ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជធានី​ភ្នំពេញ​ ៖ ថ្លែង​​​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេ​ន​ឌ័​រ​ក្នុង​វិស័យ​ទេសចរណ៍​ដំណាក់កាល​ទី​៣ ឆ្នាំ​២០១៦-២០១៨ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ​នេះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​​ថ្លែងថា ស្ត្រី​គឺជា​កម្លាំង​ច​លករ​ដ៏​មាន​សក្កា​នុ​ពល​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ក៏​ជា​ភាគី​ពាក់ព័ន្ធ​ដ៏​សំខាន់ ដែល​មិន​អាច​ខ្វះ​បាន ​និង​បាន​រួមចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​លើក​ស្ទួយកម្រិតជីវភាព​គ្រួសារ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ថ្លែង​​​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក របស់​ក្រុមការងារ​យេ​ន​ឌ័​រ​ក្រសួងទេសចរណ៍ ក្នុង​ការ​អនុវត្ត​​​សកម្មភាព​នានា ជា​ពិសេស​ជំរុញ​ការ​លើកកម្ពស់​សិទ្ធិ តួនាទី តម្លៃ​ស្ដ្រី និង​បង្កើន​ភាព​អង់អាច​ដល់​ស្ដ្រី​ដែល​ជា​មន្ដ្រីរាជការ ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង និង​ស្ដ្រី​ដែល​ប្រកប​របរ​ក្នុង​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ដែល​ជា​កត្តា​រួមចំណែក​យ៉ាង​​សំខាន់ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា សំដៅ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយទៅជា​គោលដៅ​ទេសចរណ៍ដ៏​ទាក់ទាញ ប្រកបដោយ​គុណភាព ​។

​លោក ថោ​ង ខុន បាន​​បញ្ជាក់​ថា ផ្តើម​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ស្ត្រី ក្រសួងទេសចរណ៍​តែងតែ​គាំទ្រ​ដល់​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​នៅ​គ្រប់​ដំណើរ​ការងារ​របស់​ខ្លួន ស្រប​​តាម​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ការ​យកចិត្តទុកដាក់​ដល់​មន្ដ្រីរាជការ​ជា​ស្ដ្រី និង​ស្ដ្រី​ជា​បុគ្គលិក​​បម្រើ​ការ​ក្នុង​មូលដ្ឋាន​អាជីវកម្ម សេវា​ទេសចរណ៍ សមាគម​ទេសចរណ៍​នានា ក៏​ដូច​ជា​គ្រួសារ​ក្រីក្រ ដែល​មាន​ស្ដ្រី​ជា​មេ​គ្រួសារ និង​ស្ដ្រី​មេម៉ាយ​ជាដើម​ ។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កត់​សម្គាល់ថា ជាមួយនឹង​ការ​កើនឡើង​ឥត​ឈប់​ឈរ​នៃ​ភ្ញៀវ​ទេសចរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​ស្ត្រី​ជា​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍ មានការ​កើនឡើង​ ដែល​យើង​មិន​អាច​មើល​រំលង​បាន​ចំពោះ​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​ស្ត្រី ​។ លោក​បន្ត​ថា ទាំងនេះ​ជា​សក្ខីភាព​បញ្ជាក់​ឱ្យ​ឃើញ​ថា  ស្ត្រី​ជា​កម្លាំង​ច​លករ​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ជា​ភាគី​ពាក់ព័ន្ធ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន និង​បាន​រួមចំណែក​ដ៏​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​កម្រិត​ជីវ​ភាព​គ្រួសារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ។

​គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ២០១៥ ភ្ញៀវ​ទេសចរ​ពិភពលោក​មាន​ចំនួន​សរុប១១៨៤​លាន​នាក់​កើនឡើង​៤% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៤ ។ តាម​រយៈ​របាយការណ៍​របស់​ក្រុមប្រឹក្សា​ទេសចរណ៍​ពិភពលោក “World Travel and Tourism Council (WTTC)”  បាន​បង្ហាញ​ថា ​ទេសចរណ៍​ពិភពលោក​បាន​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​ជាង​២៧០​លាន​នាក់ ដែល​មាន​ស្ត្រី​ប្រមាណ​ជិត៧០% ​។ ដោយឡែក​ នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​​ទេសចរ​អន្តរជាតិ៤,៧៨លាន​នាក់ កើនឡើង ៦,១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៤ ​។

វិស័យ​ទេសចរណ៍​បាន​នាំ​​ចំណូល​ជូន​ជាតិប្រមាណ៣២០០លាន​ដុល្លារ និង​បាន​បង្កើត​ឱកាស​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ ​ក្នុង​នោះ​ស្ត្រី ប្រមាណ​ជាង ៦០% ​។ របាយការណ៍​បង្ហាញ​ថា ស្ត្រី​មាន​វត្ត​មាននៅ​គ្រប់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ​រួម​មាន ទីភ្នាក់ងារ​ទេសចរណ៍ កីឡា​ទេសចរណ៍ សេវា​ដឹក​ជញ្ជូន សណ្ឋាគារ ផ្ទះសំណាក់ អា​ផាត​ម៉ិ​ន ភោជនីយដ្ឋាន អាហា​ដ្ឋា​ន ម៉ាស្សា បៀរហ្គាឌិន ៕