ក្រសួង​ព័ត៌មាន​ព្រម​ផ្ដល់​ម៉ោង​ផ្សាយ​កម្មវិធី​អំពី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

ក្រសួង​ព័ត៌មាន លើក​ឡើង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា ជា​ច្រើន​ប្រឈម​ការ​រើសអើង និង​ការ​រំលោភ​បំពាន ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ និង​សង្គម​សាធារណៈ។ ទន្ទឹម​គ្នា​នេះ ក្រសួង​យល់​ថា ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម និង​ការ​រើស​អើង​នានា មក​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្រសួង​សម្រេច​យល់​ព្រម​ផ្ដល់​ជូន​ម៉ោង​ផ្សាយ​កម្មវិធី​វិទ្យុ និង​ទូរទស្សន៍ ស្ដីពី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចាប់​ពី​ពេល​នេះ​ត​ទៅ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រំពឹង​ថា កម្មវិធី​វិទ្យុ​ស្ដីពី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នឹង​រួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​សិទ្ធិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា។ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

ថ្លែង​ក្នុង​កម្មវិធី​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជាតិ​ដែរ។ លោក​ថា តាម​ការ​ស្រាវជ្រាវ​កន្លង​មក អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​រស់​នៅ​ក្រោម​ការ​គំរាម​កំហែង​ពី​គ្រួសារ និង​សង្គម ដែល​បញ្ហា​ទាំង​នេះ​កើត​ចេញ​ពី​កង្វះ​ផ្សព្វផ្សាយ​ដល់​សាធារណជន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន យល់​ថា ការ​ផ្ដល់​ម៉ោង​ផ្សាយ ១​ម៉ោង​របស់​វិទ្យុ និង​ទូរទស្សន៍​ជាតិ ដល់​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ជុំវិញ​សិទ្ធិ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាក់ទង​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​បំណង​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន៖ «»។

របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ៦២,៧១% ដែល​ត្រូវ​បាន​ស្ទាបស្ទង់​មតិ ធ្លាប់​ត្រូវ​បាន​គេ​សម្លុត និង​គំរាមកំហែង ហើយ ៩៣,៥៩% នៃ​អ្នក​ធ្លាប់​គេ​សម្លុត អះអាង​ថា ត្រូវ​គេ​សម្លុត​ដោយសារតែ​ទំនោរ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ។

ករណី​នេះ​ដែរ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ជា​ស្ថាបនិក​អង្គការ​អនាគត​យុវជន​កម្ពុជា អាស៊ាន (Cam ASEAN) លោក ស្រ៊ុន ស្រ៊ន សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ព័ត៌មាន ដែល​ព្រម​ផ្ដល់​ម៉ោង​ផ្សាយ​កម្មវិធី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្រោះ​ថា កន្លង​មក​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​បញ្ហា ៤​សំខាន់ គឺ​ការ​មិន​ទទួល​ស្គាល់​ពី​គ្រួសារ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​មិន​ទាន់​មាន​ប្រព័ន្ធ​ផ្លូវ​ច្បាប់​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​បញ្ហា​ការ​អប់រំ។ លោក​ថា វិធានការ​របស់​ក្រសួង គឺ​រួម​ចំណែក​ការ​រំលោភ​សិទ្ធិមនុស្ស៖ «»។

ចំណែក​ឯ តំណាង​សកម្មជន​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កញ្ញា ឡុង ម៉ាឡែន យល់​ថា ការ​ផ្ដល់​ម៉ោង​ផ្សាយ​ទាំង​វិទ្យុ និង​ទូរទស្សន៍​ស្ដីពី​បញ្ហា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នឹង​រួមចំណែក​ជួយ​ផ្សះផ្សា​ផ្លូវ​ចិត្ត មិន​ត្រឹមតែ​ជួយ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​រួម​ចំណែក​ដោះស្រាយ​វិបត្តិ​សង្គម​ជាតិ​ជាដើម៖ «»។

​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​អះអាង​ថា កម្មវិធី​ផ្សាយ​ស្ដីពី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​តាម​រយៈ​វិទ្យុ និង​ទូរទស្សន៍​ជាតិ​នោះ នឹង​អាច​ចាប់​ផ្ដើម​ដំណើរ​ការ​កម្មវិធី​នេះ​យ៉ាង​យូរ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៦ ខាង​មុន។

​ក្រៅពី​ព្រម​ផ្ដល់​ម៉ោង​ផ្សាយ​ស្ដីពី​កម្មវិធី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កន្លង​មក​ក្រសួង​ព័ត៌មាន ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​ពិធីករ ពិធីការិនី និង​អ្នក​សិល្បៈ គួរ​ឈប់​និយាយ​សើច​ចំអក​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បី​ច្បាម​យក​ប្រជាប្រិយភាព មិន​បង្ហាញ​ពី​ការ​រើសអើង និង​គោរព​សិទ្ធិ​របស់​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។