ស្ថានទូតជប៉ុនប្រចាំ កម្ពុជានឹងរៀបចំនូវ មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជាលើកទី៥

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំនូវមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទូតជប៉ុន នៅថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៦។

យោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានទូតជប៉ុនបានឲ្យដឹងថា «ក្នុងគោលបំណងណែនាំនូវវប្បធម៌ប្រពៃណី និងទំនើបជប៉ុនក្នុងប្រទេសកម្ពុជា ស្ថានទូតជប៉ុនរួមសហការ ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី នឹងរៀបចំនូវមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៥»។

ក្នុងកម្មវិធីដែលនឹងធ្វើចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នឹងមានការអញ្ជើញចូលរួមពីសំណាក់លោក សុខ អាន  និងភ្ញៀវជាតិ និងអន្តរជាតិ ។សម្រាប់ថ្ងៃទី១៩,២០,២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៃមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៥ នេះនឹងមានការប្រគុំតន្ត្រី ក្លាស៊ីកមិត្តភាពជប៉ុន-កម្ពុជា  ការប្រកួតជើងឯកចម្រៀងណូដូជីម៉ាន់ ការរាំរបាំជប៉ុន “អាវ៉ាអូដូរី” នៅកម្ពុជា ការប្រកួតប្រជែងសម្លៀកបំពាក់យូកាតានៅកម្ពុជាឆ្នាំ២០១៦ និង ការស្លៀកពាក់បែបតុក្កតាជប៉ុនខូសផ្លេខូឡិចហ្សិន០០៦ នៅរាជធានី ភ្នំពេញប្រទេសកម្ពុជា ។

ក្រៅពីកម្មវិធីធំៗទាំងនេះ ក្នុងមហោស្រពក៏មានការបង្ហាញជូននូវ កម្មវិធីជាច្រើនទៀតដូចការសម្តែងនិងសិក្ខាសិលា នៃក្បាច់រាំជប៉ុន ដែលមានទាំងប្រពៃណីនិងទំនើប ការបង្ហាញជូននូវកីឡាយុទ្ធសិល្ប៍ កម្មវិធីប្រគល់រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង ថ្នាក់រៀនរៀបផ្កានិងការសរសេរអក្សរផ្ចង់ ក៏ដូចជាការធ្វើបទបង្ហាញ និងការតាំងពិព័រណ៍ផ្សេងៗជាដើម៕