ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ​៖ ​នៅ​​​ព្រឹក​ថ្ងៃ​ទី​១៦ ​​​កុ​ម្ភៈ ​នេះ​ លោក ជៀង ​អំ អភិបាល​ខេត្ត​ បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​ជំនាញ​អញ្ជើញ​​ចុះ​​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និង​ពិនិត្យ​ស្ពាន​មួយ​កន្លែង​​ដែល​​​​ចាស់​ទ្រុឌទ្រោម​ពិបាក​​ធ្វើ​ដំណើរ​ឆ្លងកាត់​ ​ស្ថិត​នៅ​ក្នុង​ភូមិ​ក្រូច ឃុំ​ជ្រុង​ពពេល ​ស្រុក​រំដួល ។​

​លោក​អនុប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ឆ្លើយ​តប​ទៅ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​​នោះ លោក ​ជៀង​ អំ​ ​​បាន​ដឹកនាំ​កម្លាំង​មន្ទីរ​ជំនាញ​មក​ពិនិត្យ​មើល​ស្ពាន​ចាស់​នេះ ​និង​កន្លែង​គ្រោង​សាងសង់​ស្ពាន​ថ្មី​មួយ​ដែល​មាន​ប្រវែង​១៧ម៉ែត្រ ទទឹង៤,៥​ម៉ែត្រ​ ធ្វើ​អំពី​ដែក​ប៉ា​ឡេ​ជូន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ឃុំ​ជ្រុង​ពពេល​និង​ឃុំ​ថ្នា​ធ្នង់​ ស្រុក​រំដួល​ ​​បាន​ប្រើប្រាស់​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ងាយស្រួល​ ។

​បន្ទាប់​ពី​​សំណេះ​សំណាល​រួច​មក លោក​ ជៀង​ អំ​ ​អភិ​បាល​​ខេត្ត ក៏​បាន​ផ្តល់​អំណោយ​ជា​​សា​រុង​​ជូន​ពលរដ្ឋ​១៣៥​នាក់​ ក្នុង​ម្នាក់​ៗទទួល​បាន​សា​រុង​១​ ​និង​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន៥០០​ដុល្លារ ​ដល់​បងប្អូន​ដែល​​កំពុង​សាងសង់​ស្ពាន​សហគមន៍​មួយ​កន្លែង​ទៀត ​ស្ថិត​នៅ​ឃុំ​ជ្រុង​ពពេល ឆ្លង​ទៅ ឃុំ​បុស​មន ​ស្រុក​រំដួល​ផង​ដែរ ៕