អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​កាយ​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​បន្ទាប់​ពី​រង​ការ​រិះគន់

ថ្នាក់​ដឹក​នាំ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​យក​គ្រឿងចក្រ​ជីក​យក​អាចម៍​ដី​មក​ចាក់​បំពេញ​ដី​នៅ​តំបន់​ឆ្នេរ ដែល​ស្ថាប័ន​នេះ​បាន​រំលោភ​យក​ដី​តំបន់​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ព្រៃ​កោងកាង​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ឲ្យ​មក​សភាព​ដើម​វិញ​ហើយ បន្ទាប់​ពី​រង​ការ​រិះគន់ និង​ចុះ​ផ្សាយ​តាម​សារព័ត៌មាន ជុំវិញ​កំហុស​ឆ្គង​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នេះ​រួច​មក។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា អាចម៍​ដី​ដែល​កំពង់ផែ​ស្វយ័ត ជីក​ចេញ​ពី​ទីតាំង​រំលោភ​យក​ឆ្នេរ​សមុទ្រ​នោះ គឺ​បាន​ដឹក​ចាក់​រំលោភ​លើ​តំបន់​ព្រៃ​លិច​ទឹក មាន​ដើម​កោងកាង សម្រាប់​ជា​ជម្រក​មច្ឆា​សមុទ្រ​បន្ត​ពូជ។

បន្ទាប់​ពី​មាន​ការ​ចុះ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ និង​ការ​ចុះ​ផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​កាល​ពី​សប្ដាហ៍​មុន អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន និង​ជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ផង​នោះ បាន​ឲ្យ​មេការ​របស់​ខ្លួន​ជីក​យក​អាចម៍​ដី​ដែល​ចាក់​រំលោភ​ឆ្នេរ​សមុទ្រ ឬ​ចូល​ទៅ​ក្នុង​មាត់​ឆ្នេរ​សមុទ្រ នា​ភូមិ​គគីរ ឃុំ​បិតត្រាំង ឲ្យ​មក​សភាព​ដើម​វិញ។

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​ថា អាចម៍​ដី​ដែល​កាយ​ចេញ​នោះ បាន​យក​ទៅ​ចាក់​លុប​លើ​តំបន់​ព្រៃ​កោងកាង ដែល​ជា​ជម្រក​មច្ឆា​សមុទ្រ​ពង​កូន មាន​ទីតាំង​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ដដែល។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង​មាន​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​ចាក់​ដី​បំផ្លាញ​ដើម​កោងកាង របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នា​មូលដ្ឋាន​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ លោក​បាន​សាទរ​ចំពោះ​ការ​ទទួល​ស្គាល់​កំហុស​របស់ លោក លូ គឹមឈុន ជា​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កំពង់ផែ​ស្វយ័ត ប៉ុន្តែ​លោក​ថា ផ្ទៃដី​ដែល​ថ្នាក់​ដឹក​នាំ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ព្រៃ​កោងកាង កាល​ពី​ពេល​កន្លង​មក ហើយ​បាន​ហ៊ុមព័ទ្ធ​របង​ថ្ម និង​បន្លា​លួស​នៅ​ជាប់​ឆ្នេរ​សមុទ្រ ស្ថាប័ន​នេះ​មិន​ទាន់​បាន​ជីក​កាយ​អាចម៍​ដី​ឲ្យ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​ចំនួន ៥០​ម៉ែត្រ ទៅ​តាម​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ។

ត្រង់​ចំណុច​នេះ លោក សុខ សុខុម បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​ករណី​ចាក់​ដី​រំលោភ​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ព្រៃ​កោងកាង ឡើង​វិញ៖ «ត្រូវ​ពិនិត្យ​តាម​ដាន​ការ​កាយ​យក​អាចម៍​ដី​ចេញ​ពី​ឆ្នេរ​នេះ តើ​ស្ថាប័ន​កំពង់ផែ​នេះ​យក​ទៅ​ចាក់​នៅ​ទីកន្លែង​ណា? មិន​មែន​កាយ​ពី​ទីតាំង​នេះ​ចេញ ប៉ុន្តែ​យក​ទៅ​ចាក់​រំលោភ​យក​ទីតាំង​ផ្សេង ឬ​ដី​ព្រៃ​លិច​ទឹក​មាន​ដើម​កោងកាង​ជម្រក​មច្ឆា​សមុទ្រ​នោះ​ទេ។ យើង​សាទរ​ការ​ជីក​យក​អាចម៍​ដី​ចេញ​ពី​តំបន់​ឆ្នេរ ដែល​កំពង់ផែ​ស្វយ័ត​បាន​ចាក់​លុប​រំលោភ​យក​ឆ្នេរ​សមុទ្រ ប៉ុន្តែ​មិន​សាទរ​ទេ បើ​ជីក​យក​អាចម៍​ដី​នេះ​ទៅ​ចាក់​លុប​កន្លែង​ផ្សេង​បំផ្លាញ​ដើម​កោងកាង ឬ​ឆ្នេរ​ផ្សេង​ទៀត​នោះ»

ស្រដៀង​គ្នា​ដែរ លោក ប៊ួន ណារិទ្ធិ ប្រធាន​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​មាន​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​ចាក់​លុប​ព្រៃ​កោងកាង​ដោយ​អនាធិបតេយ្យ​នេះ​ដែរ លោក​ស្នើ​ឲ្យ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មន្ត្រី​ដឹក​នាំ​មន្ទីរ​បរិស្ថាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាដើម នា​ខេត្ត​ព្រះសីហនុ ក្នុង​អាណត្តិ​នេះ ល្មម​ដល់​ពេល​វេលា​រួម​សហការ​គ្នា​ថែរក្សា និង​អភិរក្ស​ឆ្នេរ​សមុទ្រ និង​ព្រៃ​កោងកាង​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​គង់វង្ស ប្រសើរ​ជាង​បន្ត​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​បំផ្លាញ​ឆ្នេរ​សមុទ្រ និង​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដូច​មន្ត្រី​ស្ថាប័ន​មួយ​ចំនួន​ធ្លាប់​ប្រព្រឹត្ត​ពី​ពេល​កន្លង​ទៅ៖ «ជា​គំរូ​ល្អ​មួយ​របស់​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន ដែល​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ ហើយ​បាន​ទទួល​កំហុស និង​បាន​កាយ​យក​អាចម៍​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​ឲ្យ​មក​សភាព​ដើម។ យើង​ស្នើ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត យក​គំរូ​របស់ លោក លូ គឹមឈុន ដែល​បាន​ទទួល​ស្គាល់​កំហុស​ខ្លួន​ពេល​នេះ»

ទាក់ទិន​សកម្មភាព​ទន្ទ្រាន​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​ព្រៃ​កោងកាង​ពី​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ នេះ​ដែរ ប្រធាន​ភូមិ​គគីរ និង​ប្រធាន​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​រដ្ឋ​នា​មូលដ្ឋាន​ខ្លួន​ដែរ ហើយ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ជាពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

មេ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ លោក អ៊ឹង សារ៉ុម ទទួល​ស្គាល់​ថា មូលដ្ឋាន​នេះ​ពិត​ជា​មាន​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ និង​ចាក់​លុប​បំផ្លាញ​ដើម​កោងកាង​ជា​ជម្រក​មច្ឆា​សមុទ្រ​ដោយ​អនាធិបតេយ្យ​ពិត​មែន​នា​ពេល​កន្លង​មក និង​បន្ត​មក​ដល់​ពេល​នេះ។ លោក​បន្ត​ថា បទល្មើស​នេះ​វា​ហួស​ពី​សមត្ថកិច្ច​អាជ្ញាធរ​ថ្នាក់​ភូមិ-ឃុំ ត្រូវ​ដោះស្រាយ ទើប​ទទូច​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ទប់ស្កាត់។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ចំពោះ​សកម្មភាព​ខុស​ឆ្គង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​របស់​មេការ​កំពង់ផែ​ស្វយ័ត​ឃុំ​បិតត្រាំង ឲ្យ​មក​សភាព​ដើម​វិញ ដោយ​មិន​ជំទាស់​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល​ទេ៖ «ខ្ញុំ​បាន​ជួប​ឯកឧត្តម លូ គឹមឈុន សួរ​នាំ​លើ​រឿង​ចាក់​ដី​ចូល​រំលោភ​ឆ្នេរ​សមុទ្រ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ហើយ​គាត់​ថា​ដី​ទីតាំង​នេះ​ជា​ដី​ស្ថាប័ន​កំពង់ផែ​ទេ គឺ​មិន​មែន​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​គាត់​ទេ។ ហើយ​គាត់​ក៏​មិន​បាន​ចេញ​បញ្ជា​ឲ្យ​អ្នក​បើកបរ​ឡាន​ដី ឬ​មេការ​របស់​គាត់ ចាក់​ដី​រំលោភ​ដល់​ឆ្នេរ​សមុទ្រ​នោះ​ដែរ ប៉ុន្តែ​ករណី​នេះ ឯកឧត្តម លូ គឹមឈុន និយាយ​ថា សូម​អាជ្ញាធរ​ខេត្ត​កុំ​ព្រួយ​បារម្ភ គាត់​នឹង​ជីក​កាយ​យក​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​ដែល​មាន​ការ​រំលោភ​នេះ​ឲ្យ​មក​សភាព​ដើម​វិញ»

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​អះអាង​ថា ប៉ុន្មាន​អាណត្តិ​កន្លង​ទៅ ខេត្ត​នេះ​ធ្លាប់​កើត​មាន​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ដើម​កោងកាង​ជម្រក​មច្ឆា​សមុទ្រ​ធ្វើ​កម្មសិទ្ធិ ផ្ដើម​ដោយ​មន្ត្រី​បម្រើ​ការងារ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ និង​ឈ្មួញ​មាន​ទ្រព្យ បាន​កើត​មាន​អនាធិបតេយ្យ ហើយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​អភិបាល​ខេត្ត​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មាន​សកម្មភាព​ទប់ស្កាត់​ការ​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​ព្រៃ​កោងកាង ពី​សំណាក់​បុគ្គល​ខ្លះ ឲ្យ​ផ្អាក​សកម្មភាព​បាន​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។