អ្នក​តវ៉ា​គប់​ពង​ទា​ដាក់​ធនាគារ​ពិភពលោក ហើយ​ថា​នឹង​វិល​មក​វិញ​ទៀត

ប្រជាពលរដ្ឋ​និង​អ្នក​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំបន់​បឹង​កក់​និង​បុរី​កីឡា ក្រុង​ភ្នំពេញ​បាន​ត្រឡប់​មក​ការិយាល័យ​របស់​ធនាគារ​ពិភពលោក​នៅ​តាម​មហាវិថី​ព្រះ​នរោត្តម​ជាថ្មី​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​គប់​ពង​ទា​ដាក់​ខ្លោង​ទ្វារ​មុខ និង​ទាមទារ​ឲ្យ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​អន្តរជាតិ​នេះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

ក្រុម​ដដែល​នេះ​បាន​គប់​ពង​ទា​ដាក់​ការិយាល័យ​នេះ​កាលពី​ពីរ​សប្ដាហ៍​មុន និង​បាន​សន្យា​ថា​នឹង​ត្រឡប់​មក​វិញ​រាល់​សប្តាហ៍ រហូត​ដល់​ធនាគារ​នេះ​ដក​ចេញ ប៉ុន្តែ​ពួកគាត់​បាន​ខកខាន​រយៈ​ពេល​មួយ​សប្តាហ៍​ដោយសារ​បុណ្យ​ចូល​ឆ្នាំ​ចិន។ ក្រុម​អ្នក​តវ៉ា​បាន​បន្ទោស​ធនាគារ​នេះ ថា​បាន​បណ្តោយ​ឲ្យ​រដ្ឋាភិបាល​ប្រើ​កម្លាំង​បណ្តេញ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគាត់​នៅ​បឹង​កក់ ក្នុង​ពេល​មាន​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ផ្តល់​មូលនិធិ​ដោយ​ធនាគារ​នេះ ហើយ​ក្រោយ​មក​គម្រោង​នេះ​មិន​បាន​ជួយ​ដល់​ពួកគាត់​ទេ។

ក្រុម​អ្នក​តវ៉ា​គប់​ពងទា​ដាក់​ការិយាល័យ​ធនាគារ​ពិភព​លោក​ ក្នុងក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ច័ន្ទ​។ រូបថតៈ Satoshi Takahashi

អ្នកស្រី ស៊ា សារ៉េត អ្នក​បឹង​កក់​រង​ការ​បណ្តេញ​ចេញ និង​ជា​អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រហែល​៤០​នាក់ នៅ​ខាង​ក្រៅ​ការិយាល័យ​ធនាគារ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​បាន​គប់​ពង​ទា​ដាក់​ខ្លោង​ទ្វារ​មុខ បាន​និយាយ​ថា “ធនាគារ​ពិភព​លោក​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​កម្ពុជា”។

អ្នក​ស្រី​បាន​និយាយ​ថា “យើង​មិន​ត្រូវ​ការ​ធនាគារ​ពិភពលោក​ទេ ពីព្រោះ​កម្ចី​របស់​ធនាគារ​នេះ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​នៅ​បឹង​កក់​បាត់បង់​ផ្ទះ​សំបែង​របស់​ខ្លួន​ដោយសារ​គម្រោង​អភិវឌ្ឍន៍”។

ទោះជា​ចន្លោះ​មួយ​សប្តាហ៍​មុន​ក៏ដោយ ក៏​អ្នក​ស្រី ណារ៉េត បាន​និយាយ​ថា ក្រុម​អ្នក​តវ៉ា​នៅ​តែ​បន្ត​គម្រោង​គប់​ពង​ទា​ជា​ទៀង​ទាត់​ពី​ពេល​ឥឡូវ​នេះ​ទៅ។

អ្នក​ស្រី​បាន​និយាយ​ថា “យើង​នឹង​វិល​មក​ទី​នេះ​វិញ​រាល់​ថ្ងៃ​ច័ន្ទ ដើម្បី​គប់​ពង​ទា​រហូត​ដល់​ពួកគេ​ចេញ​ពី​ប្រទេស​កម្ពុជា”។

អ្នក​តវ៉ា​បាន​ប្រគល់​ឲ្យ​លោក ប៊ូ សារឿន អ្នក​នាំ​ពាក្យ​ធនាគារ នូវ​លិខិត​មួយ​ច្បាប់​បញ្ជាក់​ពី​ជំហរ​របស់​ពួកគាត់ នៅ​ពេល​ដែល​ពួកគាត់​បាន​មក​កាលពី​ពីរ​សប្តាហ៍​មុន ប៉ុន្តែ​បាន​និយាយ​ថា ពួកគាត់​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ។

ទាក់ទង​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​សុំ​ការ​ពន្យល់ លោក សារឿន បាន​ដាក់​ទូរស័ព្ទ​ចុះ​មិន​និយាយ​ជាមួយ​អ្នក​កាសែត។

លោក គួច ចំរើន អភិបាល​ខណ្ឌ​ដូនពេញ បាន​ហៅ​ការ​គប់​ពង​ទា​ថា “អត់​សីលធម៌” និង​បាន​និយាយ​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​លើ​ក្រុម​អ្នក​តវ៉ា ប្រសិនបើ​និង​ពេលណា​ធនាគារ​នេះ​សុំ​ជំនួយ។

លោក ឡុង ឌីម៉ង់ បាន​ហៅ​អ្នក​តវ៉ា​ថា “មនុស្ស​ពាល” ប៉ុន្តែ​ក៏​បាន​និយាយ​ដែរ​ថា អាជ្ញាធរ​នឹង​មិន​ចាត់​វិធានការ​ទេ ប្រសិនបើ​ធនាគារ​នេះ​មិន​ស្នើ​សុំ​ទេ​នោះ។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​គិត​ថា នេះ​គឺ​ខុស​ច្បាប់ ពីព្រោះ​ពួកគាត់​បាន​គប់​ពង​ទា​ដាក់​ខ្លោង​ទ្វារ​របស់​គេ”៕ និត

 

The post អ្នក​តវ៉ា​គប់​ពង​ទា​ដាក់​ធនាគារ​ពិភពលោក ហើយ​ថា​នឹង​វិល​មក​វិញ​ទៀត appeared first on ខេមបូឌា ដេលី.