ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្តព្រៃ​វែង ៖ ​កាល​ពី​​វេលាម៉ោង​១១​និង​២០នាទី​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ នេះ ​​​​លោកឧត្តម​សេនីយ៍​ត្រី​ សេង ​សុភក្តិ ស្នង​ការ​នគរ​បាល​កណ្តាល​​យុត្តិធម៌​​ខេត្ត​ ​​​​​បាន​សហ​ការ​ជា​មួយ​កម្លាំង​អធិការដ្ឋាន​នគរ​​បាល​ស្រុក​ និង​ប៉ុស្តិ៍ ​ព្រម​ទាំង​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​ស្រុក​ និង​ខេត្ត​ បាន​​ដឹក​នាំ​​​​កម្លាំង​ចុះ​ស្រាវ​ជ្រាវ​ ​និង​​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​​ ស្ថិតនៅ​ភូមិ​ពោធិ ឃុំ​ថ្កូវ ស្រុក​កំពង់​ត្របែក ​។​

​ជន​សង្ស័យ​​ទាំង​២នាក់​ខាង​លើ​នេះ មាន ម្នាក់​ឈ្មោះ ​លី សុធីរៈ ​ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​​រស់នៅ​​ភូមិ​ព្រៃពោន ​និង​ម្នាក់ទៀត​ឈ្មោះ ភឹម រក្សា ​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​រស់នៅ​​ភូមិ​ពោធិ ឃុំ​ថ្កូវ ។ ជន​សង្ស័យ​ទាំង​២នាក់​​ដែល​សមត្ថកិច្ច​ចម្រុះ​​ឃាត់​ខ្លួន​​​នេះ ​ជាប់​ពាក់​ព័ន្ធ​​​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា ​ដែល​បាន​​ប្រព្រឹត្ត​កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី នៅ​ចំណុច​​ផ្លូវ​លំ មុខ​សាលា​វិទ្យា​ល័យ​ព្រៃពោន ។​

​ជន​សង្ស័យ​ទាំង​២នាក់ ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត ដើម្បី​ចាត់ការ​ទៅ​​តាម​​ផ្លូវ​ច្បាប់ ៕