ក្រសួងសម្រេច​ឲ្យ​ប្រភេទ​កីឡា​ចំនួន​៩ ​ប្រមូល​ផ្តុំ​យុវជន​​ថ្នាល តែសុំ​ធ្វើឲ្យ​មាន​តម្លាភាព

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះហត្ថលេខា​យល់​ព្រម​ឲ្យ​ប្រភេទ​កីឡា​​ចំនួន​៩ រួម​មាន​បាល់​ទាត់ ប៉េតង់ ហែល​ទឹក តេក្វាន់ដូ បាល់បោះ ចំបាប់ អត្ត​ពលិក បាល់ទះ និង​ប្រដាល់ ធ្វើ​ការ​​ប្រមូល​ផ្តុំគ្រូ​បង្វឹក កីឡាករ កីឡាការិនី​ថ្នាល និង​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ​ដល់​១៧ឆ្នាំ ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

sport-khនៅ​ក្នុង​ប្រភេទ​កីឡា​ទាំង​៩​នោះ សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​​មាន​ការ​ប្រមូល​ផ្តុំចំនួន១២​ខែ​ពេញ ព្រោះ​ពួក​គេ​បាន​ចាប់​ផ្តើម​តាំង​ពី​​ថ្ងៃ​ទី​១ ខែមករា មក​ម្ល៉េះ ដោយ​ក្នុង​​មាន​ការ​ប្រមូល​ផ្តុំ​ក្រុម​យុវជន​U16ចំនួន​២៥​នាក់ គ្រូ​បង្វឹក​៤ និង​ក្រុម​U14ចំនួន​២០​នាក់ គ្រូ​បង្វឹក៥​នាក់ ព្រម​ទាំង​អនុរក្ស​១​នាក់។ ចំណែកប្រភេទ​កីឡាចំនួន​៨​ទៀត នឹង​ត្រូវប្រមូល​ផ្តុំ​បាន​តែ​១០​ខែ​ទេ គឺ​ត្រូវធ្វើ​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមីនា តទៅ ដោយ​ក្នុង​នោះ​​កីឡាតេក្វាន់​ដូ អនុញ្ញាតិ​ឲ្យ​​ប្រមូលផ្តុំ​យុវជន​ថ្នាល​១០​នាក់(​ស្រី​៥នាក់) ប៉េតង់​១០​នាក់(ស្រី៥​នាក់) ហែល​ទឹក​១៤​នាក់​នាក់​(ស្រី​៧​នាក់) បាល់​បោះ​១២​នាក់ ចំបាប់១៥​នាក់​(ស្រី​៥​នាក់) អត្ត​ពលកម្ម​៨​នាក់​(ស្រី​៤​នាក់) បាល់​ទះ​១២​នាក់ និង​កីឡា​ប្រដាល់​មាន​​កីឡាករ​១២​នាក់ ហើយ​​ប្រភេទ​កីឡា​ទាំង​៨​នាក់​នេះ​​មាន​​គ្រូ​បង្វឹក២​នាក់ និង​អនុរក្ស១​នាក់​ដូច​គ្នា។

sport-kh-2យ៉ាង​ណា​ក៏​ដោយ​ លោក អ៊ុក សិទ្ធិជាតិ អគ្គ​នាយក​ដ្នាន​កីឡា បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅពហុកីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា៖​«​ការ​ជ្រើស​រើស​កីឡា​ថ្នាល​នេះ ក្រសួង បាន​ផ្តល់​សិទ្ធិ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ និង​គ្រូ​បង្វឹក ជា​អ្នកជ្រើស​រើស​ដោយ​ផ្ទាល់ ប៉ុន្តែ​​ខ្ញុំ​​សុំ​ឲ្យ​សហព័ន្ធ​ជាតិ​ទាំង​អស់ ត្រូវ​ជ្រើស​រើស​កីឡា​ថ្នាល​​​ឲ្យ​បាន​ត្រឹម​ត្រូវ មាន​​តម្លា​ភាព យុត្តិធម៌ កុំ​ប្រកាន់​បក្ខ​ពួក និង​ដោយ​មាន​ការ​ធ្វើ​តេស្ត​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ការ​ជ្រើស​រើស​យុវជន​ថ្នាល​របស់​យើង​មាន​សក្តានុពល និង​ទទួល​បាន​លទ្ធ​ផល​ល្អ»។ លោក​បាន​បញ្ជាក់​ថា៖​«យើង​ត្រូវ​ជ្រើស​រើស​យុវជន​ថ្នាល ដែល​មាន​​កាយ​សម្បទាល្អ មាន​ទេព​កោសល្យ និង​មាន​សីលធម៌​ល្អ ហើយ​ការ​ជ្រើស​រើស​គ្រូ​បង្វឹក​ក៏​យ៉ាង​ដូច្នេះ​ដែរ ព្រោះ​ប​ការ​ជ្រើសរើសរបស់​យើង​ខុស ទោះ​ដាក់​ទុន​ចំណាយច្រើន​ប៊ុណ្ណាក៏​​មិន​ទទួល​បាន​ផល​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​វានាំ​ឲ្យ​កើត​មាន​បញ្ហា​ទាំង​អស់​គ្នា​ទៅ​វិញ​ទេ ពិសេស​សហព័ន្ធ​ជាតិខ្លួន​ឯង​តែ​ម្តង ព្រោះ​ការ​ទទួល​បាន​សមិទ្ធ​ផល​បែប​ណា​នោះគឺ​សហព័ន្ធជាតិ​​ខ្លួន​ឯង ជា​អ្នក​ប្រឈម​ដោយ​ផ្ទាល់​​ជាមួយ​​​រាជរដ្ឋាភិបាល»។

sport-kh-3លោក អ៊ុក សិទ្ធិជាតិ បាន​បញ្ជាក់​ថា៖​«​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​​នេះ កីឡាករ កីឡាការិនីជា​យុវជន​ថ្នាល មិន​ទទួល​បាន​ប្រាក់​ខែ​ដូច​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ទទួលប្រាក់​អាហារ​បំប៉ន ដោយ​១​ថ្ងៃ​ស្មើ​៤៤០០០​រៀល រីឯ​គ្រូ​បង្វឹក គ្រូ​ជំនួយ និង​អនុរក្ស ទទួល​បាន​ថវិកា​ឧត្ថម​ប្រចាំ​ខែ និង​ប្រាក់​របប​អាហារ​បំប៉ន​ប្រចាំ​ថ្ងៃ ប៉ុន្តែ​យើងនឹង​ដាក់​ឲ្យ​ពួក​គេ​ចូល​រួម​ការ​ប្រកួត National Games និង​ការ​ប្រកួត​អន្តរជាតិ​ផ្សេងៗ​ទៀត ហើយ​អ្នក​មានទេព​កោសល្យ​ល្អ យើង​នឹង​បញ្ចូល​ឲ្យ​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស។ ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ពួក​គេ​កាត់​មាន​បទ​ពិសោធ និង​គុណ​ភាព សម្រាប់​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០១៣»។
នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា ក៏​បាន​អាន​​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​គ្រូ​បង្វឹក គ្រូ​ជំនួយ និង​យុវជន​ថ្នាល ដើម្បី​ឲ្យ​តំណាង​សហព័ន្ធជាតិ​ទាំង​៨ បាន​ជ្រាបផង​ដែរ ដោយ​ក្នុង​នោះ គ្រូ​បង្វឹក និង​គ្រូ​ជំនួយ​ត្រូវ៖

​-បង្ហាត់​ក្រុម​កីឡាឲ្យ​ទទួល​បានចំណាត់​ថ្នាក់​ល្អក្នុង​ការ​ប្រកួត​ជើង​ឯក​ទូទាំង​ប្រទេស
​-បាន​ឆ្លង​កាត់​វគ្គ​គ្រូ​បង្វឹក​ជាតិ​ឬ​អន្តរជាតិ​ដោយ​មាន​សញ្ញាបត្រ ឬលិខិតបញ្ជាក់​ត្រឹម​ត្រូវ
-មាន​បទ​ពិសោធ និង​មាន​ពេល​វេលា​គ្រប់​គ្រាន់
-មាន​សីលធម៌​ល្អ
​-មាន​លិខិត​បញ្ជាក់​សុខ​ភាព​ត្រឹម​ត្រូវ។
ចំណែក​កីឡាករ កីឡាការិនី​​ថ្នាល
​-បាន​ចំណាត់​ថ្នាក់​ល្អ ក្នុង​ការ​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ទូទាំង​​ប្រទេស
-មាន​សក្តានុពល និង​វ័យ​ក្មេង
-មាន​វិន័យ និង​សីលធម៌​ល្អ​ជា​តំណាង​ពល​រដ្ឋ​ខ្មែរ
-មាន​ឆន្ទៈ និង​ពេល​វេលា​គ្រប់​គ្រាន់
-មាន​លិខិត​បញ្ជាក់​សុខ​ភាព​ត្រឹម​ត្រូវ។