ទោះ​ចិន​ព្រមាន លោក អូ​បា​ម៉ា សន្យា​បញ្ជូន​នាវាចម្បាំង​បន្ថែម​មកជួយ​អាស៊ាន

​ដូច​ការរំពឹងទុក​ក្នុងចំណោម​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន ដែល​រៀបចំ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បញ្ហា​សន្តិសុខ​ដែនសមុទ្រ​ដែល​សំដៅលើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​ប្រធានបទ​ដែល​ត្រូវ​លើក​ទៅ​ជជែក​។ ជា​ប្រធាន​នៃ​កិច្ចប្រជុំ​លោក អូ​បា​ម៉ា បាន​សន្យា​បន្ត​ក្នុង​ការធានា​សន្តិសុខ​ក្នុង​តំបន់​ដែល​រួម​ប​ញ្ជូ​ល​ទាំង​ការប្រតិបត្តិ​ការ​នាវាច​ម្បាំ​ង​ក្នុង​ដែនសមុទ្រ​ទៀតផង​។​

 « អាមេរិក​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ដើម្បី​ធានា​ពី​កត្តា​ប្រឈម​នានា​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាមេរិក បាន​បង្កើន​សន្តិសុខ​ដែនសមុទ្រ​តាមរយៈ​ការផ្តល់​ជំនួយ​ដល់​សម្ព័ន្ធមិត្ត​និង​ដៃគូ​ក្នុង​តំបន់​ដើម្បី​ពង្រឹងសមត្ថភាព​រួម ក្នុងការ​ការពារ​នូវ​ច្បាប់ពាណិជ្ជកម្ម និង​ឆ្លើយតប​នឹង​វិបត្តិ​មនុស្សជាតិ​ផងដែរ​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក​អូ​បា​ម៉ា​ក្នុងជំនួប​ជាមួយនឹង​មេដឹកនាំ​អាស៊ាន​ក្នុង​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​ដែល​ប្រ​ពឹ​ត្ត​ឡើង​ក្នុង​រមណីយដ្ឋាន Sunnylands នៃ​រដ្ឋ California​។  

​ខណៈពេលដែល​បញ្ហា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​កំពុង​តែមាន​ភាព​តឹង លោក អូ​បា​ម៉ា ក៏បាន​សន្យា ក្នុង​កិច្ចប្រជុំ​នោះដែរ​ថា អាមេរិក នឹង​បន្ត​ពង្រឹង និង​ធានា​ទំនាក់ទំនង និង​សណ្តាប់ធ្នាប់​ក្នុង​តំបន់ បទដ្ឋាន​អន្តរជាតិ ដែល​រួមបញ្ចូល​ទាំង​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ជំរុញ​ឲ្យ​មានការ ដោះស្រាយ​ជម្លោះ​តាម​វិធាន​ច្បាប់ និង​សន្តិវិធី​។ ក្នុងន័យនេះ ក៏​មានន័យថា អាមេរិក នឹង​បន្ត​ប្រតិបត្តិការ​ក្នុង​បញ្ជូន​នាវា​ល្បាត​ខ្លួន​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​ជុំវិញ​ការអះអាង​នេះដែរ ប្រាកដ​ណាស់ ចិន មិន​សប្បាយ​ប៉ុន្មាន​នោះទេ ដ្បិត​ក្នុង​ក្រសែភ្នែក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ការប្រតិបត្តិ​ការ​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ប្រៀបប្រដូច​ទៅនឹង​ប្រតិបត្តិ​ការប្រឆាំង​ទៅនឹង​សកម្មភាព​របស់ខ្លួន​តែម្តង​។ ហើយ​កន្លងមក អាមេរិក បាន​បញ្ជូន​នាវា​ល្បាត និង​នាវា ចម្បាំង​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជា​ពីរ ឬ​បី​លើក​មកហើយ ដែល​សកម្មភាព​ទាំងនោះ ត្រូវបាន​អាមេរិក អះអាងថា​ធ្វើឡើង​ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព​ដែនសមុទ្រ ខណៈ​ចិន​ចោទ​អាមេរិក ថា បាននិងកំពុង​តែ​បំពាន​ដែន​អធិបតេយ្យ និង​ជាការ​លូកដៃ​ចូល​ផ្ទៃក្នុង​នៃ​ជម្លោះ​ទៀតផង​។​

​សូមបញ្ជាក់​ផងដែរ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ចិន និង​រដ្ឋ​អាស៊ាន ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​។ ដោយសារ​អវត្តមាន​នៃ​ការស្វែងរក​ដំណោះស្រាយ​រួម ហើយ​ចិន នៅតែ​បន្តសកម្មភាព​ឯកតោភាគី​ក្នុងការ​វាតទី បានធ្វើ​ឲ្យ​ជម្លោះ​នេះ ឈានទៅដល់​ការ​ប្រឈម​គ្នា​ជាច្រើនលើក​ច្រើនសារ​រវាង​រដ្ឋ​ពាក់ព័ន្ធ និង​រដ្ឋ​ខាងក្រៅ​ដែល​រាប់បញ្ចូល ទាំង​អាមេរិក​ផងដែរ​នោះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​