សា​ប​ច្ចក​ទេស​ផង​ក៏​មិនដឹង ។ មិនតែប៉ុណ្ណោះ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក៏​មាន​គម្រោង​អញ្ជើញលោក យូ ជិន​ហុង អតីត​កីឡាករ​ប្រដាល់​សាកល​ដំបូង​គេ​របស់​កម្ពុជា ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៥០​និង​១៩៦០​ឱ្យមក​ជួយ​កិច្ចការ​បច្ចេកទេស​មួយ​ចំនួន​នៅ​ក្នុង​សហព័ន្ធ ។

ពេល​នេះ​លោក​មាន​អាយុ​៧៥​ឆ្នាំ​ហើយ ប៉ុន្តែ​កាយសម្បទា​របស់​លោក​នៅ​រឹង​មាំ​ល្អ​ណាស់ និង​កំពុង​តែ​រស់នៅ​ប្រទេស​កា​ណា​ដា ។ ការ​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​កីឡាប្រដាល់​នៅ​ពេល​នេះ​ពិតជា​មាន​មោទនភាព​ណាស់​នៅ​ក្នុង​អាណត្តិ​លោក​ឧត្តមសេនីយ៍ តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ព្រោះថា មជ្ឈមណ្ឌល​មួយ​នេះ អាច​ជួយ​បណ្ដុះបណ្ដាល​កីឡាករ​ប្រដាល់​ឱ្យ​មាន​សមត្ថភាព​ប្រកបដោយ​ស្តង់ដារ​ត្រឹមត្រូវ ៕