ប្រតិភូ IPU ទទួលយក​ការ​អនុវត្ត​ច្បាប់​កម្ពុជា ក្រោយ​ស្តាប់​ការបកស្រាយ​របស់​ក្រសួងយុត្តិធម៌​

​ក្រោយពី​បញ្ចប់​ជំនួប​ជាមួយ​បក្សប្រឆាំង ប្រតិភូ​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​សហភាព​អន្ដរ​សភា (IPU) បាន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួងយុត្តិធម៌​បន្ថែមទៀត ជុំវិញ​ស្ថានភាព​នៃ​ការ​អនុវត្តិ​ច្បាប់ និង​បញ្ហា​សិទ្ធមនុស្ស​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​ក្រសួងយុត្តិធម៌ នាពេល​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ នេះ​។  អ្នកនាំពាក្យ អះអាងថា ក្រោយពី​ស្តាប់​ការបកស្រាយ​របស់​ក្រសួងយុត្តិធម៌ គណៈប្រតិភូ តំណាង​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​សហភាព​អន្តរ​សភា បាន​យល់​កាន់តែច្បាស់ ជុំវិញ​ចម្ងល់​ដែល​ពួកគេ​លើកឡើង ។

​ក្នុង​កិច្ចប្រជុំ​នេះ គណៈប្រតិភូ IPU បាន​សុំ​ឲ្យ​ក្រសួងយុត្តិធម៌​ឆ្លើយបំភ្លឺ​នូវ​បញ្ហា​មួយចំនួន ទាក់ទង​នឹង​ទិដ្ឋភាព​ច្បាប់​និង​សិទ្ធិមនុស្ស​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ការប៉ះទង្គិច​ដល់​មន្ត្រី​បក្សប្រឆាំង​កន្លងមក​។ ករណី​ទាំងនោះ រួមមាន ការ​វាយ​តំណាងរាស្ត្រ គឺ​លោក គង់ សុភា និង​លោក ញ៉យ ចំរើន​, ព្រមទាំង​ការឃុំខ្លួន​លោក ហុង សុខ​ហួ សមាជិក​ព្រឹទ្ធសភា រួមទាំង​ការឃុំខ្លួន​សកម្ម​បក្សប្រឆាំង​១២​នាក់​ផ្សេង ផងដែរ ។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម ស​និ្ត​ភាព បាន​អះអាងថា បន្ទាប់ពី​ការបកស្រាយ​របស់​ក្រសួងយុត្តិធម៌ គណៈប្រតិភូ IPU បាន​មើលឃើញ​សច្ចភាព​នៅ​កម្ពុជា​កាន់តែច្បាស់ ដោយ​ខុសពី​ទិដ្ឋភាព​កន្លងមក ដែល​ពួកគេ​បានត្រឹមតែ​ដឹងឮ តាមរយៈ​ព័ត៌មាន​ប៉ុណ្ណោះ​។ លើសពីនេះទៅទៀត លោក ក៏បាន​បន្ថែមថា គណៈប្រតិភូ IPU សុទ្ធតែ​ទទួលយក​នូវ​ការបំភ្លឺ​របស់​ក្រសួងយុត្តិធម៌ ដោយ​ឥត​បដិសេធ​នូវ​ចំណុច​ណាមួយ​ឡើយ ជុំវិញ​ស្ថានភាព​ពិត នៃ​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា​។

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​សម្រាប់​ការពិភាក្សា​ថ្ងៃនេះ ពួកគាត់​អាច​ទទួលយកបាន នូវ​អ្វីដែល​យើង​បាន​បកស្រាយ​។ យើង​លើកឡើង តែ​អ្វីដែល​ពួកគាត់​ចង់ដឹង ទាក់ទង​នឹង​ផ្លូវច្បាប់​កម្ពុជា​»​។ 

​សូម​ស្តាប់​សំឡេង​របស់ លោក គឹម សន្តិភាព​៖

​យ៉ាងណាក៏ដោយ លោក គឹម សន្តិភាព បាន​អះអាងថា ក្នុង​កិច្ចប្រជុំ​នោះ គណៈប្រតិភូ IPU ពុំបាន​លើកឡើង​ពី​ការស្នើសុំ​ឲ្យ​ដោះលែង លោក ហុង សុខ​ហួ ឬ​សកម្មជន​បក្សប្រឆាំង​ទាំង​១២​នោះទេ​។ លោក​បញ្ជាក់ថា ការមិន​លើកសំណើ​សុំ​ឲ្យ​ដោះលែង​នេះ ដោយសារតែ​គណៈប្រតិភូ IPU យល់ច្បាស់​ថា បញ្ហា​នេះ​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​តុលាការ ដែល​ពួកគេ​មិនគួរ​លូកដៃ​ចូល​ឡើយ​៕

ប្រតិភូ IPU ទទួលយក​ការ​អនុវត្ត​ច្បាប់​កម្ពុជា ក្រោយ​ស្តាប់​ការបកស្រាយ​របស់​ក្រសួងយុត្តិធម៌​
 
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​