សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ Huawei​ដែល​ទើប​បើក​សម្ពោធ​លក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កាលពី​ចុង​ខែមករា កន្លង​ទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​វា​ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ នោះ​គឺ​ស្មា​ត​ហ្វូ​ន Huawei Mate 8 ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ Huawei ត្រូវ​បាន​អាជីវករ និង​តំណាង​ចែកចាយ​ទូរស័ព្ទ​នៅ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

អ្នកស្រី អាន ឆែ តំណាង​ចែកចាយ​ទូរស័ព្ទ​Huawei​មួយ​រូប​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Huawei​ប្រាកដជា​លក់ដាច់​ជាង​ឆ្នាំ​មុន ដោយសារ​តែ​សព្វ​ថ្ងៃនេះ ម៉ូ​ដែល Huawei មានការ​ពេញ​និយម​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នោះ​ម៉ូ​ដែល​នេះ​មាន​តម្លៃ​សមរម្យ​ដែល​អតិថិជន​ភាគច្រើន​អាច​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​បាន​។ មិនតែប៉ុណ្ណោះ Huawei​ក៏​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ចាប់អារម្មណ៍​ទៅ​លើ​បច្ចេកវិទ្យា​ថ្មី​ៗ​នេះ​ដែរ ។

អ្នកស្រី​បន្ត​ថា ចំពោះ​ម៉ូ​ដែល​របស់​ស្មា​ត​ហ្វូ​ន​Huawei​ដែល​ទើប​ចេញ​ថ្មី Huawei Mate8 កាន់តែ​អស្ចារ្យ មាន​រាង​ស្អាត បច្ចេកវិទ្យា​ទំនើប កាមេរ៉ា​ច្បាស់​ល្អ និង​មានកម្ម​វិធី​ច្រើន​សម្រាប់​ឱ្យ​អ្នក​ប្រើប្រាស់​អាច​យក​កម្មវិធី​ណា​ដែល​ខ្លួន​ចង់​លេង ឬ​កម្មវិធី Download នានា​ជាដើម ។

ចំណែក​អ្នក​នាង ស៊ី​ង លី​ន តំណាង​ចែកចាយ​ទូរស័ព្ទ Huawei នៅ​កម្ពុជា ក៏​បានឱ្យ​ដឹង​ដែរ​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​Huawei គឺ​ពិតជា​ល្អ អាច​ប្រើ​ខ្ចៅដៃ​ស្កែ​ន​សម្រាប់​ដោះ​សោ និង​មានកម្ម​វិធី​ច្រើន​កាន់តែ​ងាយស្រួល​ប្រើប្រាស់ ជា​ពិសេស​នោះ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ Huawei នេះ​មាន​តម្លៃ​សមរម្យ​ផង​ដែរ​ដែល​អតិថិជន​ភាគច្រើន​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​បាន ។

អ្នក​នាង ខៀវ សាន​សា​ណា ពិធី​ការិនី​ទូរទស្សន៍ MyTV ដែល​ជា​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei​ម្នាក់​បានឱ្យ​ដឹង​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ម៉ូ​ដែល Huawei គឺ​ពិតជា​ស្រួល​ប្រើ ជា​ពិសេស​Huawei Mate 8 ដែល​ទើប​ចេញ​ថ្មី​នេះ មាន​រូបរាង​ស្ដើង ស្រាល ងាយស្រួល​កាន់ ។ អ្នក​នាង​ថា​៖«​ខ្ញុំ​នឹង​ផ្លាស់​ប្តូរ​ពី​ស្មា​ត​ហ្វូ​ន Huawei ម៉ូ​ដែល​P8 មក​ប្រើ​ម៉ូ​ដែល​Huawei Mate8 វិញ​»​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ក្រុមហ៊ុន Huawei រក​ប្រាក់​ចំណូល​កើនឡើង​ជាង​ឆ្នាំ​២០១៤​ប្រមាណ​៧០​ភាគរយ ដែល​ជា​តួលេខ​មួយ​ខ្ពស់ និង​ចាត់​ទុក​ថា​ជា​ឯតទគ្គ​កម្មរបស់ Huawei និង​រកបាន​ប្រាក់​ចំណេញ​ជិត​២០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៥ ។ មិនតែប៉ុណ្ណោះ Huawei នៅ​តែ​ខិតខំ​ផលិតស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ៗ​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់​ក៏​ដូច​ជា​ការ​ប្រកួតប្រជែង​បច្ចេកវិទ្យា​ថ្មី​ទូ​ទាំង​សាកលលោក​៕