ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុងស្រុក​កោះធំមានការ​ក្តៅក្រហាយ ហើយ​ឆ្ងល់​ថា ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​ទឹក​ស្អាត​ចាន់​ណា​រី ដែល​មិន​ទទួលយក​លុយ​រៀល​ខ្មែរ ដែល​ជា​រូបិយប័ណ្ណ​ជាតិ ។

ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​មួយ​នេះ បាន​លើក​ឡើង​ថា ពួក​គាត់​គ្មាន​លុយ​ដុល្លារ​ឯណា​ទាំង​ដុំ​ៗ ទៅ​បង់​ឱ្យ​ក្រុម​ហ៊ុន​ហ្នឹង​ទេ ។ ប្រជា​កសិករ​មាន​តែ​លុយ​រៀល​ខ្មែរ​នេះឯង​ទៅ​បង់​ឱ្យ «​នៅ​ស្រុក​ខ្មែរ​ចាយ​លុយ​ខ្មែរ​» ។

តំណាង​ក្រុមហ៊ុន​ទឹក​ស្អាត លោក​ថុ​ល ចាន់​ធឿ​ន បាន​បកស្រាយ​ថា មក​ពី​ក្រុមហ៊ុន​ខ្លួន​ខ្ជិល​រាប់​លុយរាយ ទើប​សម្រេចចិត្ត​មិន​យក​​​លុយរាយ ។

ជុំវិញ​ការ​ផ្ទុះ​ប្រតិកម្ម​នេះ លោក​អភិបាលរង​ស្រុក​កោះធំ ជា សុខ​រក្សា បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ខាងលើ ត្រូវ​តែ​ទទួលយក​លុយ​រៀល​ខ្មែរ​​ជា​ដាច់ខាត បើ​ទោះបីជា​ស្ថិត​ក្នុង​លក្ខណៈ​ណា​ក៏​ដោយ ។

គួរ​រំលឹក​ថា ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​ទឹក​ស្អាត​របស់​លោក​ចាន់ ណា​រី នេះ បង្ក​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះធំ មានការ​ក្តៅក្រហាយ​ជា​រឿយ​ៗ ដោយសារ​តែ​សេវា​ទឹក​របស់​ក្រុមហ៊ុន​មួយ​នេះ ចេះ​ឡើងថ្លៃ​ទៅ​ៗ លើ​សេវា​ថែទាំ​កុង​ទ័​រ​នាឡិកា ដោយ​មិន​បាន​ជម្រាប​ពលរដ្ឋ​ជា​មុន ដែល​បញ្ហា​នេះ​ក៏​បាន​បង្ក​ជា​កូដកម្ម​ធំ​មួយ កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ចុះ​ទៅ​ពិនិត្យ​មើល​គុណភាព​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​ផង ពីព្រោះ​ទឹក​ស្អាត​​របស់​ក្រុមហ៊ុន​នេះ មាន​ក្លិន​នៅ​ពេល​យក​ដាំ​ស្ល ។